ជាតិ
លោក កឹម សុខា យក​ការ​សមាធិ និង​ហាត់ប្រាណ ដោះស្រាយ​បញ្ហា​ស្មុគស្មាញ និង​សុខភាព​
24, Jan 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ លោក កឹម សុខា តែងតែ​ប្រើពេល​២​ម៉ោង​ក្នុង​ថ្ងៃ ដើម្បី​ហាត់ប្រាណ និង​ធ្វើ​សមាធិ ដោះស្រាយ​បញ្ហា​សុខភាព និង​ផ្លូវចិត្ត​។ លោក​ថ្លែង​បែបនេះ ប្រាប់​អ្នកកាសែត ដែល​បាន​ជជែក​លេង​និង​សួរសុខទុក្ខ​លោក នៅក្នុង​បន្ទប់​សវនាការ​ដេញ​ដោយ​លើ​ភស្តុតាង កាលពី​ថ្ងៃទី​២២ មករា​។​


 
​លោក កឹម សុខា នៅមាន​បញ្ហា​ឈឺ​ស្មា (​ជាប់​ស​សៃ​កៀប​) និង​មានការ​លើស​ជាតិ​ស្ករ​ជាដើម​។ ប៉ុន្តែ​លោក អះអាងថា ខ្លួន​តែងតែ​ព្យាយាម​ហាត់ប្រាណ ដោយ​ប្រើពេល​២​ម៉ោង​ក្នុង​មួយថ្ងៃ តាមរយៈ​ការរត់​លើ​ម៉ាស៊ីន និង​ហែល​ទឹក​។ ក្រៅពី​ហាត់ប្រាណ​នេះ លោក កឹម សុខា ក៏​ធ្វើ​សមាធិ ដើម្បី​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​ផងដែរ​។​
 
​នៅក្នុង​បន្ទប់​សវនាការ គ្រា​ដែល​សម្រាក​១៥​នាទី ដើម្បី​សម្រួល​កាយសម្បទា​នោះ មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ជជែក​គ្នា​លេង​ជាមួយ​អ្នកកាសែត​នោះ បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​តែងតែ​ធ្វើ​សមាធិ ដើម្បី​កុំឱ្យ​យក​បញ្ហា​ស្មុគស្មាញ និង​រឿងរ៉ាវ​(​សំណុំ​រឿងក្តី​) មក​គិត ដែលនាំឱ្យ​ប៉ះពាល់​សុខភាព​»​។​
 
​លោក កឹម សុខា ក៏​អះអាងថា ខ្លួន​មាន​សៀវភៅធម៌ និង​សៀវភៅ​បង្រៀន​ពី​របៀប​ធ្វើ​សមាធិ ដើម្បី​រំងាប់​ផ្លូវចិត្ត ផ្លូវ​អារម្មណ៍ និង​ណែនាំ​ខ្លួន​ឱ្យ​ដើរ​តាម​មាគ៌ា​នៃ​គោលនយោបាយ​អហិង្សា​ផងដែរ​។​
 
​ក្រៅពី​ព្យាយាម​ដោះស្រាយ​បញ្ហា​សុខភាព​ខ្លួន​នេះ មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ចោទ​ក្នុង​រឿងក្តី «​ស​ន្ទិ​ដ្ឋិ​និយម​ជាមួយ​បរទេស » នេះ ក៏​ចង់រក​ពេលវេលា​ចុះ​ជួប​ពលរដ្ឋ​ដែរ​។ «​ខ្ញុំ​ក៏​ចង់រក​ពេល​ចុះ​ជួប​ពលរដ្ឋ​ដែរ ប៉ុន្តែ​ខ្លាច​គេ​សង្ស័យ និង​ចោទប្រកាន់​យើង​ថា (​រឿង​នយោបាយ​)​អ​ញ្ចេះ អ​ញ្ចុះ​ទៀត​»​។ នេះ​បើតាម​លោក កឹម សុខា ដែល​បាន​ជជែក​លេង​ជាមួយ​អ្នកកាសែត​។​
 
​តុលាការ​កំពុងដំណើរកា​រ​ជំនុំជម្រះ លើ​ករណី​លោក កឹម សុខា ដែល​ជាប់ចោទ​ពីបទ​«​ស​ន្ទិ​ដ្ឋិ​និយម​ជាមួយ​បរទេស​» ។ តុលាការ​ចោទប្រកាន់​លោក កឹម សុខា នេះ គឺ​យោងតាម​វីដេអូ​ឃ្លី​ប​២​នាទី ដែល​មេដឹកនាំ​អតីត​បក្សប្រឆាំង​រូបនេះ បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​ខ្លួន នៅ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី កាលពី​ឆ្នាំ​២០១៣ ។ តុលាការ​សម្រេច​ប្រើពេល​វេលា​៣​ខែ ដើម្បី​ដំណើរការ​រឿងក្តី​នេះ ក្រោម​ហេតុផល​ថា ជា​រឿងក្តី​ធំ​។​
 
​ដ្បិត​លោក កឹម សុខា កំពុង​ជាប់​ភារកិច្ច​ដោះស្រាយ​ក្តី​ក្នុង​តុលាការ​ក្តី ប៉ុន្តែ​លោក ក៏មាន​សិទ្ធិ​អាចធ្វើ​ដំណើរ​ទូទាំងប្រទេស​កម្ពុជា​បានដែរ លើកលែងតែ​ចេញទៅ​ក្រៅប្រទេស​ប៉ុណ្ណោះ​។ លោក កឹម សុខា ក៏​អាច​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​នានា​ផងដែរ ប៉ុន្តែ​មិនត្រូវ​នយោបាយ​រឿង​នយោបាយ​នោះទេ​។ នេះ​ជាស​ម្រេច​របស់​តុលាការ​កន្លងមក​។ 
 
​គួរ​បញ្ជាក់ថា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​៣ កញ្ញា ឆ្នាំ​២០១៧ នៅក្នុង​គេហដ្ឋាន​។ តុលាការ​ក៏បាន​សម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧ ដោយសារ​បទ​ចោទ​«​គប់គិត​ជាមួយ​បរទេស​»​របស់លោក កឹម សុខា នេះដែរ​។ បើ​គិត​មកដល់ពេលនេះ ដំណើររឿង​ក្តី​លោក កឹម សុខា គឺ​បាន​អូស​ស​បន្លាយ​អស់ រយៈពេល​២​ឆ្នាំ​៤​ខែ​ហើយ​៕ 

Tag:
 កឹម សុខា​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com