ជាតិ
សង្គមជាតិ
ក្បួនខ្នាត​អុជ​ធូប​របស់​ជនជាតិ​ចិន នៅក្នុង​ពិធី​សែន​ចូលឆ្នាំ​ចិន
24, Jan 2020 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការអុជ​ធូប​នៅពេល​សែន​របស់​ជនជាតិ​ចិន ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ត្រូវធ្វើឡើង​តាម​ក្បួនខ្នាត និង​ទៅតាម​បុគ្គល​ដែល​គេ​ចង់​ឧទ្ទិស​។ បើតាម​លោក លឹម ក​ញ្ច​រ៉ុង គ្រូ​ភាសា​ចិន នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន ជនជាតិ​ចិន​អុជ​ធូប​ចំនួន​៨​សរសៃ សម្រាប់​សែន​ជំនាងផ្ទះ​។ គេ​អុជ​ធូប​៥​សរសៃ នៅ​កន្លែង​ព្រះសម្មាសម្ពុទ្ធ ៣​សរសៃ​សម្រាប់​សែន​ជំនាង​ចង្ក្រាន និង​គេ​អុជ​ធូប​១​សរសៃៗ នៅ​សងខាង​ផ្ទះ ដើម្បី​ឧទ្ទិស​ដល់​អ្នកតា លោកយាយ និង​ទេវតា​ដែល​ថែរក្សា​នៅក្នុង​ផ្ទះ​។ លោក លឹម ក​ញ្ច​រ៉ុង ពន្យល់​ទៀតថា ការអុជ​ធូប​នេះ ក៏ត្រូវ​អុជ​ពី​អ្នក​ដែលមាន​ឋានៈ​ខ្ពស់ ទៅ​ទាប ហើយ​ត្រូវ​អុជ​ពីឆ្វេង មក​ស្តាំ​ផងដែរ​។

 
​សូម​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា សៅ សុខ​អេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក  លឹម ក​ញ្ច​រ៉ុង គ្រូបង្រៀន​ភាសា​ចិន​នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​(CAM-ASEAN)​ដូចតទៅ​៖ 
 
 
​លោក លឹម ក​ញ្ច​រ៉ុង គ្រូបង្រៀន​ភាសា​ចិន​នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន បាន​លើកឡើងថា ការអុជ​ធូប គឺ​ធ្វើ​ឲ្យ​ទីកន្លែង​សែន​មាន​ក្លិនក្រអូប មាន​រាសី​ឡើង មានសំណាង លាភ និង​ទ្រព្យសម្បត្តិ​ចូល​ហូរហៀរ​។ លោក​បញ្ជាក់ថា ការអុជ​ធូប ត្រូវតែ​អុជ​ពី​អ្នក​ដែលមាន​ឋានៈ​ខ្ពស់ ទៅ​ទាប ហើយ​ត្រូវ​អុជ​ពីឆ្វេង មក​ស្តាំ ហើយ​ហៅ​ឈ្មោះ​បុគ្គល​នោះ​ផងដែរ​។ 
 
​លោក លឹម ក​ញ្ច​រ៉ុង បានបញ្ជាក់​ដូច្នេះ​ថា​៖«​បើ​មាន​ប៉ុន្មាន​នាក់ ត្រូវតែ​អុជ​ទៅតាម​ចំនួន​មនុស្ស​ហ្នឹង​ដូចគ្នា​។ បើ​ជើងធូប​មួយ​ហ្នឹង​សែន​ចំពោះ​ឪពុក យាយ ម្តាយ ម្តាយ​ក្មេង យើង​អុជ​ជូន​គាត់​ម្នាក់​តែមួយ​សរសៃ​បាន​ហើយ​។ យើង​អាច​អុជ​សរុប​ជើងធូប​ទាំងអស់ យើង​អុជ​តែ​៥​សរសៃ​បាន​ហើយ សម្រាប់​អុជ​ជា​រៀងរាល់​ថ្ងៃសីល ឬក៏​ថ្ងៃ​ដែល​យើង​សែន​ទូទៅ សម្រាប់​តំណាង​ឲ្យ​ដូនតា និង​កូនចៅ​យើង​ទាំងអស់​»​។  
 
​បើតាម​លោក លឹម ក​ញ្ច​រ៉ុង  ជនជាតិ​ចិន​អុជ​ធូប​ចំនួន​៨​សរសៃ សម្រាប់​សែន​ជំនាងផ្ទះ​។ គេ​អុជ​ធូប​៥​សរសៃ នៅ​កន្លែង​ព្រះសម្មាសម្ពុទ្ធ ៣​សរសៃ​សម្រាប់​សែន​ជំនាង​ចង្ក្រាន និង​គេ​អុជ​ធូប​១​សរសៃៗ​នៅ​សងខាង​ផ្ទះ ដើម្បី​ឧទ្ទិស​ដល់​អ្នកតា និង​ទេវតា​ដែល​ថែរក្សា​នៅក្នុង​ផ្ទះ​។ លោក លឹម កញ្ជ​រ៉ុង ពន្យល់​លម្អិត​ដូច្នេះ​៖«​ដើម្បី​សែន​ឲ្យ​ត្រូវ​នឹង​ជំនាងផ្ទះ គេ​ត្រូវតែ​អុជ​ធូប​ចំនួន​៨​សរសៃ សម្រាប់​តំណាង​ឲ្យ​ទិស​ទាំង​៨​។ កាលណា​គេ​សែន​ឲ្យ​គ្រប់​ទិស​ទាំង​៨​នេះ ទៅ​ទីណា​ក៏​ទទួលបាន​សុខសាន្ត​។ សម្រាប់​អ្នក​ដែល​រកស៊ី នឹង​ទទួលបាន​អតិថិជន​កាន់តែច្រើន​។ ចំពោះ​ការ​សែន​ជំនាង​ចង្ក្រាន​វិញ គឺ​អុជ​តែ​៣​សរសៃ កន្លែង​ព្រះសម្មាសម្ពុទ្ធ អុជ​តែ​៥​សរសៃ ដែល​តំណាង​ឲ្យ​ភាព​ថ្គុំ​ថ្កើង និង​រុងរឿង​។ សម្រាប់​សែន​នៅ​ព្រះ​ភូមិ គេ​អុជ​ចំនួន​៣​សរសៃ​។ ចំណែក​នៅ​សងខាង​ផ្ទះ គេ​អុជ​ចំនួន​១​សរសៃៗ​។ កាលណា​គេ​អុជ គេ​ត្រូវ​ឧទ្ទិស​ដល់​អ្នកតា លោកយាយ និង​ទេវតា​ដែល​បាន​ថែរក្សា​នៅក្នុង​ផ្ទះ​យើង  ដោយ​យើង​ត្រូវ​ហៅ​លេខ​ផ្ទះ និង​លេខ​ផ្លូវ  ដើម្បី​តាម​ថែរក្សា​ផ្ទះ​យើង​»៕ 

Tag:
 ធូប​
 ​ចូលឆ្នាំ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com