កីឡាអន្តរជាតិ
អន្តរជាតិ
មេបាល់បារាំង៖ Zidane ជាបេក្ខភាពម្នាក់គត់ដែលអាចធ្វើគ្រូបារាំង ជំនួស Deschamps
× លោក Noel Le Graet ប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) បង្ហើបថាតំណែគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងនឹងកំណត់គោលដៅយកលោក Zinedine Zidane នៅពេលលោក Didier Deschamps ចាកចេញ។
Zidane អ្នកចាត់ការទូទៅ Real Madrid ធ្លាប់មានទំនាក់ទំនងទៅនឹងការតែងតាំងជាគ្រូបារាំងម្តងរួចមកហើយ មុនពេលលោកវិលត្រឡប់ទៅកាន់ Santiago Bernabeu កាលពីឆ្នាំមុន។ ក្រោយមកលោក Deschamps ដែលទទួលបន្ទុកដឹកនាំជម្រើសជាតិចាប់តាំងពីឆ្នាំ ២០១២ និងជួយក្រុមឈ្នះ World Cup ជាលើកទី២ ឆ្នាំ២០១៨នៅរុស្ស៊ី បានយល់ព្រមបន្តកិច្ចសន្យាដើម្បីរក្សាតួនាទីនេះរហូតដល់ឆ្នាំ២០២២។
បើទោះ Deschamps នៅបន្តតំណែងនេះក្តី ប៉ុន្តែប្រធាន FFF លោក Le Graet នៅតែ ចិញ្ចឹមចិត្តចង់បាន Zidane ទៅដឹកនាំក្រុមរហស្សនាមមាន់គកនេះនាពេលអនាគត។
«ថ្ងៃដែលលោក Deschamps សម្រេចចិត្តចាកចេញ ឬកិច្ចសន្យារបស់គាត់អស់សុពលភាព ហើយស្របពេល Zidane នៅទំនេរដែរនោះគាត់នឹងក្លាយជាអ្នកជំនួសសម្រាប់ការងារនេះ។លោក Le Graet បានប្រាប់ទូរទស្សន៍បារាំង Canal+ បែបនេះ។
ឱកាសសម្រាប់ Zidane ពិតជាអាចកើតឡើងអំឡុងឆ្នាំ២០២២ ប្រសិនបើ Deschamps ដឹកនាំជម្រើសជាតិបារាំងក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោកនៅកាតាមិនបានល្អនោះ។
Deschamps វ័យ៥១ឆ្នាំ និង Zidane វ័យ៤៧ឆ្នាំ ធ្លាប់រួមគ្នាជួយបារាំងឈ្នះ World Cup លើកដំបូងក្នុងឆ្នាំ១៩៩៨ ក្នុងនាមជាកីឡាករ។ អ្នកទាំងពីរក៏ធ្លាប់ជាមិត្តរួមក្រុម Juventus ផងដែរអំឡុងឆ្នាំ១៩៩៦ ដល់ ១៩៩៩។
កេរ្តិ៍ឈ្មោះរបស់ Zidane បានរីកសាយខ្លាំងតាមរយៈការដឹកនាំ Real Madrid ឈ្នះពាន UEFA Champions League បីលើកជាប់ៗគ្នា៕
លោក Noel Le Graet ប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំង (FFF)
Tag:
Zinedine Zidane
បារាំង
FFF
© រក្សាសិទ្ធិដោយ thmeythmey.com