ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ចងការ​ប្រាក់​២​ពាន់​ដុល្លារ​ទិញ​ដើម​អង្គាសីល អ្នកស្រី មុំ ប្រឈម​ខាត​ច្រើន​ដោយ​ផ្កា​រីក​មុន​ថ្ងៃ​សែន​ចិន​
23, Jan 2020 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកស្រី ស្រី មុំ បាន​ចងការ​ប្រាក់​ពី​ឯកជន​ចំនួន​២​ពាន់​ដុល្លា ដើម្បី​បោះទុន​ទិញ​ផ្កា​អង្គាសីល មក លក់​នៅ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម ចាប់ពី​ថ្ងៃទី​២៤-២៧ ខែមករា​នេះ​។ អាជីវករ ស្រី មុំ ដែល​លក់​ដើម​ផ្កា​អង្គាសីល​នៅ​វត្ត​ទឹកថ្លា បាន​អះអាងថា ដើម​ផ្កា​អង្គាសីល​ឆ្នាំនេះ​សម្បូរ​ផ្កា​ជាង​ឆ្នាំមុន ប៉ុន្តែ ដោយសារ​អាកាសធាតុ​ក្ដៅ និង​មិនមាន​ភ្លៀង​ធ្លាក់​ផង ទើប​ធ្វើ​ឲ្យ​ផ្កា​ឆាប់​រីក​។ នៅពេល​ផ្កា​រីក​លឿន​ពេក​ធ្វើ​ឲ្យ​តម្លៃ​ធ្លាក់ចុះ ដែល​ធ្វើ​អ្នក​ស្រីមុំ​ប្រឈម​នឹង​ខាត​ជាង​ចំណេញ​។​

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ThmeyThmey.Com ជាមួយ អ្នកស្រី ស្រី មុំ អ្នកលក់​ដើម​ផ្កា​អង្គាសីល​ដូចតទៅ​៖ 
 
 
«​ពិបាកចិត្ត​ខ្លាច​អត់លុយ​សង​គេ ដេក​អត់​លក់ ដេក​តែ​គិត មិនដឹង​ធ្វើ​យ៉ាងម៉េច ឲ្យ​លក់​ផ្កា​ឲ្យ​ចេញ ឲ្យ​បាន​ដើម​ខ្លះ ឬមួយ​បាន​ចំណេញ​ខ្លះ​»​។ នេះ​ជា​ក្តីបារម្ភ​របស់​អាជីវក​រ ស្រី មុំ ដែល​បាន​ខ្ចីប្រាក់​គេ​ទាំង​ស្រុក​ចំនួន​២​ពាន់​ដុល្លារ មករក​ស៊ី​លក់​ដើម​ផ្កា​អង្គាសីល​នា​រដូវចូលឆ្នាំ​ចិន​-​រៀ​ត​ណា​ម ឆ្នាំ​២០២០ នេះ​។​
 
​រាល់​ឆ្នាំ​អ្នកស្រី មុំ យក​ផ្កា​អង្គាសីល​ពី​ខេត្តពោធិ៍សាត់ តែ​ឆ្នាំនេះ​ដោយ​ចង់​សាកល្បង​កន្លែង​ថ្មី អ្នកស្រី​ក៏បាន​យក​ផ្កា​ពី​ភ្នំ​ឱ​រ៉ា​ល់​នៅ​ខេត្តកំពង់ស្ពឺ​មក​លក់​វិញ​។ អ្នកស្រី មុំ បាន​អះអាងថា ផ្កា​នៅ​ភ្នំ​ឱ​រ៉ា​ល​ល្អ​ជាង​នៅ​ផ្កា​នៅ​ខេត្តពោធិ៍សាត់ ព្រោះ​នៅ​ខាង​ឱ​រ៉ា​ល​ភ្នំ​ខ្ពស់ជាង និង​មាន​គ្រាប់​ផ្កា​ច្រើន​។ បើទោះជា​ផ្កា​ល្អ​យ៉ាងនេះ​ក្តី តែ​បញ្ហា​ប្រឈម​ដែល​នាំ​ឲ្យ​អ្នកស្រី​ខាតបង់​ប្រាក់​ច្រើន គឺ​បណ្តាលមកពី​អាកាសធាតុ​ក្ដៅ និង​មិនមាន​ភ្លៀង​ធ្លាក់​កក់ខែ​ដូច​ឆ្នាំមុន​។​
 
​អាជីវក​រវ័យ​៣៩​ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ដែលមាន​បទពិសោធ​លក់​ផ្កា​អង្គាសីល​១៣​ឆ្នាំ រូបនេះ បាន​ឲ្យ​ដឹងថា ដើម​ផ្កា​អង្គាសីល​របស់​អ្នកស្រី​អាច​លក់​ថ្លៃ​បំផុត​ត្រឹម​២០០​ដុល្លារ និង​តម្លៃ​ទាប​ត្រឹម​២០​ដុល្លារ​។ កាលពី​ឆ្នាំ​២០១៩ អ្នកស្រី មុំ បាន​ចំណាយ​ដើមទុន​អស់​១,៥០០​ដុល្លារ ដោយ​ចំណេញ​បាន​ប្រាក់​ត្រឹមតែ ២០០​ទៅ​ទៅ​៣០០​ដុល្លារ ប៉ុណ្ណោះ​៕

Tag:
 អង្គាសីល​
  ចូលឆ្នាំ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com