អន្តរជាតិ
លោក ត្រាំ បង្ហាញ​ទំនុកចិត្ត​លើ​លោក ស៊ី ជិន​ភីង ក្នុងការ​ដោះស្រាយ​ជំងឺ​រលាក​សួត​ថ្មី
23, Jan 2020 , 5:39 pm        
រូបភាព
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក អំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CNBC ពីវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ស្វីស កាលពីថ្ងៃ ២២ មករា ឆ្នាំ២០២០ (CNBC)
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក អំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CNBC ពីវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ស្វីស កាលពីថ្ងៃ ២២ មករា ឆ្នាំ២០២០ (CNBC)
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​កាលពី​ថ្ងៃ​២២ ខែមករា​ថា លោក​ជឿទុកចិត្ត​លើ​ព័ត៌មាន​ដែល​ចេញពី​ប្រទេស​ចិន​លើ​សំណុំរឿង​កូ​រ៉ូ​ណាវី​រុស ដែល​បានសម្លាប់​មនុស្ស ១៧ នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជិត ៦០០​នាក់​។ ទន្ទឹមនេះ លោក អះអាងថា អាមេរិក គ្រប់គ្រង​ស្ថានការណ៍​ជំងឺ​បាន​ទាំងស្រុង ទោះបី​បាន​រកឃើញ​ផ្ទុះ​មួយ​ករណី​កាលពី​ថ្មីៗ​នេះ​ក៏ដោយ​ក្តី​។

 
​អាជ្ញាធរ​អាមេរិក កាលពី​ថ្ងៃ​អង្គារ ២១ មករា បានបញ្ជាក់​ករណី​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី​ទី​១​ក្នុង​ទឹកដី​អាមេរិក​។ តាម​ការអះអាង​របស់​មន្ត្រី​សុខាភិបាល​អាមេរិក បុរស​ជនជាតិ​អាមេរិក​ម្នាក់​ក្នុង​វ័យ ៣០​ឆ្នាំ ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក​វីរុស​ពូជ​កូ​រ៉ូ​ណាវី​រុស បន្ទាប់ពី​ត្រលប់​ពី​ក្រុង​វូ​ហាន មក​ទឹកដី​អាមេរិក​វិញ​នៅ​ថ្ងៃទី​១៥ ខែមករា​។​
 
​ទាក់ទិន​នឹង​រឿងនេះ ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍​អាមេរិក CNBC អំឡុងពេល​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក ក្នុង​ទីក្រុង Davos ប្រទេស​ស្វី​ស លោក ដូ​ណា​ល់ ត្រាំ និយាយ​ដូច្នេះ​ថា​៖«​យើង​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​»​។ លោក​សង្កត់ធ្ងន់ថា​៖«​វា​គឺ​គ្រាន់តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ […] យើង​គ្រប់គ្រង​ស្ថានការណ៍​បាន​។ ដូច្នេះ វា​នឹង​គ្មានអ្វី​អាក្រក់​កើតឡើង​នោះឡើយ​»​។ 
 
​ទន្ទឹមនេះ លោក​ប្រធានាធិបតី បាន​អះអាង​ទៀតថា លោក​ជឿជាក់ថា ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង និង​មន្ត្រី​សុខាភិបាល​ចិន នឹង​បន្ត​ជូន​ព័ត៌មាន​អំពី​បញ្ហា​វីរុស​នេះ​ដល់​អាជ្ញាធរ​នៅ​ជុំវិញ​ពិភពលោក​។ ឆ្លើយ​នឹង​សំណួរ​ថា​តើ​លោក​លោក​ព្រួយបារម្ភ​ពី​តម្លាភាព​ក្នុងប្រទេស​ចិន ឬ​យ៉ាងណា​នោះ លោក ដូ​ណា​ល់ ត្រាំ និយាយថា ខ្ញុំ​ជឿទុកចិត្ត​លើ​លោក​ស៊ី ហើយ​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អជា​មួយ​លោក​ប្រធានាធិបតី​ស៊ី​។ 
 
​ត្រឹម​ថ្ងៃ​ពុធ ២២ មករា អាជ្ញាធរ​ចិន បានបញ្ជាក់​ករណី​វីរុស​បង្ក​ជំងឺ​ផ្លូវដង្ហើម​ថ្មី​នេះ​ចំនួន ៥៧១ ករណី និង​អ្នកស្លាប់ ១៧​នាក់​។ តាម​របាយការណ៍​កន្លងទៅ វា​មាន ៨​ករណី​ផ្សេងទៀត នៅ​ជុំវិញ​ពិភពលោក​។ ប្រទេស ថៃ មាន ៤ ករណី ខណៈ​សហរដ្ឋអាមេរិក តៃវ៉ាន់ កូរ៉េខាងត្បូង និង​ជប៉ុន មាន​១​ករណី​រៀងៗ​ខ្លួន​។​
 
​សូមបញ្ជាក់ថា ការផ្ទុះ​រាលដាល់​នៃ​វីរុស​រលាក​សួត​ប្រភេទ​ថ្មី (​អម្បូរ​កូ​រ៉ូ​ណាវី​រុស​) បានចាប់ផ្តើម​ក្នុង​ទីក្រុង វូ​ហាន ដែលជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ដ៏​សំខាន់​មួយ ក៏ដូចជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ដ៏​ចម្បង​ផងដែរ ហើយ​បច្ចុប្បន្ន វា​ក៏បាន​ឆ្លង​ទៅកាន់​ទីក្រុង​ធំៗ​របស់​ចិន​ផ្សេងទៀត​ដូចជា ប៉េកាំង សៀង​ហៃ និង​ហុងកុង​។​
 
​អាជ្ញាធរ​ចិន កំពុង​ស៊ើបអង្កេត​ឫសគល់​វីរុស​នេះ ទោះបី​ពួកគេ​បាន​បញ្ជាក់ថា ការផ្ទុះ​ឡើង​បាន​ផ្តើមចេញពី​ផ្សារ​មួយកន្លែង​ក្នុង​ក្រុង​វូ​ហាន ដោយមាន​ដោះដូរ​សត្វព្រៃ ហើយ​វា​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​តាមរយៈ​ដំណក​ដង្ហើម​។ ប្រជាជន​ចិន​ជាច្រើន បានសម្រេច​លុបចោល​ដំណើរ​កម្សាន្ត​ពួកគេ ទិញ​ម៉ាស់​បិទមុខ និង​លែងចេញ​ដើរហើរ​ទៅ​ទីសាធារណៈ​មួយចំនួន ដូចជា កន្លែង​មើល​កុន និង​ផ្សារ​ទំនើប ជាដើម​៕
 

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  ដូ​ណា​ល់​ត្រាំ​
  ស៊ី​ជិន​ភីង​
  ជំងឺ​រលាក​សួត​ថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com