អន្តរជាតិ
ចិន​ទម្លាក់​លុយ ១៤៥ លាន​ដុល្លារ​ប្រយុទ្ធ​នឹង​ជំងឺ​រលាក​សួត​នៅ​វូ​ហាន
24, Jan 2020 , 7:19 pm        
រូបភាព
ប្រភពរូប៖ afp
ប្រភពរូប៖ afp
ដោយ:
​ក្រសួង​ហិរញ្ញវត្ថុ​ចិន នៅ​ថ្ងៃ​សុក្រ ទី​២៤ ខែមករា បានផ្តល់​លុយ​១​ពាន់​លាន​យ័ន ឬ​ស្មើនឹង ១៤៥ លាន​ដុល្លារ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រលាក​សួត ក្រុង វូ​ហាន ។ ការផ្តល់ជូន​នេះ ធ្វើឡើង​ខណៈ​ជំងឺ​នេះ បានសម្លាប់​មនុស្ស ២៦​នាក់ និង​ឆ្លង​ជាង​៨០០​ករណី​។​

 
​លុយ​មួយកញ្ចប់​នេះ នឹង​ផ្តល់​ទៅ​ជួយ​គាំទ្រ​ដល់​យុទ្ធនាការ​របស់​ខេត្ត Hubei ដែល​ក្រុង វូ​ហាន​របស់ខ្លួន ជា​សម្បុក​នៃ​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។ នេះ​ជា​ចំណាត់ការ​ចុងក្រោយបង្អស់​របស់​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង​ក្នុងការ​គ្រប់​គ្រង់​ការ​ផ្ទុះឡើង​នៃ​វីរុស​ឆ្លង​មួយ​ប្រភេទ​ថ្មី​នេះ ដែល​ស្រដៀង​នឹង​វីរុស SARS ។​
 
​អាជ្ញាធរ​សុខាភិបាល​ចិន បានប្រកាសថា ករណី​ជំងឺឆ្លង​ចំនួន ៨៣០ ករណី ត្រូវបាន​បញ្ជាក់ថា​បង្ក​រ​ឡើង​ដោយ​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស (២០១៩-nCoV) ក្នុងប្រទេស​ចិន គិត​ត្រឹម​យប់​ថ្ងៃ​ព្រហស្បតិ៍ ២៣ មករា​។ ជា​លទ្ធផល ជំងឺ​រលាក​សួត វូ​ហាន នេះ បានសម្លាប់​មនុស្ស ២៦ នាក់ ហើយ​សុទ្ធសឹងតែ​ក្នុង​ខេត្ត Hubei នៃ​ប្រទេស​ចិន ហើយ​ប្រជាជន​ចិន បាន​ឆ្លង​មេរោគ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​នេះ​រហូតដល់ ៨៣០​ករណី​។ 
 
​ក្រៅពី​ប្រទេស​ចិន មេរោគ​កូ​រ៉ូ​ណាវី​រុស​ថ្មី​នេះ ក៏ត្រូវ​បាន​រកឃើញ​នៅ​កន្លែង​ផ្សេងៗ​ផងដែរ ដូចជា អាមេរិក​១​ករណី ថៃ​៤​ករណី វៀតណាម ២​ករណី សិង្ហ​បុរី ១​ករណី តៃវ៉ាន់ ១​ករណី ម៉ា​កាវ ២​ករណី ហុងកុង ២​ករណី ជប៉ុន ២​ករណី និង​កូរ៉េខាងត្បូង ២​ករណី​។​
 
​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានការ​រីកសាយ​ភាយ​ជំងឺ​កាន់តែខ្លាំង​ឡើង រដ្ឋាភិបាល​ចិន បាន​ផ្អាក​ជើងហោះហើរ​បណ្តោះអាសន្ន​សិន នៅក្នុង​ទីក្រុង​វូ​ហាន នា​ថ្ងៃទី​២៣ ខែមករា នៅ​ម៉ោង​១០​ព្រឹក​។ ចំណែក​ប្រព័ន្ធ​ដឹកជញ្ជូន​ផ្សេងទៀត ក៏ត្រូវ​ផ្អាក​ដែរ រហូតដល់​មានការ​ជូនដំណឹង​ថ្មី ទើប​បើក​ដំណើរការ​វិញ​។ ដោយឡែក​ប្រជាជន នៅក្នុង​ក្រុង​វូ​ហាន កំពុង​អំពាវនាវ​រក​ជំនួយ អាហារ ម៉ាស់​ជាដើម​។ ទីក្រុង​ក្បែរៗ​វូ​ហាន បាន​បិទ​ការធ្វើដំណើរ​ផងដែរ​។​
 
​សូមបញ្ជាក់ថា អ្នក​ដែល​ឆ្លង​វីរុស​អាចមាន​រោគសញ្ញា  ក្តៅខ្លួន ក្អក ហៀរ​សំបោរ ឈឺ​ក ដង្ហើម​ខ្លីៗ ហើយ​បើ​ធ្ងន់ធ្ងរ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវដង្ហើម និង​បាត់​បង់ជីវិត​ទៀតផង ។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ អង្គការ​សុខភាព​ពិភពលោក បាន​បើក​កិច្ចប្រជុំ​មួយនា​ទីក្រុង ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស​។ ដោយ​មើលឃើញថា ជំងឺ​នេះ​គឺមាន​លក្ខណៈ​ធ្ងន់ធ្ងរ​តែ​នៅ​ចិន និង​ការ​សាយភាយ​មាន​ចំនួន​តិច​ទៅ​ប្រទេស​មួយចំនួន អង្គការ​សុខភាព​ពិភពលោក បានប្រកាស​អាសន្ន​មេរោគ​កូ​រ៉ូ​ណា​វីរុស​ថ្មី​នេះ ត្រឹមតែ​ជា​បញ្ហា​បារម្ភ​នៅក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ​៕

Tag:
 ចិន​
  ក្រសួង​ហិរញ្ញវត្ថុ​
  ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស​
  ជំងឺ​រលាក​សួត​
  វូ​ហាន
© រក្សាសិទ្ធិដោយ thmeythmey.com