ជាតិ
សុខភាព
ពលរដ្ឋ​កម្ពុជា​បារម្ភ​និង​ចង់បាន​ព័ត៌មាន​បន្ថែម​អំពី​មេរោគ​កូ​រ៉ូ​ណា​ថ្មី​
25, Jan 2020 , 10:59 am        
រូបភាព
លោក ម៉េង ហៃ ជាអ្នកស៊ីឈ្នួលបើកតាក់ស៊ី ដឹកភ្ញៀវពីព្រលានយន្តហោះទៅសណ្ឋាគារ នៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)
លោក ម៉េង ហៃ ជាអ្នកស៊ីឈ្នួលបើកតាក់ស៊ី ដឹកភ្ញៀវពីព្រលានយន្តហោះទៅសណ្ឋាគារ នៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)
ដោយ: VOA
​ភ្នំពេញ ៖ លោក ម៉េង ហៃ ឈរ​ផ្អែក​បង្កាន់ដៃ​ដែល​នៅ​ម្ខាង​ផ្លូវ ទល់មុខ​ស្ថានីយ៍​ដឹក​ដំណើរ​មកដល់​នៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ភ្នែក​របស់លោក​សម្លឹង​ទៅ​ច្រកទ្វារ រកមើល​ភ្ញៀវ​របស់លោក ដែលមាន​ដូចជា​ជា​ជនជាតិ​ជប៉ុន និង​ជនជាតិ​ចិន និង​ជនជាតិ​អាស៊ី​ផ្សេងទៀត​។ នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក​កំពុង​រង់ចាំ​អតិថិជន​ម្នាក់​ដែលមាន​ជើងហោះហើរ​មកពី​ទីក្រុង​ហុងកុង​។​

 
​លោក ម៉េង ហៃ វ័យ ៤៦​ឆ្នាំ ជា​អ្នកស៊ីឈ្នួល​បើក​តាក់ស៊ី​ឲ្យ​ក្រុមហ៊ុន ដោយ​លោក​ដឹក​ភ្ញៀវ​ពី​ព្រលានយន្តហោះ ទៅ​សណ្ឋាគារ​ជា​រៀងរាល់ថ្ងៃ ប្រមាណ​៥​ឆ្នាំ​ហើយ​។​
 
​លោក​បាន​ប្រាប់​វី​អូ​អេ​ថា​៖ «​ខ្ញុំ​បារម្ភ​ដែល​ពេល​ឃើញ​ភ្ញៀវ​មួយចំនួន​ដែល​គាត់​ពាក់​ម៉ាស​ការពារ​។ ខ្ញុំ​ចេះតែ​ឆ្ងល់​ថា ភ្ញៀវ​ដូចជា​ការពារ​បានល្អ​។ យើង​ឆ្ងល់​ដែរ ទើបតែ​ពីរ​បី​ថ្ងៃ​ហ្នឹង​យើង​ឃើញ​ភ្ញៀវ​អឺរ៉ុប អាស៊ី​អី​មួយចំនួន​ដែល​គាត់​ពាក់​ម៉ាស​ការពារ​អី​»​។​
 
​បើទោះបីជា​មេរោគ​កូ​រ៉ូ​ណា​បានសម្លាប់​មនុស្ស​អស់​ជាង ២០ នាក់ និង មនុស្ស​ជាង ៨០០ នាក់​បាន​ឆ្លង​មេរោគ​នេះ​ក៏ដោយ លោក​ថា លោក​ទើបតែ​ដឹង​អំពី​មេរោគ​ថ្មី​នេះ​នៅ​ព្រឹក​នេះ​។​
 
​លោក​និង​ប្រជាជន​ខ្មែរ​មួយចំនួន​ដែល VOA បាន​សម្ភាស បានបង្ហាញ​ពី​កង្វល់​របស់​ពួកគេ​អំពី​មេរោគ​ថ្មី​នេះ​។ ពួកគេ​ថា សម្រាប់​មនុស្ស​ដែលមាន​ការងារ​មមាញឹក​ដូច​ពួកគេ​ព័ត៌មាន​អំពី​រឿងនេះ​នៅមានកម្រិត​នៅឡើយ​។​
 
​លោក ម៉េង ហៃ ឈរ​ទ្រេត​ខ្លួន ដៃ​កាន់​សោរ​ឡាន ហើយ​ពុំមាន​ពាក់​ម៉ាស​ទេ​។ លោក​ថា លោក​ទើបតែ​ដឹង​ព័ត៌មាន​ជំងឺ​រលាក​ទងសួត ពុំ​ស្គាល់​ប្រភព​ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី នៅ​ព្រឹក​នេះ ពេលដែល​មិត្ត​របស់លោក​ទូរស័ព្ទ​ផ្តាំ​ឲ្យ​ការពារ​ខ្លួន​។​
 
​លោក​និយាយ​បន្ថែមថា​៖ «​ខ្ញុំ​ចេះតែ​បារម្ភ​ដែរ បើសិន​មាន​បញ្ហា​នឹង​កើតឡើង [​នៅ​កម្ពុជា​]​។ ទីមួយ យើង​អត់​ដឹងថា ភ្ញៀវ​ណាមួយ​ដែលមាន​មេរោគ​ទេ​»​។​
 
​យ៉ាងហោចណាស់​មនុស្ស​ជាង​២០​នាក់ ត្រូវបាន​គេ​រាយការណ៍​ថា បាន​ស្លាប់​បន្ទាប់ពី​ឆ្លង​មេរោគ កូ​រ៉ូ​ណា​ថ្មី ដែលមាន​ប្រភព​កើតចេញពី​ទីក្រុង​វូ​ហាន នៅ​ប្រទេស​ចិន​។ មេរោគ​នេះ​បាន​ឆ្លង​ដល់​មនុស្ស​ជាង​៨០០​នាក់ ដែល​នៅ​ផ្នែក​ផ្សេងទៀត​នៃ​ប្រទេស​ចិន និង​ក្នុងប្រទេស​ដូចជា​វៀតណាម ថៃ សិង្ហ​បុរី កូរ៉េខាងត្បូង ជប៉ុន រួមទាំង​សហរដ្ឋអាមេរិក​ផងដែរ​។ ប្រទេស​អូស្ត្រាលី​កំពុង​តាមដាន​មើល​ទៅលើ​មនុស្ស​ដែល​សង្ស័យថា​អាច​នឹង​បាន​ឆ្លង​មេរោគ​នេះដែរ​។​
 
​អង្គការ​សុខភាព​ពិភពលោក​កំពុងធ្វើការ​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​នៅលើ​ពិភពលោក ដើម្បី​សិក្សា​ឲ្យ​ច្បាស់​ពី​ដើមកំណើត​របៀប​ឆ្លង របៀប​ការពារ និង​របៀប​ព្យាបាល​ជំងឺ​នេះ​។​
 
​មួយ​ថ្ងៃមុន​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​គណៈកម្មការ​បន្ទាន់​នៃ​បទបញ្ញត្តិ​សុខភាព​អន្តរជាតិ International Health Regulations Emergency Committees បាន​ជួបជុំគ្នា​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ ដើម្បី​រក​វិធី​ទប់ស្កាត់​ការរីក​រាលដាល និង​ព្យាបាល​ជំងឺ​នេះ​។​
 
​បើទោះបីជា​មិនមាន​ការប្រកាសអាសន្ន​ជា​សាក​លពី​មេរោគ​នេះ​ក៏ដោយ​លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយក​នៃ WHO បាន​ដាស់តឿន​ថា​៖ «​កុំ​ច្រឡំ​ឲ្យ​សោះ​នេះ គឺជា​អាសន្ន​នៅ​ប្រទេស​ចិន ប៉ុន្តែ​វា​នៅ​មិនទាន់​ក្លាយជា​ការប្រកាសអាសន្ន​នៃ​សុខភាព​សាកល​នៅឡើយ​ទេ​»​។​
 
​លោក​បាន​បន្ថែមថា​៖ «​យើង​ដឹងថា ភាគច្រើន​នៃ​អ្នក​ដែល​ស្លាប់​នោះ​មាន​បញ្ហា​សុខភាព​ដូចជា លើសឈាម ទឹកនោមផ្អែម​និង ជំងឺ​បេះដូង​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​របស់​ពួកគេ​ចុះខ្សោយ​។ មកទល់ពេលនេះ មិនមាន​ភស្តុតាង​ថា​មាន​ការឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅក្រៅ​ប្រទេស​ចិន​នោះទេ​។ តែ​មិនមែន​មានន័យថា​មិន​ការឆ្លង​នេះ​នៅក្រៅ​ប្រទេស​ចិន​ដែរ​»​។​
 
​លោក Tedros Adhanom Ghebreyesus បាន​លើកទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ចិន​បន្ត​ផ្តល់​ទិន្នន័យ​ជាក់លាក់​ដល់​អង្គការ​នេះ ដើម្បី​អាច​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​បាន​។​
 
VOA ខ្មែរ​បាន​ទាក់ទង​ស្ថានទូត​ចិន​នៅ​កម្ពុជា​ក្នុង​សប្តាហ៍​នេះ តែ​មិនមាន​ការឆ្លើយតប​មក​ទល់​ពេលនេះ​។​


ស្ថានីយ៍ដំណើរមកដល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)
 
​អ្នកស្រី ជឿន ស្រី​ណែ​ត វ័យ​៣២​ឆ្នាំ អង្គុយ​ជិត​សាច់ញាតិ​ម្នាក់ទៀត​។ ពួកគេ​ទាំងពីរ ពាក់​ម៉ាស​អង្គុយ​ចុច​ទូរស័ព្ទ​ទាក់ទង​ទៅ​ម្តាយមីង ដែល​ពួកគេ​រង់ចាំ​ទទួល នៅ​ស្ថានីយ៍​មកដល់​នៃ​អ្នកដំណើរ​។ ម្តាយមីង​របស់​អ្នក​ទាំងពីរ មកពី​ប្រទេស​កាណាដា​ដោយ​ប្តូរ​ជើងយន្តហោះ​នៅ​ទីក្រុង​ហុងកុង មុននឹង​មកដល់​ទីក្រុង​ភ្នំពេញ​។​
 
​អ្នកស្រី ជឿន ស្រី​ណែ​ត ប្រាប់​វី​អូ​អេ​ថា អ្នកស្រី​មានការ​បារម្ភ ហើយ​សង្ស័យថា ជំងឺ​រលាក​ទងសួត​មិន​ស្គាល់​ប្រភព​នេះ អាច​មាននៅ​កម្ពុជា​។ អ្នកស្រី​ថា​៖ «​ដោយសារ​យើង​មក​ព្រលាន​អញ្ចឹង​ទៅ មនុស្ស​ច្រើន​មកពី​គ្រប់កន្លែង អញ្ចឹង​ខ្ញុំ​ពាក់​ម៉ាស​ទៅ​»​។​
 
​អ្នកស្រី​ថា ម៉ាស​ត្រូវបាន​ចែកជូន​នៅលើ​យន្តហោះ​ដល់​អ្នកដំណើរ​ទាំ​ង​អស់​។​
 
«​ពួកគាត់​មកពី​[​បរទេស​] នោះ គេ​ចែក​ម៉ាស​ឲ្យ​បណ្តោយ​ពី​ខាងលើ​យន្តហោះ​។ និយាយ​ទៅ​ពេល​គេ​ឡើង​គេ​ចែក​ម៉ាស​ឲ្យ​គ្រប់គ្នា គ្រប់​អ្នកដំណើរ​»​។​
 
​អ្នកស្រី និយាយទៀតថា វត្តមាន​ច្រើន​របស់​ប្រជាជន​ចិន​ក៏​ធ្វើ​ឲ្យ​អ្នកស្រី​កាន់តែ​បារម្ភ​៖ «​និយាយ​ទៅ​បារម្ភៗ​ហើយ ព្រោះ​អី​នៅ​ប្រទេស​យើង​ជនជាតិ​ចិន​ចូល​ច្រើន​។ បើ​យើង​គិត​ទៅ​ប្រៀបធៀប​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត ចិន​ចូល​ច្រើនជាងគេ​ហើយ​ណា​។ អញ្ចឹង​បារម្ភ​ច្រើន​តើ​។ អញ្ចឹង​ការ​ផ្តាំផ្ញើ​មានអី​ក្រៅពី​ឲ្យ​ប្រជាជន​យើង​ពាក់​ម៉ាស​គ្រប់គ្នា​»​។​
 
​កាលពី​ឆ្នាំ​២០១៩ កន្លងទៅ យ៉ាងហោច​ភ្ញៀវទេសចរ​ចិន​ជាង ២​លាន​នាក់មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា​។​
 
​នៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​វិញ នៅ​ថ្ងៃ​សុក្រ​នេះ មន្ត្រី​សុខាភិបាល ២​រូប នៅ​ប្រចាំការ ២៤​ម៉ោង ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ចិន​នេះ ដើម្បី​ឃ្លាំមើល​ស្ថានភាព​សុខភាព​ភ្ញៀវទេសចរ និង​មាន​ការដាក់​ម៉ាស៊ីន​ស្គែ​នក​ម្តៅ​មួយគ្រឿង​។ ក្រៅពីនោះ ក្រសួងសុខាភិបាល​ក៏បាន​ដាក់​ម៉ាស៊ីន​ស្គែ​នក​ម្តៅ​ពីរ​គ្រឿង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប មួយគ្រឿង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ និង​៣​គ្រឿង​ទៀត​ត្រូវបាន​ដាក់​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត បាវិត និង​ព្រែក​ចាក​។​


ស្ថានីយ៍ដំណើរមកដល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)
 
​បើតាម The Centers for Disease Control and Prevention (CDC) របស់​អាមេរិក​បាន​ឲ្យ​ដឹង មេរោគ​កូ​រ៉ូ​ណា ជា​គ្រួសារ​នៃ​មេរោគ​ផ្លូវដង្ហើម​ជាច្រើន ដែល​ខ្លះ​កើត​លើ​មនុស្ស និង​ខ្លះទៀត​ឆ្លងតាម​សត្វ​ដូចជា​សត្វ​អូដ សត្វ​ឆ្មា និង​សត្វ​ប្រជាវ​។ ជាការ​កម្រ​ដែល​មេរោគ​កូ​រ៉ូ​ណា​ឆ្លង​ពីស​ត្វ​ទៅ​សត្វ អាច​កើត​លើ​មនុស្ស ហើយ​អាច​ឆ្លង​រវាង​មនុស្ស​និង​មនុស្ស ដូចជា​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស សារស៍ (SARS) ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណា​វីរុស​មើ​រស៍ (MERS) និង ជំងឺផ្ដាសាយបក្សី​ជាដើម​។ ស្ថានការណ៍​ឆ្លង​ពាក់ព័ន្ធ​នឹង​មេរោគ​កូ​រ៉ូ​ណា​ថ្មី ឬ​ហៅថា 2019-nCoV នៅ​មិនទាន់​ច្បាស់​នៅឡើយ​។​
 
​មន្ត្រី​ជាង ២.០០០ នាក់ ត្រូវបាន​ដាក់​ឲ្យ​ប្រចាំការ​នៅ​រដូវ​បុណ្យចូលឆ្នាំ​ចិន ជា​ពេលវេលា​ដែល​គេ​រំពឹងថា ប្រជាជន​និង​អ្នកជំនួញ​ចិន​រាប់លាន​នាក់​វិល​ទៅលេង​ស្រុកកំណើត និង​ត្រឡប់មក​កម្ពុជា​វិញ​ក្រោយ​ចប់​ពិធីបុណ្យ​នេះ​។​
 
​មកទល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា នៅក្នុង​ប្រទេស​កម្ពុជា​គេ​ពុំទាន់​ឃើញ​មានការ​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី​នេះ​នៅឡើយ​ទេ​។​
 
​អ្នក​ដែល​ងាយ​ឆ្លង​មេរោគ​នោះ​គឺ​មនុ​ស្សវ័យ​ចំណាស់​និង​អ្នក​ដែលមាន​សុខភាព​ទ្រុឌទ្រោម​។​
 
​អង្គការ​សុខភាព​ពិភពលោក WHO ឲ្យ​ដឹងថា ដើម្បី​កុំ​ឲ្យ​ឆ្លង​មេរោគ ពលរដ្ឋ​គួរ​លាងដៃ​នឹង​សាប៊ូ ឬ​ជាតិ​អាកុល​ឲ្យ​បាន​ញឹកញាប់ ខ្ទប់មាត់​និង​ច្រមុះ នៅពេល​ក្អក​និង​ផ្តាសាយ ហើយ​ចោល​ក្រដាស​ទាំងនោះ​ក្នុង​ធុងសម្រាម​ភ្លាមៗ​។ អង្គការ​នេះ​បន្ថែមថា ជៀសវាង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដែលមាន​គ្រុនក្តៅ និង​ក្អក​។​
 
​ប្រសិនបើ​មាន​អាកា​រៈ​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម​ត្រូវ​រួសរាន់​រក​ការព្យាបាល​។ នៅពេល​ទៅ​កន្លែង​ដែលមាន​មេរោគ​នេះ​ត្រូវ​ជៀសវាង​ប៉ះពាល់​ជាមួយ​សត្វ​។ គួរ​ជៀសវាង​ការបរិភោគ​សាច់សត្វ​ឆៅ ឬ​ចំអិន​មិនបាន​ឆ្អិន​ល្អ ។ ជៀសវាង វាង​ការបរិភោគ​ផលិតផល​សត្វ​។ ត្រូវ​មានការ​ប្រយ័ត្ន​នៅពេលដែល​រក្សាទុក​សាច់ ទឹកដោះគោ និង​គ្រឿងក្នុង​សត្វ​ឆៅ ដើម្បី​ជៀសវាង ការ​រាលដាល​នៃ​មេរោគ​ទៅលើ​បន្លែ ឬ​សាច់សត្វ​ផ្សេងទៀត​ដែល​មិនទាន់​ចម្អិន​។​
 
​បើទោះបីជា​មានការ​ប្រកាស​ពី​វិធី​ការពារ​ពី​អង្គការ​សុខភាព​ពិភពលោក​ក៏ដោយ លោក ម៉េង ហៃ និយាយថា ក្រសួងសុខាភិបាល​កម្ពុ​ជា​គួរតែ​ធ្វើការ​ផ្សព្វផ្សាយ​ពី​មេរោគ​និង​ជំងឺ​នេះ​ឲ្យ​ប្រជាពលរដ្ឋ​ដឹងបាន​ទូលំទូលាយ​ពី​របៀប​ការពារ​ខ្លួន និង​គ្រោះថ្នាក់​នៃ​ជំងឺ​នេះ​។​
 
«​ខ្ញុំ​ចង់បាន​មួយ ដោយ​ឲ្យ​ខាង​ក្រសួងសុខាភិបាល មេត្តាជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ហ្នឹង​ឲ្យ​បាន​ឆាប់រហ័ស​បន្តិច ដើម្បី​ជួយ​ប្រជាពលរដ្ឋ​យើង កុំ​ឲ្យ​មាន​ជំងឺ​ហ្នឹង​ឆ្លង កើនឡើង​ណា​។ សុំ​តែ​ប៉ុណ្ណឹង​ទេ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com