ជាតិ
ជ្រូក​ខ្វៃ​មួយ តម្លៃ​ពី​៣០​ម៉ឺន​រៀល ទៅ​៨០​ម៉ឺន​រៀល​
24, Jan 2020 , 9:19 pm        
រូបភាព
អ្នកស្រី ដានាត កំពុងលក់ជ្រូកខ្វៃ
អ្នកស្រី ដានាត កំពុងលក់ជ្រូកខ្វៃ
​ភ្នំពេញ​៖ នៅ​អំឡុង​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​នេះ ជ្រូក​ខ្វៃ​ដែលជា​សំណែន​ចាំបាច់ ក្នុង​ប្រពៃណី​ចិន​នោះ មានតម្លៃ​ចាប់ពី ៣០​ម៉ឺន​រៀល រហូតដល់ ៨០​ម៉ឺន​រៀល​។ នេះ​បើតាម​អាជីវករ​លក់​ជ្រូក​ខ្វៃ​នៅ​ផ្សារ​អូរឫស្សី​។


 
​អ្នកស្រី អ៊ី​ច ឈឿន លក់​ជ្រូក​ខ្វៃ​នៅ​ផ្សារ​អូ​ឫស្សី ប្រមាណ​៤​ឆ្នាំ​ហើយ​។ នៅ​អំឡុង​ចូលឆ្នាំ​ចិន​-​វៀតណាម​នេះ អ្នកស្រី  ឈឿន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គាត់​បាន​ខ្វៃ​ជ្រូក​តូចៗ​ល្មម​ជាង​២០០​ក្បាល​សម្រាប់​លក់​។ ជ្រូក​ខ្វែ​មួយ​ក្បាល អាជីវករ​រូបនេះ អាច​លក់បាន​តម្លៃ​ពី ៣០​ម៉ឺន​រៀល ទៅ​៦០​ម៉ឺន​រៀល​។ អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា​៖«​ព្រឹក​នេះ​(​ថ្ងៃទី​២៣ មករា​) លក់បាន​ជិត​៥០​ក្បាល​។ តែ​ចំ​ថ្ងៃ​សែន ទើប​លក់ដាច់​ច្រើន ព្រោះ​គ្រប់គ្នា​សែន​ថ្ងៃ​ហ្នឹង​»​។ 
 
​បើតាម អ្នកស្រី អ៊ី​ច ឈឿន អំឡុង​ចូលឆ្នាំ​ចិន​ឆ្នាំមុន​អ្នកស្រី​លក់​ជ្រូក​ខ្វៃ អស់​ជាង​២០០​ក្បាល ហើយ​ឆ្នាំនេះ ក៏​ទំនង​បាន​លក់ដាច់​ប្រហែល​គ្នា​ដែរ​។​
 
​អ្នកលក់​ជ្រូក​ខ្វៃ​ម្នាក់ទៀត​ដែលមាន​តូប​លក់​ជាប់​គ្នា​នេះ គឺ​អ្នកស្រី តូច ដា​នាត​។ អាជីវករ​រូបនេះ ប្រាប់ថា គាត់​បាន​ខ្វៃ​ជ្រូក​ជាង​៥០០​ក្បាល សម្រាប់​លក់​នៅ​ថ្ងៃទី​២៣ និង​២៤ មករា​នេះ​។ ស្ត្រី​រូបនេះ ខ្វៃ​ជ្រូក​ដែលមាន​រូបរាង​ធំ​បន្តិច ហើយក៏​អាច​លក់បាន​ថ្លៃ​ដែរ​។ ជ្រូក​ខ្វៃ​របស់គាត់ មានតម្លៃ​ពី​៤០​ម៉ឺន​រៀល ដល់​៨០​ម៉ឺន​រៀល​។ «​ឆ្នាំមុន ខ្ញុំ​ខ្វៃ​និង​លក់​ជ្រូក​បាន​ជាង​៧០០​ក្បាល ប៉ុន្តែ​ឆ្នាំនេះ ដូច​លក់​មិនសូវ​ដាច់​ព្រោះ​ជ្រូក​រាង​ធំៗ​។ វា​តម្លៃ​ថ្លៃ​»​។​
 
​ស្ត្រី​ដែលមាន​តូប​លក់​ជ្រូក​ខ្វៃ ដល់​ទៅ​៣ ទីតាំង នៅ​ជុំវិញ​ផ្សារ​អូរឫស្សី​រូបនេះ ថា​មួយ​ព្រឹកៗ នៅ​ទីតាំង​នីមួយៗ​លក់​ជ្រូក​បាន​ប្រមាណ ៤០ ក្បាល​៕
 

អ្នកស្រី ឈឿន កំពុងលក់ជ្រូកខ្វៃ។



​អ្នកស្រី តូច ដា​នាត


Tag:
 ចូលឆ្នាំ​ចិន​
  ជ្រូក​ខ្វៃ
© រក្សាសិទ្ធិដោយ thmeythmey.com