ជាតិ
«​ផ្កាស្បៃរឿង​» លក់ដាច់ មិន​ចាញ់​ដើម​ផ្កា​អង្គាសីល​ឡើយ​
23, Jan 2020 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ដូច​រាល់​ឆ្នាំ ពិធីបុណ្យចូល​ឆ្នាំ​ចិន​-​វៀតណាម កាន់តែ​ខិតជិត​មកដល់ សកម្មភាព​ទិញ​លក់​ដើម​ផ្កា​អង្គាសីល ផ្កាស្បៃរឿង និង​ដើម​ក្រូច​ភ្នំ​ជាដើម កាន់តែ​មមាញឹក​នៅតាម​ដងផ្លូវ​តូចធំ​នា​រាជធានី​ភ្នំពេញ​។ ក្រៅពី​ដើម​ផ្កា​អង្គាសីល​ដែល​គេ​ពេញនិយម​បំផុត យកទៅ​តាំង​លម្អ​នៅ​ថ្ងៃ​សែន​ដែល​ត្រូវ​នឹង​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២០ អាជីវករ ឌឿ​ន សោភា បាន​ប្រាប់​ថ្មីៗ​ថា ផ្កាស្បៃរឿង​ក៏​លក់ដាច់​មិន​ចាញ់​ដើម​ផ្កា​អង្គាសីល​ដែរ​។​

 
​មាន​ទីតាំង​នៅតាម​បណ្តោយ​មហាវិថី​ហាណូយ (​ផ្លូវ​ផ្សារ​ដី​ហុយ​) អាជីវករ ឌឿ​ន សោភា បាន​ឲ្យ​ដឹងថា ផ្កាស្បៃរឿង​របស់​អ្នកស្រី​មាន​អ្នកទិញ​ចាប់ពី​២​ថូ រហូតដល់​៥០​ថូ​។ ឯ​ដើម​ផ្កា​អង្គាសីល​វិញ ជាធម្មតា​គេ​ទិញ​១​ដើម ឬ​២​ដើម​។ ចំណែកឯ ដើម​ក្រូច​ភ្នំ​លក់ដាច់​ល្មម​ប៉ុណ្ណោះ​។ 

 
 
​មាន​វ័យ​៣៦​ឆ្នាំ អាជីវករ​លក់​ផ្កា​រូបនេះ បានឱ្យដឹង​ទៀតថា អ្នកស្រី​បាន​លក់​ផ្កា​ចំនួន​៥០០​ថូ​ហើយ ខណៈដែល​អ្នកស្រី​បាន​ទិញ​ផ្កាស្បៃរឿង​ពី​ឈ្មួញ​រហូតដល់​២​ពាន់​ថូ មក​លក់​ក្នុង​រដូវចូលឆ្នាំ​ចិន​-​វៀតណាម​នេះ​។ អ្នកស្រី​បាន​រៀបរាប់ថា ផ្កាស្បៃរឿង​មួយ​ថូ​មានតម្លៃ​៨​ពាន់​រៀល​។ ឯ​ដើម​ផ្កា​អង្គាសីល​ដែល​ត្រៀម​មក​លក់​៧០​ដើម អ្នកស្រី សោភា លក់បាន​ពាក់កណ្តាល​ហើយ​។ ផ្កា​អង្គាសីល របស់​អ្នកស្រី សោភា គឺមាន​តម្លៃ​៣៥០ ដុល្លារ​ចុះ​ក្នុង​មួយ​ដើម​។​
 
​អ្នកស្រី ឌឿ​ន សោភា និយាយ​ទាំង​ទឹកមុខ​រីករាយ​ថា ខ្លួន​សង្ឃឹមថានឹង​លក់​ផ្កាស្បៃរឿង ដើម​ផ្កា​អង្គាសីល និង​ក្រូច​ភ្នំ​អស់ និង​មាន​គម្រោង​លក់​ទៀត​នៅ​ឆ្នាំក្រោយ​។​
 
​សូមបញ្ជាក់ថា ដើម​ផ្កា​អង្គាសីល ផ្កាស្បៃរឿង និង​ក្រូច​ភ្នំ សុទ្ធតែ​ត្រូវបាន​គេ​បាន​យកទៅដាក់​តាំងនៅ​ផ្ទះ​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​។ ជនជាតិ​ចិន ឬ​អ្នក​ដែលមាន​សែស្រឡាយ​ចិន មានជំនឿថា ដើម​ផ្កា​ទាំងនេះ​សុទ្ធ​នាំ​លាភ​សំណាង​ដល់​គ្រួសារ​ពួកគេ​៕

Tag:
 ចូលឆ្នាំ​ចិន​
  ផ្កាស្បៃរឿង​
  ដើម​អង្គាសីល
© រក្សាសិទ្ធិដោយ thmeythmey.com