អន្តរជាតិ
ជើងហោះហើរ​មុនគេ​បង្អស់​ដែល​បាន​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​កជាង​១០០​ឆ្នាំមុន​
25, Jan 2020 , 11:25 am        
រូបភាព
រូបភាព៖​​ history.com
រូបភាព៖​​ history.com
១០០​ឆ្នាំមុន ក្នុង​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩១៩ បុរស​ពីរ​នាក់​ដែលជា​អ្នកបើក​យន្តហោះ គឺ​លោក John Alcock និង​លោក Arthur Brown បាន​បង្កើត​កំណត់ត្រា​ប្រវត្តិសាស្ត្រ​អាកាសចរណ៍​ដ៏​សំខាន់​មួយ​នៅពេលដែល​លោក​ទាំងពីរ​នាក់​បាន​បើក​យន្តហោះ​របស់ខ្លួន​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដោយ​មិនត្រូវ​ការ​ការ​ចុះចត​ឡើយ​។​

 
 គេហទំព័រ wired.com បាន​ពន្យល់ថា ក្នុង​ឆ្នាំ​១៩១៣ ការ​សែត Daily Mail របស់​ចក្រភព​អង់គ្លេស​បានប្រកាស​ពាន​រង្វាន់​ប្រាក់​ចំនួន​១,១​លាន​ដុល្លា (​តម្លៃ​បច្ចុប្បន្ន​) ទៅកាន់​បុគ្គល​ណា​ដែល​អាច​បំបែក​សកម្មភាព​មួយ​នេះ​បាន​។ ប៉ុន្តែ នៅពេលដែល​សង្គ្រាមលោក​លើក​ទី​១​បានចាប់ផ្តើម​ក្នុង​ឆ្នាំ​១៩១៤ ពានរង្វាន់​មួយ​នេះ​ត្រូវបាន​ផ្អាក រហូតដល់​សង្គ្រាម​ត្រូវបាន​បញ្ចប់​ក្នុង​ឆ្នាំ​១៩១៨​។ 
 
​កម្មវិធី​ប្រកួត​នេះ​តម្រូវ​ឲ្យ​បេក្ខជន​បំពេញ​ដំណើរ​របស់ខ្លួន​ឲ្យ​បាន​តិចជាង​៧២​ម៉ោង​។ ក្នុង​ឆ្នាំ​១៩១៩ ក្រុម​មួយចំនួន​បាន​ប្រជុំគ្នា​ដើម្បី​ចាប់ផ្តើម​ការប្រកួត​នៅ​តំបន់ St. Johns ប្រទេស​កាណាដា​។ កាលពី​ពេលនោះ អាកាស​យាន្ត​ដ្ឋា​ន​ត្រឹមត្រូវ​មិនទាន់បាន​គេ​បង្កើត​នោះទេ​។ 
 
​ហេតុដូចនេះ លោក Alcock និង​លោក Brown ត្រូវ​ស្រាវជ្រាវ​រក​តំបន់​ដី​ស្មើ​ដែល​សមស្រប​សម្រាប់​ការហោះហើរ​។ យន្តហោះ​របស់​ពួកគាត់​មាន​ឈ្មោះថា Vickers Vimy ដែលជា​យន្តហោះ​ទម្លាក់​គ្រាប់​កាលពី​សម័យ​សង្គ្រាម​។ 
 
​ដោយមាន​ប្រវែង​ស្លាប​ពី​ម្ខាង​ទី​ម្ខាង​ជាង​២០​ម៉ែត្រ ភ្ជាប់​ជាមួយនឹង​ម៉ាស៊ីន​យន្តហោះ Rolls – Royce ស៊ីឡាំង​១២ ចំនួន​ពីរ ដោយ​ម៉ាស៊ីន​មួយ​មាន​កម្លាំង​ដល់​ទៅ​៣៦០​សេស​។ ពួកគាត់​បាន​កែច្នៃ​តួ​យន្តហោះ​ដូចជា​ការដក​ប្រដាប់​ផ្ទុក​គ្រាប់​បែកចេញ និង​បន្ថែម​ធុងសាំង​ដល់​ទៅ​ជាង​៣២០០ លីត្រ​។​
 
 ក្រុម​ប្រកួត​ដទៃ​បានទទួល​បរាជ័យ​នៅពេលដែល​យន្តហោះ​ពួកគេ​រលត់​នៅ​កណ្តាល​
​សមុទ្រ​។ ក្រុមខ្លះ​ទៀត​បាន​ធ្លាក់​នៅពេលដែល​ទើបនឹង​ចាប់ផ្តើម​ហោះហើរ​។ នា​ថ្ងៃត្រង់ ក្នុង​ថ្ងៃទី​១៤ ខែមិថុនា លោក​ទាំង​ពីរបាន​ហោះហើរ​ចាកចេញ​ពី Newfoundland ប្រទេស កាណាដា ទៅកាន់​ប្រទេស​អៀឡង់​។​
 
  ដំណើរ​របស់លោក​ទាំង​ពីរ​មិនបាន​ប្រព្រឹត្ត​ដោយ​រលូន​នោះទេ​។ វិទ្យុទាក់ទង​របស់​អ្នក​ទាំងពីរ​ឈប់​ដំណើរការ​នៅពេល​ហោះហើរ ធ្វើ​ឲ្យ​ពួកគាត់​មិនអាច​ទំនាក់ទំនង​ជាមួយ​អ្នក​នៅលើ​ដី​បាន​នោះទេ​។ អ​ព្ទ និង​ពពក​បាន​រំខាន​ការធ្វើដំណើរ​និង​ការរុករក​ផ្លូវ​។​
 
 យន្តហោះ​នេះ​ជា​ប្រទេស​យន្តហោះ​បុរាណ ដូចនេះ​វា​គ្មាន​កន្លែង​អង្គុយ​ត្រឹមត្រូវ​នោះទេ​។ អ្នកបើកបរ​ត្រូវ​ទទួលរង​ភាពលំបាក​នៃ​អាកាសធាតុ​ទាំងអស់នេះ​។ ក្រោយមក កុង​ទ័​រ​ល្បឿន​ឈប់​ដំណើរការ ដែល​ធ្វើ​ឲ្យ​ពួកគេ​មិនអាច​កំណត់​ល្បឿន​ឲ្យ​ច្បាស់លាស់​បាន​។ យន្តហោះ​របស់លោក​ទាំង​ពីរ​ស្ទើរនឹង​ធ្លាក់​ចូលក្នុង​សមុទ្រ នៅពេលដែល​ល្បឿន​មាន​កម្រិត​ខ្សោយ​ខ្លាំងពេក​។ លោក Alcock បាន​ទាញ​ក្បាល​យន្តហោះ​ឡើងមក​លើ​វិញ​ទាន់ពេលវេលា​។ 
 
​ដោយ​អាកាសធាតុ​ត្រជាក់​ខ្លាំង លោក Alcock បានសម្រេច​ចិត្ត​ពន្លត់​ម៉ាស៊ីន​មួយ​ចោល​ដើម្បី​បង្កា​កុំ​ឲ្យ​មានការ​កក​ទឹកកក​ក្នុង​បំពង់​បឺត​ខ្យល់​។ បន្តិចក្រោយមក លោក​ទាំង​ពីរបាន​ចុះចត​នៅលើ​ទឹកដី​អៀឡង់​ដោយ​ជោគជ័យ​។ នៅ​ម៉ោង​៨:៤០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩១៩ លោក​ទាំង​ពីរបាន​បំបែក​ប្រវត្តិសាស្ត្រ​ពិភពលោក​។ 
 
​ដោយ​ធ្វើដំណើរ​ជាង​៣០០០​គីឡូម៉ែត្រ (​នៅ​ផ្នែក​ខ្លី​) ក្នុង​ល្បឿន​មធ្យម ១៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ លោក Winston Churchill (​ដែល​ក្រោយ​មកជា​នាយករដ្ឋមន្ត្រី​របស់​អង់គ្លេស​) បានប្រគល់​ពានរង្វាន់​នេះ​ទៅកាន់​អ្នក​ទាំងពីរ ដោយបាន​ផ្តល់​កិត្តិយស​ដោយ​មហាក្សត្រ George ទី​៥ របស់​ចក្រភព​អង់គ្លេស​៕

Tag:
 ចំណេះដឹង​ទូទៅ​
© រក្សាសិទ្ធិដោយ thmeythmey.com