ជាតិ
ឈើគ្រញូងជិត៤០ហិកតា ក្នុងតំបន់អភិរក្សនាស្រុកបន្ទាយស្រី ត្រូវភ្លើងឆេះស្ទើរទាំងស្រុង
× សៀមរាប៖ ចម្ការឈើគ្រញូងអាយុ៨ឆ្នាំ ទំហំជិត៤០ហិកតា នៃស្ថានីយ៍ខ្នាររង្វាស ឃុំឃុនរាម ស្រុកបន្ទាយស្រី បានរងខូតខាតស្ទើរទាំងស្រុង ដោយសារភ្លើងឆេះ កាលពីយប់ថ្ងៃទី២១ មករា។ អាជ្ញាធរ សង្ស័យថា ភ្លើងឆេះនេះ បណ្តាលមកពីប្រជាពលរដ្ឋដែលមានដីចម្ការក្បែរនោះដុត ក្នុងបំណងពង្រីកផ្ទៃដីកសិកម្មរបស់ខ្លួន។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានប្រាប់សារព័ត៌មានថ្មីៗថា ហេតុការណ៍ឆេះព្រៃគ្រញូង កើតឡើងនៅម៉ោងប្រមាណ៧យប់ និងពន្លត់រលត់ នៅម៉ោងប្រមាណ១២យប់។ លោកពន្យល់ថា ដោយសារកម្លាំងភ្លើងសន្ធោរសន្ធៅពេក ស្របនឹងផ្លូវចូលចម្ការតូច ទើបធ្វើឱ្យការសង្គ្រោះយឺតយ៉ាវ។
តាមការបញ្ជាក់ពីលោក ម៉ុង ប៊ុនលីម ហេតុការណ៍ឆេះចម្ការដើមឈើ ក្នុងតំបន់អភិរក្សនេះ កើតឡើងស្ទើររាល់ឆ្នាំ ហើយទីតាំងដែលរងគ្រោះច្រើនជាងគេ គឺតំបន់ដែលមានព្រំក្បែរជាប់ដីប្រជាពលរដ្ឋ។ ចំណុចនេះ ធ្វើឱ្យរដ្ឋបាលព្រៃឈើសង្ស័យកាន់តែខ្លាំង ថាជាចេតនាបុគ្គលដែលចង់ពង្រីកផ្ទៃដីចម្ការពួកគេ។
លោក ម៉ុង ប៊ុនលីម ស្នើឱ្យប្រជាពលរដ្ឋទាំងអស់ បញ្ឈប់សកម្មភាពដូចជានានា បោះចោលកន្ទុយបារីផ្ដេសផ្ដាស ឬការដុតព្រៃយកឃ្មុំនិងចាប់សត្វជាដើម ដែលនាំឲ្យមានហានិភ័យដល់ធនធានធម្មជាតិ។ បន្ថែមពីនេះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ក៏ស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិសេសប្រជាពលរដ្ឋ ត្រូវសហការទប់ស្កាត់ និងហាមឃាត់ ពេលឃើញបទល្មើសជាក់ស្ដែង ឬផ្តល់ព័ត៌មានដល់អាជ្ញាធរ ឱ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ថា ស្ថានីយ៍ព្រៃឈើខ្នាររង្វាស មានផ្ទៃដីសរុប ៦៧៦ហិកតា ដែលមានភូមិសាស្ដ្រក្បែរតំបន់ចម្ការគ្រញូង និងឈើប្រណិតជាច្រើន ដែលរដ្ឋបាលព្រៃឈើ ក៏ដូចជាវិស័យឯកជនរួមគ្នាដាំចាប់ពីឆ្នាំ២០១១មក៕
© រក្សាសិទ្ធិដោយ thmeythmey.com