ភ្នំពេញ៖ ចិនគឺជាខ្នងបង្អែកដ៏រឹងមាំ ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ បច្ចុប្បន្នទំនាក់ទំនងរវាងកម្ពុជា-ចិន បានឈានដល់ចំណុចកំពូលយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយ។ នេះជាការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានចាត់ទុកចិន គឺជាដៃគូវិនិយោគធំជាងគេនៅកម្ពុជា ទាំងផ្នែកអចលនទ្រព្យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។ លើសពីនេះ លោក បានប្រៀបធៀបទំនាក់ទំនងរវាងប្រទេសទាំងពីរទៅនឹងដែកថែប ដែលតំណាងឲ្យភាពរឹងមាំ និងស្ថិតស្ថេរគ្មានថ្ងៃប្រេះស្រាំ។
ការលើកឡើងខាងលើធ្វើឡើងពេល លោក ដឹកនាំប្រតិភូអន្តរក្រសួងផ្នែកបច្ចេកទេសរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទស្សនកិច្ចការដ្ឋានសាងសង់ទីលានបាល់ទាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន កាលពីពេលកន្លងទៅ។
«ទំនាក់ទំនងរវាងកម្ពុជា-ចិនបានឈានដល់ចំណុចកំពូលយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយ។ ប៉ុន្តែបច្ចុប្បន្នចិនគេប្រើពាក្យមួយថា កម្ពុជាជាមិត្តដែកថែប ដែលគ្មានថ្ងៃប្រេះស្រាំ និងរឹងមាំជារៀងរហូត»។ លោក ថោង ខុន លើកឡើងដូច្នេះក្រោយមានការចោទសួរពីអ្នកសារព័ត៌មាន ពាក់ព័ន្ធទំនាក់ទំនងរវាងកម្ពុជា-ចិននាពេលបច្ចុប្បន្ន។
ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះ ជឿជាក់ថា ចំណងមិត្តភាពកម្ពុជា-ចិន នឹងអាចឈានដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនាពេលអនាគតដ៏ខ្លីខាងមុខ។ លោក ក៏ជឿជាក់ផងដែរថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងរក្សាភាពរឹងមាំ ស្ថិតស្ថេរគង់វង្ស យូរអង្វែង និងមាននិរន្តរភាពជារៀងរហូត។
«ចិនជាខ្នងបង្អែកដ៏រឹងមាំសម្រាប់កម្ពុជាទាំងការវិនិយោគ សំណង់ សេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មផ្សេងៗ។ ហើយចិននឹងនៅជាមួយកម្ពុជា ដើម្បីជួយឲ្យប្រជាជនមានជីវភាពរីកចម្រើន និងកម្ពុជាមានការអភិវឌ្ឍ ដែលនេះជាគោលដៅដ៏មហិមា និងមោទកភាពបំផុតសម្រាប់យើង»។ នេះជាការបន្ថែមរបស់លោក ថោង ខុន។
បច្ចុប្បន្នកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ សាងសង់បាន៨០ភាគរយហើយ ដោយគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ២០២០។ កីឡដ្ឋាននេះសាងសង់ដោយក្រុមហ៊ុនចិនមានទំហំទឹកប្រាក់រហូតដល់ជាង១៥៧លានដុល្លារ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ កីឡដ្ឋាននេះសាងសង់លើផ្ទៃទំហំជាង១៦ហិកតា ដែលអាចផ្ទុកអ្នកគាំទ្របានប្រមាណ៦ម៉ឺននាក់ និងអាចជម្លៀសអ្នកគាំទ្រក្នុងរយៈពេល៧នាទី ពេលមានហេតុការមិនប្រក្រតីកើតឡើង។
កីឡដ្ឋាននេះ ជាសមិទ្ធផលដំណាក់កាលទី២ ខណៈសមិទ្ធផលដំណាក់កាលទី១រួមមានអាងហែលទឹក អគារកីឡាក្នុងសាល និងក្រៅសាលមួយចំនួន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីអំឡុងខែមេសា ឆ្នាំ២០១៧កន្លងទៅ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពហុកីឡដ្ឋានមរតកតេជោ សាង់សង់ឡើង ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣៕