ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​៖«​វប្បធម៌​ជាតិ​នឹង​ធ្លាក់​ក្នុង​វិបត្តិ ពេល​ខ្មែរ​កាន់តែច្រើន​ត្រាប់​វប្បធម៌​បរទេស​»
25, Jan 2020 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​មួយចំនួន បាន នឹង​កំពុង​ប្រតិបត្តិ​តាម​ប្រពៃណី​វប្បធម៌​ជាតិ និង​វប្បធម៌​បរទេស​។ ជាក់ស្តែង នៅ​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​នេះ ជនជាតិខ្មែរ​មួយចំនួន ប្រឹង​ធ្វើខ្លួន​ជា​អ្នក​ជាប់សែស្រឡាយ​ចិន និង​ខំ​បដិបត្តិ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ចិន ទាំង​ដែល​ខ្លួន​មិន​ជាប់​សាច់ឈាម​ចិន​សោះ​។ ពលរដ្ឋ​ខ្មែរ​មួយចំនួន ក៏បាន​ប្រតិបត្តិ​តាម​វប្បធម៌​ចិន​ ​ការណ៍​នេះ បានបង្ហាញ​ឱ្យឃើញ ពី​វិបត្តិ​វប្បធម៌​ជាតិ​។ អ្នកជំនាញ​ផ្នែក​ប្រវត្តិសាស្ត្រ​, ផ្នែក​វប្បធម៌ និង​អ្នកជំនាញ​ទស្សនវិជ្ជា និង​ការអភិវឌ្ឍ​សង្គម បានលើកឡើង​ដូចគ្នា​ថា ខ្មែរ​គួរតែ​ចេះ​ខ្មាស​ខ្លួនឯង ពេល​មិនបាន​អប់រំ​កូនចៅ ឱ្យ​ចេះ​ចាំ​ស្ទាត់​គ្រឹះ​វប្បធម៌​ខ្លួន ហើយ​បណ្ដោយឱ្យ​ឥទ្ធិពល​បរទេស គ្របដណ្ដប់​លើ​សតិអារម្មណ៍ ក្មេងជំនាន់ក្រោយ​។

 
 
​នាពេល​បច្ចុប្បន្ន គេ​សង្កេតឃើញថា​ប្រជាជន​ខ្មែរ​មួយចំនួន ទាំង​ជាប់សែស្រឡាយ​ចិន និង​មិន​ជាប់​សោះ កំពុង​បដិបត្តិ​តាម​ប្រពៃណី​ចិន​យ៉ាង​ផុសផុល​។ ផ្សារ ស្ថាប័ន និង​សាលារៀន​មួយចំនួន​ត្រូវ​បិទទ្វា ដោយ​យក​លេស​រវល់​គ្រប់បែបយ៉ាង ដើម្បី​សម្រួល​ឱ្យ​សិស្ស​បាន​ឈប់​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​។​
 
​លោក ប៉ា ចន្ទ​រឿន អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​ទស្សនវិជ្ជា និង​ការអភិវឌ្ឍ​សង្គម បាន​សង្កេតឃើញថា ទាំង​ខ្មែរ​នៅ​ទីក្រុង និង​នៅ​ជនបទ​កាន់តែច្រើន នាំគ្នា​សែន​ចូល​ឆ្នាំចិន និង​តុបតែង​ផ្ទះ​ជា​របៀប​ចិន ដោយ​ភ្ជាប់​ជំនឿ​ថា ការណ៍​នេះ​នឹង​នាំឱ្យ​ពួកគេ​រកស៊ី​មានបាន​។ ផ្ទុយទៅវិញ​អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​ទស្សនវិជ្ជា និង​ការអភិវឌ្ឍ​សង្គម​រូបនេះ បាន​មើលឃើញថា បាតុភូត​សង្គម​បែបនេះ បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​វិបត្តិ​វប្បធម៌ និង​វិបត្តិ​អត្តសញ្ញាណ​របស់​ពលរ​ដ្ឋ​ខ្មែរ​ទៅវិញ​ទេ​។ 


លោកបណ្ឌិត ប៉ា ចាន់រឿន អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម 

​លោក​បញ្ជាក់បន្ថែម​ដូច្នេះ​៖«​ពេលខ្លះ គាត់​ឈប់​ឱ្យ​តម្លៃ ឈប់​មាន​ជំនឿ​លើ​វប្បធម៌​ប្រពៃណី​ខ្មែរ ហើយ​ទៅ​ទទួលយក​វប្បធម៌​ដទៃ ទាំង​ដែល​អ្នកខ្លះ មិន​ជាប់សាច់​ញាតិ​ចិន​សោះ​។ យើង​មើល​មហាសេដ្ឋី​ធំៗ​នៅក្នុង​ពិភពលោក គេ​មិនមាន​សែន​ចិន ឬ​កាត់​ចិន​ទេ គេ​ពឹង​ទៅលើ​តែ​គំនិត និង​ការខិតខំ​ប្រឹងប្រែង​រក​ស៊ី​។ ការធ្វើ​ខ្លួន​ជា​ចិន ខ្ញុំ​យល់ថា​គឺជា​ការ​វង្វេង​ធាតុ​ខ្លួន ហើយ​មិនឱ្យ​តម្លៃ​វប្បធម៌​ជាតិ យូរ​ទៅ​ពួកគេ​ក៏​បំភ្លេច​ខ្លួនឯង​»​។​
 
​លោក ប៉ា ចន្ទ​រឿន ថែមទាំង​មើលឃើញ​ទៀតថា ការ​បដិបត្តិ​តាម​ប្រពៃណី​ចិន​ក្នុងសង្គម​ខ្មែរ ហាក់​ធ្វើ​ជ្រុល​ហួសហេតុ លើស​ការ​បដិបត្តិ​នៅ​ប្រទេស​ចិន​ទៅទៀត ដូចជា​ការដុត​យ័ន្ត និង​ដុត​ផ្ទះ​ក្រដាស​ច្រើន​លើសលុប ដែល​បង្ហាញ​ពី​ការ​ខ្ជះខ្ជាយ​។ ជាង​នោះ​ទៅទៀត ប្រជាជន​ខ្មែរ បាន​ក្លាយជា​អតិថិជន​របស់​បរទេស ដោយ​មិនបាន​យក​វប្បធម៌​របស់ខ្លួន ទៅធ្វើជា​ប្រយោជន៍ ឬ​ធ្វើ​ជំនួញ​។ 
 
«​ការយក​ប្រាក់​ទៅ​ទិញ​យ័ន្ត និង​ទិញ​ផ្ទះ​ក្រដាស​យកទៅ​ដុត វា​ដូចជា​យកប្រាក់​ទៅ​ដុតចោល​អ៊ីចឹង​។ ខ្មែរ​យើង​ហាក់ដូចជា​ជ្រុលនិយម​ពេក នៅ​ប្រទេស​ចិន គេ​មិន​ធ្វើ​ហួសហេតុ​ដូច្នេះ​ទេ​។ ខ្ញុំ​គ្រាន់តែ​ផ្ដាំ​ថា បើ​ចង់​ធ្វើ​អ្វី ឬ​មុន​ធ្វើ​អ្វី គួរ​គិតពិចារណា​ឱ្យបាន​ច្បាស់​។ បើ​ខ្មែរ​កាន់តែច្រើន ងាក​ទៅរក​វប្បធម៌​ចិន ឬ​បរទេស តើ​មាន​អ្នកណា​កាន់​យក និង​អភិរក្ស​វប្បធម៌​ដើម​របស់​យើង​? ពេលនោះ​ជាតិ​យើង កាន់តែ​បាត់បង់​អត្តសញ្ញាណ​។ ថ្ងៃ​ណាមួយ វប្បធម៌​របស់​យើង អាច​ក្លាយជា​វប្បធម៌​របស់​ជ​ន​ជាតិ​ភាគតិច នៅលើ​ទឹកដី​កំណើត​»​។ នេះ​ជាការ​មើលឃើញ​របស់លោក ប៉ា ចាន់​រឿន​។​
 
​ចំណែក​លោក វ៉ា​យ វិបុល សមាជិក​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់ នៃ​គណៈកម្មាធិការ​រៀបចំ​បុណ្យជាតិ​អន្តរជាតិ ក៏បាន​លើកឡើង​ដែរ​ថា បើទោះបី​គេ​កាត់​សែស្រឡាយ​ចិន​ក្ដី ក៏​គេ​គួរ​គប្បី​គិតថា ខ្លួន​កើត​លើ​ទឹកដី​ខ្មែរ មាន​ឈាម​ជា​ខ្មែរ​ដែរ ដូច្នេះ​គួរ​គោរព និង​ឱ្យ​តម្លៃ​វប្បធម៌​ទាំងពីរ​ស្មើគ្នា​។ 


លោក វ៉ាយ វិបុល សមាជិកគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ នៃគណៈកម្មាធិការរៀបចំបុណ្យជាតិអន្តរជាតិ (រូបផ្ដល់​ឱ្យ)
 
​លោក វ៉ា​យ វិបុល ពន្យល់​បន្ថែម​៖«​ខ្មែរ​យើង​ពី​ដើម​ខ្លាំងណាស់ ព្រោះ​ខ្មែរ​មាន​ជំនឿ​លើ​ខ្លួនឯង ខ្មែរ​ឱ្យ​តម្លៃ​លើ​ខ្លួនឯង​។ ប៉ុន្តែ​បច្ចុប្បន្ន​ខ្មែរ​អស់ជំនឿ​លើ​ខ្លួនឯង ទើប​ចេះតែ​ចាប់យក​វប្បធម៌​គេ ឱ្យ​តម្លៃ​វប្បធម៌​គេ​។ អ្នកខ្លះ​មាន​បន្តិច​ប​ន្ទួ​ច ក៏​មើលងាយ​ខ្មែរ ដូច្នេះ​ការអប់រំ​ពី​វប្បធម៌ ត្រូវតែមាន​ការយកចិត្ត​ទុក​ដាក់ឱ្យ​មែនទែន​។ អ្នក​កាត់​ចិន​សែន​ក៏​សែន​ចុះ តែ​គួរ​គិតពី​វប្បធម៌​ខ្មែរ​ឱ្យ​ដូចគ្នា​ផង​»​។ 
 
​ស្រប​នឹង​អ្នកជំនាញ​ទាំងពីរ​ខាងលើ លោក សំបូរ មា​ណ្ណា​រ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ បាន​លើក​អំណះអំណាង​ខាង​ប្រវត្តិសាស្ត្រ​មក​បញ្ជាក់​។ លោក​ថា​នៅ​សតវត្សរ៍​ទី​៣​នៃ​គ្រឹះសករាជ ក្នុងសម័យ​អាណាចក្រ​ភ្នំ មាន​វត្តមាន​ជនជាតិ​ចិន​មកលើ​ទឹកដី​ខ្មែរ​ទៅហើយ ក្នុងនាម​ជា​អ្នក​ជំ​នូ​ញ​។ មកដល់​សម័យ​ចេនឡា វត្តមាន​ជនជាតិ​ចិន​លើ​ទឹកដី​ខ្មែរ មិន​ត្រឹមតែ​លើ​ពាណិជ្ជកម្ម តែ​ទៅលើ​ការទូត​ថែមទៀត​ផង​។ តែ​ខ្មែរ មិនបាន​រង​ឥទ្ធិពល​ណាមួយ​ពី​ចិន​ឡើយ​។​


លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ (រូប​ផ្ដល់​ឱ្យ)
 
​រហូតមកដល់​សម័យ​អង្គរ នៅ​ឆ្នាំ​២៩៦ លោក ជីវ តាក្វាន់ បាន​កត់ត្រា​ថា ខ្មែរ​បានទទួល​ឥទ្ធិពល​ចិន ដោយ​ចេះ​ធ្វើ​តៅហ៊ូ ចេះ​ធ្វើ​សៀង និង​ចេះ​ធ្វើ​អ្វីមួយ​ដែល​ទាក់ទង​នឹង​ចិន តែ​ខ្មែរ​មិនបាន​និយម​ប្រើ​ប្រពៃណី​ចិន ឬ​សែន​ចូលឆ្នាំ​ចិន​នោះទេ​។ លោក សំបូរ មា​ណ្ណា​រ៉ា បន្ថែមទៀតថា ឯកសារ​របស់លោក ជីវ​តា ក្វាន់ ក៏បាន​និយាយ​ដែរ​ថា ខ្មែរ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​យ៉ាង​អធិកអធម​។​
 
​ប៉ុន្តែ​នៅក្រោយ​សម័យ​បារាំង ឆ្នាំ​១៩៥៣ ប្រទេស​ខ្មែរ​ចាប់ផ្ដើម​មាន​ទំនាក់ទំនង​ជាមួយ​ចិន​កាន់តែខ្លាំង​ឡើង​។ ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ចាប់ផ្ដើម​មាន​ចំណងអាពាហ៍ពិពាហ៍​នឹង​គ្នា ហើយ​ជនជាតិ​ចិន មាន​កាន់តែច្រើន​លើទឹក​ដី​ខ្មែរ​។ បន្ត មកដល់​ពេលបច្ចុប្បន្ន វប្បធម៌​ចិន​កាន់​តែមាន​ឥទ្ធិពល​ខ្លាំង ក្នុងសង្គម​ខ្មែរ​។​
 
«​ការរៀប​អា​ពា​ពិពាហ៍ បាន​នាំឱ្យ​ច្បាប់ទម្លាប់​ចិន ជ្រៀត​ចូលក្នុង​គ្រួសារ និង​សង្គម​ខ្មែរ​។ ខ្ញុំ​គិតថា បើ​ខ្មែរ​ស្គាល់​ខ្លួនឯង​ច្បាស់ ឱ្យ​តម្លៃ​វប្បធម៌​ខ្លួន​នោះ ទោះ​វប្បធម៌​គេ​ចូលមក​យ៉ាងណា ក៏ដោយ ក៏​យើង​មិន​បារម្ភ​ដែរ​។ មនុស្ស​ខ្មែរ ត្រូវតែ​ចេះ​ខ្មាស​ខ្លួនឯង ពេល​មិនបាន​អប់រំ​កូន ឱ្យបាន​ដឹង​ពី​គ្រឹះ​វប្បធម៌​ជាតិ​»​។​
 
​ខ្មែរ​មាន​ទស្សនវិជ្ជា​មួយ​ថា វប្បធម៌​រលត់ ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើងថ្កាន​។ ប៉ុន្តែ​សំណួរ​មួយ​បាន​សួរថា ចុះបើ​ខ្មែរ​កាន់តែ​ច្រើនឡើងៗ ភ្លេច​ដើមកំណើត​របស់ខ្លួន មើល​តែ​បំណាំ មិន​ជួយ​ខ្នះខ្នែង បន្ទោស​បង្អាប់​ជាតិ​សាសន៍​ខ្លួន ហើយ​មិនបាន​ចូលរួម​ធ្វើ​អ្វី​សោះ ដើម្បី​ជួយ​ជាតិ និង​ធ្វើឱ្យ​វប្បធម៌​ថ្កើងថ្កាន ដោយ​ឃើញតែ​ជាតិ​សាសន៍​ដទៃ​ល្អ​គ្រប់យ៉ាង តើ​ប្រទេសជាតិ​នឹង​ទៅជា​យ៉ាងណា​?៕
 

Tag:
 ចូលឆ្នាំ​ចិន​
  វប្បធម៌​
  វិបត្តិ​
© រក្សាសិទ្ធិដោយ thmeythmey.com