អន្តរជាតិ
លោក ឌូ​ទើ​តេ មិន​ទៅ​អាមេរិក​តាម​ការអញ្ជើញ​លោក ត្រាំ
24, Jan 2020 , 9:39 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ថ្លែងក្នុងកម្មវិធីមួយនាពេលកន្លងមក។ រូបភាព Manila Bulletin
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ថ្លែងក្នុងកម្មវិធីមួយនាពេលកន្លងមក។ រូបភាព Manila Bulletin
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នឹងមិន​ចូលរួម​ជំនួប​ពិសេស​អាស៊ាន​-​អាមេរិក​នៅ​ទីក្រុង​ឡាស​វេ​ហ្កា​ស តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​លោក​នៅ​ថ្ងៃទី​២៤ ខែមករា​។ លោក ឌូ​ទើ​តេ ដែល​មិន​ពេញចិត្ត​អាមេរិក​ស្រាប់​ផង​នោះ បាន​ក្ដៅស្លឹកត្រចៀក​ខ្លាំង​បន្ទាប់ពី​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​លុបចោល​ទិដ្ឋាការ​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​ម្នាក់​។ លោក ឌូ​ទើ​តេ ក៏​បញ្ជា​ឲ្យ​លុបចោល​សន្ធិសញ្ញា​យោធា​ទ្វេភាគី​ផងដែរ​។​

 
​ចំណាត់ការ​របស់​អាមេរិក​ដែល​លុបចោល​ទិដ្ឋាការ​របស់លោក រ៉ូ​ណា​ល់ ដឺ​ឡា រ៉ូ​សា សមាជិក​ព្រឹទ្ធសភា​ស្និទ្ធ​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ធ្វើ​ឲ្យ​លោក ឌូ​ទើ​តេ សម្រេចចិត្ត​មិន​ទៅ​អាមេរិក​តាម​ការអញ្ជើញ​របស់លោក ដូ​ណា​ល់ ត្រាំ ។ លោក សាល់​វ៉ា​ឌ័​រ ប៉ា​ណេ​ឡូ (Salvador Panelo) អ្នកនាំពាក្យ​លោក ឌូ​ទើ​តេ ប្រាប់​អ្នកសារព័ត៌មាន​បែបនេះ​នៅ​ថ្ងៃទី​២៤ ខែមករា​។ មុននេះ វិមាន​ប្រធានាធិបតី Malacanang លើ​ឡើង​ថា លោក ឌូ​ទើ​តេ កំពុង​ពិចារណា​សំណើ​របស់​មេដឹកនាំ​អាមេរិក​។​
 
​លោក ត្រាំ បាន​អញ្ជើញលោក ឌូ​ទើ​តេ និង​មេដឹកនាំ​សមាជិក​អាស៊ាន​៩​ទៀត ឲ្យ​ចូលរួម​ជំនួប​ពិសេស​អាស៊ាន​-​អាមេរិក ដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង​ឡាស​វេ​ហ្កា​ស រដ្ឋ​ណេ​វ៉ា​ដា អំឡុង​ខែមីនា​ខាងមុខ​។ មកទល់ពេលនេះ មិនទាន់​មេដឹកនាំ​អាស៊ាន​ប្រកាស​ផ្លូវ​ពី​ដំណើរ​ទៅ​អាមេរិក​ឡើយ​។​
 
​យ៉ាងណាមិញ ជំនួប​នៅ​អាមេរិក ទំនង​គ្មាន​មុខ​លោក ឌូ​ទើ​តេ ឡើយ​។ លោក ប៉ា​ណេ​ឡូ និយាយថា មាន​មូលហេតុ​ច្រើន​ដែល​លោក ឌូ​ទើ​តេ មិន​ទៅ​អាមេរិក ហើយ​ការលុបចោល​ទិដ្ឋាការ​របស់លោក រ៉ូ​សា ជា​រឿង​មួយ​ដែរ​។ មិន​ត្រឹម​អត់​ទៅ​អាមេរិក​ឡើយ លោក ឌូ​ទើ​តេ ក៏​បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ផ្ដើម​នីតិវិធី​លុបចោល​កិច្ចព្រមព្រៀង​ទស្សនកិច្ច​កងទ័ព​បរទេស​ជាមួយ​អាមេរិក​ទៀតផង​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកនាំពាក្យ​ដដែល​។​
 
​ការសម្រេចចិត្ត​របស់​លោក ឌូ​ទើ​តេ ដែល​លុបចោល​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​លោក ប៉ា​ណេ​ឡូ បញ្ជាក់ថា ក៏​ព្រោះ​អាមេរិក​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ហ្វីលីពីន ពិសេស​ការទាមទារ​ដោះ​លែង​សមាជិក​ព្រឹទ្ធសភា​បក្សប្រឆាំង​ម្នាក់​ដែល​កំពុង​ជាប់ឃុំ​។ រឿង​ឃុំឃាំង​អ្នកប្រឆាំង​នេះហើយ ក៏​រាលដាល​ដល់​ការហាម​ប្រាម​មន្ត្រី​ហ្វីលីពីន​ពី​ការចូល​ទឹកដី​អាមេរិក​។ ឯ​រឿង​លោក រ៉ូ​សា វិញ ដែលជា​អតីត​អគ្គស្នងការ​ប៉ូលិស​ហ្វីលីពីន ទាក់ទង​ការបំពាន​សិទ្ធិមនុស្ស​។​
 
​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន ថេត​ឌី ឡុ​ក​ស៊ីន នៅ​ថ្ងៃទី​២៤ ខែមករា ក៏បាន​តាម Twitter ថា ដំណើរការ​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក ចាប់ផ្ដើម​ដំណាក់​ទីមួយ​ហើយ ដោយបាន​ជូនដំណឹង​ទៅកាន់​គណៈកម្មាធិការ​ព្រឹទ្ធសភា​ពី​រឿងនេះ​។ នេះ​ក៏​ព្រោះ ព្រឹទ្ធសភា​ជា​អ្នកផ្ដល់​សច្ចាប័ន ដូចនេះ​កិច្ចព្រមព្រៀង​នេះ ក៏ត្រូវ​ឲ្យ​ព្រឹទ្ធសភា​មោឃភាព​វិញ​ដែរ​៕  

Tag:
 ​ហ្វីលីពីន​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com