ដោយ៖ ស៊ីធី
នៅពេលរឿងសោកសៅដ៏អាក្រក់មួយបោកបក់មកប៉ះ Rodlek P.K. Saenchaimuaythaigym ប៉ុន្តែបែជាកីឡាករថៃរូបនេះបានពង្រឹងខ្លួន និងបំពេញកាតព្វកិច្ចក្នុងគ្រួសារបានយ៉ាងល្អទៅវិញ។ កីឡាករវ័យ ២៩ ឆ្នាំដែលត្រឡប់ចូលសង្វៀនជាថ្មី ដោយត្រូវជួប Chris Shaw ក្នុងកម្មវិធី ONE: FIRE AND FURY នាថ្ងៃទី៣១ មករា បានបាត់បង់ម្ដាយកាលពីថ្មីៗនេះដោយសារជំងឺមហារីក។
តារាប្រចាំនៅសង្វៀន ONE Super Series រូបនេះទទួលដំណឹងអាក្រក់នៅពេលរូបគេកំពុងហ្វឹកហាត់ត្រៀមខ្លួនឡើងប្រកួតដ៏សំខាន់។ ក្រោយការបង្ហាញខ្លួននៅសង្វៀន ONE តាំងពីខែ មិថុនា Rodlek កំពុងរៀបចំខ្លួនដើម្បីឡើងមកប្រកួតលើសង្វៀនលំដាប់ពិភពលោកជាលើកទី២។
«ខ្ញុំបានជួបរឿងអកុសលមុនពេលខ្ញុំឡើងសង្វៀននៅហ្វីលីពីន។ ដំបូងឡើយម្ដាយរបស់ខ្ញុំទៅពេទ្យដោយសារឈឺក្រពះ។ ពេទ្យបានផ្ដល់ថ្នាំហើយត្រលប់មកផ្ទះវិញ។ ប៉ុន្តែជំងឺនៅតែឈឺ ហើយក៏ចេញដំណើរទៅពេទ្យញឹកញាប់។ ក្រោយមកវេជ្ជបណ្ឌិតក៏ធ្វើតេស្តរកមើលរោគសញ្ញា ហើយឃើញមានដុំសាច់ចំនួន ៣ដុំ គឺ ពីរដុំនៅក្នុងស្បូន និង មួយទៀតនៅក្នុងសួត។ វាគឺជំងឺមហារីក»។ ម្ចាស់ខ្សែក្រវាត់ Channel 7 Muay Thai World Champion បានប្រាប់បែបនេះ។
គ្រានោះ Rodlek ចង់ដកខ្លួនពីការប្រកួត និង ត្រលប់ទៅមើលម្ដាយកំពុងឈឺ ប៉ុន្តែឳពុករួមទាំងម្ដាយបានប្រាប់ថា កុំបារម្ភ និង បន្តផ្ដោតលើការងារបន្ថែមទៀត។ យ៉ាងណាក្ដី ប៉ារបស់គេ និង បងប្អូននៅកំដរម៉ាក់របស់ខ្លួនមិនឲ្យឯកានោះឡើយ។
Rodlek បានបញ្ជាក់ ៖«ខ្ញុំចង់ទៅផ្ទះណាស់ពេលឮដំណឹងបែបនេះ ប៉ុន្តែប៉ារបស់ខ្ញុំបានប្រាប់ថា គាត់មើលថែម្ដាយហើយ ...ចាំវ៉ៃរួចចាំមកមើល។ គាត់ប្រាប់ថា ត្រូវឡើងប្រកួតផង ខំហាត់ទៅ»។
ការចេញទៅប្រកួតនៅ ONE: DAWN OF HEROES គឺជារឿងលំបាកបំផុតមួយ និង រឿងរ៉ាវស្មុគចិត្តចេះតែតាមរំខានក្នុងការហ្វឹកហាត់សម្រាប់ Rodlek។ នៅពេលហ្វឹកហាត់ម្ដងៗ រូបគេតែងតែនឹកឃើញអំពីម្ដាយឈឺ។ .
កីឡាករវ័យ ២៩ ឆ្នាំដដែលរំលឹក៖«ខ្ញុំតែងតែនឹកឃើញម្ដាយរបស់ខ្ញុំ។ ពេលខ្លះមិនបានហ្វឹកហាត់ល្អ ប៉ុន្តែ ខ្ញុំភ្ញាក់ឡើងរៀងរាល់ព្រឹក និង ហាត់ពីរដងក្នុង១ថ្ងៃជាប្រចាំ។ អារម្មណ៍របស់ខ្ញុំមិននៅនឹងការហ្វឹកហាត់ឡើយ។ ខ្ញុំនឹកភ្នកដល់ម្ដាយរបស់ខ្ញុំ។ ពេលនោះប៉ារបស់ខ្ញុំបានលើកទឹកចិត្តដល់ខ្ញុំជារឿយៗ។ ខ្ញុំមិនមានអារម្មណ៍ល្អ។ ខ្ញុំចង់នៅក្បែរម្ដាយរបស់ខ្ញុំ។ តែប៉ារបស់ខ្ញុំលើកទឹកចិត្តរហូតឲ្យខ្ញុំផ្ដោតលើការងារ ចាំប្រកួតចប់»។
អ្នកគាំទ្រជាច្រើនមិនបានដឹងឡើយពេលរូបគេឡើងសង្វៀន Mall Of Asia Arena នៅហ្វីលីពីនកន្លងមក និងធ្វើបានយ៉ាងល្អនៅទីនោះ។ គេប៉ះ Andrew Miller ដែលមានកម្ពស់ខ្ពស់ជាងរហូតដល់ ១២សង់ទីម៉ែត្រ។ យ៉ាងណាក្ដី កីឡាករថៃរូបនេះអាចចូលកៀកនិងផ្ដួលដៃគូសញ្ជាតិស្កុតឡែនឲ្យសន្លប់ត្រឹមទឹកទី៣ដោយប្រើកណ្ដាប់ដៃស្ដាំ។
វាជាជ័យជម្នះមួយមិនអាចបំភ្លេចបានក្នុងការបង្ហាញខ្លួនដំបូងនៅសង្វៀនលំដាប់ពិភពលោក ONE សម្រាប់កីឡាករមកពីភាគខាងត្បូងប្រទេសថៃរូបនេះ។ បន្ទាប់ពីប្រកួតចប់ រូបគេបានធ្វើដំណើរមកប្រទេសថៃដើម្បីមើលម្ដាយវិញ។ ជារឿងកាន់តែសង្វេគ នៅពេលរូបគេមកដល់ និង នៅជាមួយម្ដាយមិនបានប៉ុន្មានផង ម្ដាយរបស់គេក៏លាចាកលោកនេះទៅ។
Rodlek រៀបរាប់បន្ត ៖«ជាធម្មតា បន្ទាប់ពីការប្រកួតខ្ញុំត្រលប់ទៅផ្ទះដើម្បីមើលឳពុកម្ដាយរបស់ខ្ញុំ ។ ពេលទៅណា យើងទៅទាំងអស់គ្នា។ ពេលម៉ាក់របស់ខ្ញុំស្លាប់ អ្វីៗ គឺត្រូវផ្លាស់ប្ដូរ ។ ពីមុនយើងធ្លាប់ទៅជាមួយគ្នា តែឥឡូវប៉ារបស់ខ្ញុំទៅណាមកណាម្នាក់ឯង។ វាពិតជាផ្លាស់ប្ដូរខ្លាំងណាស់។ ពេលម៉ាក់ខ្ញុំស្លាប់ទៅ ខ្ញុំបានរស់នៅក្បែរប៉ារបស់ខ្ញុំជិតមួយខែ រហូតដល់គាត់មានអារម្មណ៍ប្រសើរឡើង»។
Rodlek ត្រលប់ទៅហ្វឹកហាត់នៅក្រុងបាងកកក្នុងក្លិប P.K. Saenchaimuaythaigym និង បន្តហ្វឹកហាត់ត្រៀមឡើងប្រកួតនានា។ បែបណាក្ដី Rodlek ឲ្យដឹងថា ប៉ារបស់ខ្លួនតែងតែនៅក្រោយខ្នង និង លើកទឹកចិត្តរូបគេជានិច្ច និង យល់អំពីតម្លៃនៃការងាររបស់រូបគេ។
«បច្ចុប្បន្ន ខ្ញុំបានខលទៅគាត់រហូត ព្រោះខ្ញុំមិនបានឃើញគាត់ញឹកញាប់ដូចពីមុនទេ។ ខ្ញុំនៅឡើងប្រកួតដើម្បីគ្រួសារ និងប៉ារបស់ខ្ញុំ។ គាត់លើកទឹកចិត្តខ្ញុំនិងនៅខាងខ្ញុំជានិច្ច។ ខ្ញុំត្រូវមើលថែនិងតបស្នងគាត់វិញ។ ដូច្នេះខ្ញុំត្រូវផ្ដោតលើការងាររបស់ខ្ញុំ។ ខ្ញុំមិនធ្វើឲ្យខ្លួនខ្ញុំបាក់ទឹកចិត្តទេ»។ Rodlek គូសបញ្ជាក់យ៉ាងដូច្នេះ។
កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: FIRE & FURY ពីក្រុមម៉ានីល នៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕