ជាតិ
សម្តេច ហ៊ុន សែន ឯកភាព​ឲ្យ​មានការ​ប្តូរ​ទៅជា​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​
24, Jan 2020 , 8:56 pm        
រូបភាព
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង​សិប្បកម្ម។ រូបថត ហ្វេសប៊ុកក្រសួង
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង​សិប្បកម្ម។ រូបថត ហ្វេសប៊ុកក្រសួង
ដោយ: រួបរួម
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​តាម​សំណើរ​របស់លោក ចម ប្រសិទ្ធ ដែល​បាន​សុំ​គោលការណ៍​កែសម្រួល និង​ប្តូរ​ឈ្មោះ​ក្រសួង​របស់លោក​ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទៅជា​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។ នេះ​បើតាម​លិខិត​របស់លោក ខូ​យ ឃុន​ហួរ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​សរសេរ​​ទៅកាន់​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ នា​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២០​។​



សម្តេច ហ៊ុន សែន មាន​ចំណារ​ឆ្លើយតបទៅលោក ចម ប្រសិទ្ធ នា​ថ្ងៃទី២២ ខែមករា ពោលគឺមួយថ្ងៃ​ក្រោយ​រដ្ឋមន្ត្រី​រូបនេះ បាន​ដាក់សំណើ។

ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាល​បានយល់ព្រមជាគោលការណ៍ចំពោះការឲ្យ​ប្តូរទៅជាក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ហើយស្នើឲ្យធ្វើវិសោធនកម្ម​ច្បាប់ និងឯកសារគតិយុត្តផ្សេងៗពាក់ព័ន្ធនឹងរចនាសម្ព័ន្ធក្រសួងថ្មី។

ក្រសួងថ្មីនេះ ត្រូវបានតម្រូវឲ្យមានអង្គភាពថ្មីពីរគឺ អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​វិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប៉ុន្តែមិនតម្រូវឲ្យ​បន្ថែម​នូវក្របខណ្ឌរដ្ឋឡើយ។

ទីស្តីការគណៈរដ្ឋមន្ត្រី​ក៏បាន​ផ្តល់​យោបល់ឲ្យមាន​ការបើកទូលាយ​ដល់ឥស្សរជន​សំខាន់ៗ បញ្ញវន្ត ដែលមានសញ្ញាបត្រពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញ​ដែលចង់ផ្ទេរក្របខណ្ឌពីក្រសួងស្ថាប័ន​ផ្សេង។ ជាមួយគ្នានេះ ក្រសួង​ដែលនឹងត្រូវប្តូរឈ្មោះនោះ មានបេសកកម្ម ធ្វើឲ្យ​ផ្នែក​ស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​របកគំហើញផ្សេងៗ (នវានុវត្តន៍) របស់កម្ពុជា មានប្រសិទ្ធភាព និងទូលំទូលាយ ស្របតាមបរិបថនៃបដិវត្តន៍ឧស្សាហកម្ម​ជំនាន់ទី៤.០៕


© រក្សាសិទ្ធិដោយ thmeythmey.com