អន្តរជាតិ
ចិន បាន​ក្លាយជា​ដៃគូ​វិនិយោគ​ច្រើនជាងគេ​បំផុត​របស់​ថៃ​នៅ​ឆ្នាំ​២០១៩
24, Jan 2020 , 5:29 pm        
រូបភាព
លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា (ខាងឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង។ រូបភាព៖ Xinhua
លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា (ខាងឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង។ រូបភាព៖ Xinhua
ដោយ: ថ្មីៗ
​នៅក្នុង​ឆ្នាំ ២០១៩​កន្លងមកនេះ ចិន បាន​ក្លាយជា​ដៃគូ​វិនិយោគ​ដ៏​ច្រើនជាងគេ​បំផុត​របស់​ថៃ ដោយបាន​វ៉ា​ជប៉ុន​។ គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ ឬ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក ឬ​ការលើក​ចិត្ត​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​វិស័យ​វិនិយោគ​ជាដើម អាចជា​មូលហេតុ​ដែល​ចិន​អាច​ពង្រីក​ការវិនិយោគ​របស់ខ្លួន​នៅ​ប្រទេស​អាស៊ាន​មួយ​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត South China Morning Post នៅ​ថ្ងៃទី​២៤ មករា​។


 
​គិត​ត្រឹម​ខែតុលា ឆ្នាំ​២០១៩ ពាក្យស្នើសុំ​វិនិយោគ​របស់​ចិន ដែលមាន​តម្លៃ​ប្រមាណ​ជា ៨,៥​ពាន់​លាន​ដុល្លារ បាន​រុញ​ចិន​ឲ្យ​ស្ថិតនៅ​កំពូល​តារាង​នៃ​ដៃគូ​វិនិយោគ​របស់​ថៃ​។ គម្រោង​៨,៥ ពាន់​លាន​ដុល្លារ បានធ្វើ​ឲ្យ​ចិន​យកឈ្នះ ទំហំ​វិនិយោគ​ជប៉ុន​ប្រមាណ​ជា ២,៣​ពាន់​លាន​ដុល្លារ និង ហុងកុង​ប្រមាណ ១,១​ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៩​។ នេះ​បើតាម​ទិន្នន័យ​របស់​ក្រុមប្រឹក្សា​វិនិយោគ​ថៃ​។ 
 
​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ៨,៥​ពាន់​លាន​ដុល្លារ​របស់​ចិន​នេះ មាន​មួយចំណែក​ប្រមាណ​ជា ៧,៣​ពាន់​លាន​ដុល្លារ គឺ​យកទៅ​វិនិយោគ​លើ​គម្រោង​រថភ្លើង​ល្បឿន​លឿន​ដែល​ត​ភ្ជាប់​ពី​អាកាសយានដ្ឋាន Suvarnabhumi ទៅ​អាកាសយានដ្ឋាន​Don Muang និង​ទៅ​អាកាសយានដ្ឋាន U-tapao​។ ក្រុមហ៊ុន​ថៃ និង​ចិន ដែល​ក្នុងនោះ​មាន​ក្រុមហ៊ុន​រដ្ឋ​ចិន​ផង​នោះ បាន​ចុះហត្ថលេខា​នៅក្នុង​ខែតុលា ឆ្នាំ​២០១៩​។ 
 
​អ្នកវិភាគ និង​សាស្ត្រាចារ្យ​ថៃ បាន​យល់ឃើញថា គម្រោង​វិនិយោគ​សំខាន់ៗ មិនមែន​កើតមាន​ជា​រៀងរាល់ឆ្នាំ​ទេ ហើយ​ការវិនិយោគ​នេះ​ទៀតសោត គឺជា​ដំណាក់កាល​ដំបូង​តែប៉ុណ្ណោះ​របស់​ចិន​។ ក្នុង​ដំណាក់​ដំបូង​នេះហើយ ទើប​កំណើន​វិនិយោគ​ចិន​មានការ​កើនឡើង​យ៉ាង​លឿន និង​មាន​ទឹកប្រាក់​ដ៏​ច្រើន​បែបនេះ​។ ហេតុនេះ ទើប​ចិន​អាច​យកឈ្នះ​ជប៉ុន និង​ក្លាយជា​ដៃគូ​វិនិយោគ​ដ៏​ច្រើនជាងគេ​បំផុត​របស់​ថៃ​នៅក្នុង​ឆ្នាំ ២០១៩​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ វា​មាន​មូលហេតុ​មួយចំនួន ដែល​អាច​បណ្តាល​ឲ្យ​ក្រុមហ៊ុន​ចិន​មក​វិនិយោគ​នៅ​ថៃ​។ មូលហេតុ​ទាំងនោះ អាច​បណ្តាលមកពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក គោលនយោបាយ​លើកទឹកចិត្ត​ពី​សំណាក់​រដ្ឋាភិបាល​ថៃ និង​គម្រោង​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​របស់​ចិន​ជាដើម​។ 
 
​សូមបញ្ជាក់ថា នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដីគោក វៀតណាម គឺជា​ដៃគូ​ប្រកួត​តែមួយគត់​របស់​ថៃ ក្នុង​ការទាកទាញ​វិនិយោគទុន​មកពី​បរទេស​។ ហេតុនេះ ថៃ​តែងតែ​ប្រឹងប្រែង​ប្រកួតប្រជែង​ជាមួយ វៀតណាម​ជានិច្ច បើទោះបីជា​ខ្លួន​ល្អ​ជាង​វៀតណាម​ទាំង​ហេ​ដ្ឋា​រចនា​សម្ពន្ធ បរិយាកាស​វិនិយោគ​សម្រាប់​បរទេស និង​ប្រព័ន្ធ​ចង្វាក់​ផលិតកម្ម​ក្នុង​វិស័យ​សំខាន់ៗ​ក៏ដោយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com