អន្តរជាតិ
តុលាការយុត្តិធម៌អន្តរជាតិ បញ្ជាឲ្យមីយ៉ាន់ម៉ាបញ្ឈប់អំពើប្រល័យពូជសាសន៍លើរ៉ូហ៊ីងយ៉ា
× តុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃទី២៣ ខែមករា បានបញ្ជាឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សាទាំងអស់ និងបញ្ចៀសការប្រល័យពូជសាសន៍លើជនភាគតិចរ៉ូហ៊ីងយ៉ា។ រដ្ឋអាហ្វ្រិកហ្កំប៊ី ដែលតំណាងឲ្យប្រទេសកាន់សាសនាឥស្លាម៥៧ប្រទេសទៀត ជាអ្នកប្ដឹងមីយ៉ាន់ម៉ាទៅកាន់តុលាការអន្តរជាតិមួយនេះ បន្ទាប់ពីមានការរំលោភបំពានធ្ងន់ធ្ងរលើជនភាគតិចរ៉ូហ៊ីងយ៉ានៅរដ្ឋ Rakhine រហូតមានការភៀសខ្លួនទៅបង់ក្លាសដែស។
ក្នុងការសម្រេចចិត្តរបស់ខ្លួន តុលាការយុត្តិធម៌អន្តរជាតិ បានទាត់ចោលជាឯកច្ឆន្ទអំណះអំណាងរបស់មីយ៉ាន់ម៉ាពាក់ព័ន្ធករណីជនជាតិរ៉ូហ៊ីងយ៉ា និងបានកំណត់ជំហានសំខាន់ៗដើម្បីការពារជនភាគតិចមួយក្រុមនេះ ដែលរងការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងសំណាក់យោធាមីយ៉ាន់ម៉ា។ ក្រុមយោធា ក៏រងការចោទប្រកាន់ថា មានបំណងប្រល័យពូជសាសន៍ជនជាតរ៉ូហ៊ីងយ៉ាអំឡុងប្រតិបត្តិការរបស់ខ្លួនដែលចាប់ផ្ដើមកាលពីសីហា ឆ្នាំ២០១៨ ។
ប្រធានអង្គជំនុំជម្រះ លោក Abdulqawi Ahmed Yusuf និយាយថា វាជាគំនិតរបស់តុលាការដែលរ៉ូហ៊ីងយ៉ា នៅតែរងគ្រោះខ្លាំងបំផុត។ ក្នុងន័យនេះ តុលាការមានមូលដ្ឋាននៅទីក្រុងឡេអេ ទឹកដីហូឡង់ បានបញ្ជាឲ្យរដ្ឋាភិបាលទីក្រុងណៃពិដោចាត់វិធានការទៅតាមអំណាចរបស់ខ្លួនដើម្បីទប់ស្កាត់អំពើដែលមានចែងក្នុងអនុសញ្ញស្ដីពីឧក្រិដ្ឋកម្មឆ្នាំ១៩៥៤ ។ ពោល គឺមីយ៉ាន់ម៉ា ត្រូវបញ្ចៀសការសម្លាប់សមាជិកក្រុមជនជាតិណាមួយ ឬក៏ការបំពានរូបរាងកាយ។
តុលាការអន្តរជាតិ ក៏បញ្ជាឲ្យមីយ៉ាន់ម៉ារាយការណ៍នៅបួនខែបន្ទាប់ និងបន្តរាយការណ៍ទៀតនៅរៀងរាល់៦ខែម្ដង។ មីយ៉ាន់ម៉ា ក៏ត្រូវបានបញ្ជាឲ្យការពារភស្តុតាងទាំងអស់ដែលទាក់ទងបទឧក្រិដ្ឋលើជនជាតិរ៉ូហ៊ីងយ៉ាផងដែរ។
ប្រទេសតំបន់អាហ្វ្រិកហ្កំប៊ី តំណាងឲ្យរដ្ឋសមាជិកអង្គការកិច្ចសហប្រតិបត្តិការឥស្លាម (OIC) បានប្ដឹងមីយ៉ាន់ម៉ាទៅកាន់តុលាការអន្តរជាតិ និងស្នើឲ្យតុលាការចេញសេចក្ដីសម្រេចបន្ទាន់មួយដើម្បីការពាររ៉ូហ៊ីងយ៉ា។ ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី បានចេញមុខទៅតតាំងក្ដីដោយផ្ទាល់ដល់ទឹកដីហូឡង់។ អ្នកស្រី ស៊ូជី ក៏រងការរិះគន់ដោយសាររឿងនេះ ព្រោះប្រៀបដូចជាចេញមុខការពារយោធាដែលជាអ្នកប្រព្រឹត្ត ខណៈកំពុងរងប្រតិកម្មព្រោះមិនជួយជនភាគតិចមួយនេះផងនោះ។
ក្រោយការប្រកាសរបស់តុលាការ ទីក្រុងណៃពិដោ ក៏ចេញមុខប្រកាសជាថ្មីថា គ្មានឧក្រិដ្ឋកម្មនៅ Rakhine ឡើយ តែប្រកាសកត់សម្គាល់ពីការសម្រេចចិត្តនេះ។ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសមីយ៉ាន់ម៉ា បានចាត់ទុកការរិះគន់របស់តួអង្គបរទេសខ្លះ ជាការបំភ្លៃស្ថានភាពពិត។ ឯដើមបណ្ដឹងវិញ ចាត់ទុកការសម្រេចចិត្តនេះ ជាជោគជ័យរបស់តុលាការអន្តរជាតិ៕
Tag:
មីយ៉ាន់ម៉ា
ICJ
រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com