ជាតិ
មណ្ឌលគិរី​៖ ពលរដ្ឋ​ជិត​១៥០០០​នាក់ មាន​សិទ្ធិ​១៥​ឆ្នាំ​លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ​១៦​តំបន់​
26, Jan 2020 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​បានផ្តល់​សិទ្ធិ​ស្របច្បាប់​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ ជូន​ដល់​ពលរដ្ឋ​សហគមន៍​ចំនួន​១៤ ៩២៩​នាក់ (​ស្ត្រី​៤១​ភាគរយ​) ដើម្បី​ប្រើប្រាស់ និង​គ្រប់គ្រង​ប្រកបដោយ​និរន្តរភាព​សម្រាប់​រយៈពេល​១៥​ឆ្នាំ នូវ​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​១៦ គ្របដណ្តប់​លើ​ផ្ទៃដី​ព្រៃ​ទំហំ ៥៣ ១១៤ ហិកតា ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច ក្នុង​ខេត្តមណ្ឌលគិរី​។ នេះ​បើតាម​របាយការណ៍​ដែល​បានលើកឡើង​នា​ដំណើរ​ទស្សនកិច្ច​របស់​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ទៅ​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត កាលពី​ថ្ងៃទី​២១ ខែមករា កន្លងមក​។​

 
​នៅ​ទីស្នាក់ការ​ត្រពាំង​ធ្មៀរ នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ចម្ងាយ​ប្រមាណ​១០០​គីឡូម៉ែត្រ​ពី​ក្រុង​សែន​មនោ​រម្យ លោក សាយ សំ​អាល់ បាន​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​៣០០​នាក់​ដែល​តំណាង​ឲ្យ​សហគមន៍​តំបន់ការពារធម្មជាតិ (CPAs) ចំនួន​១៨ ក្នុង​ទីតាំង​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​និង​ភ្នំ​ព្រេច ដោយមាន​ការចូលរួម​ផងដែរ​ពី​សំណាក់​មន្ត្រី​ពាក់ព័ន្ធ  សមាជិក​នៃ​គណៈ​អភិបាលខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត អាជ្ញាធរ​មូលដ្ឋាន ឧ​ទ្យា​នុ​រក្ស ក្រុមការងារ​អនុវត្ត​ច្បាប់ បុគ្គលិក​អង្គការ WWF-​កម្ពុជា តំណាង​ម្ចាស់ជំនួយ​និង​ដៃគូ​គម្រោង​។ 
 
​នាឱកាស​នោះ លោក សាយ សំ​អាល់ បានលើកឡើង​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​ការ​បង្កើត​ប្រាក់ចំណូល​ដល់​សហគម​ន៍​មូលដ្ឋាន​បន្ថែម ដោយ​ពឹង​ផ្អែកលើ​ការប្រមូល​ផល​អនុផល​ព្រៃឈើ​បែប​ប្រពៃណី រួមទាំង​ជំរុញឱ្យមាន​ការបង្កើត​ឱកាស​ថ្មីៗ​សម្រាប់​ការប្រកប​របរ​ចិញ្ចឹមជីវិត​។ លោក​រដ្ឋមន្ត្រី​ផ្តោត​ជាពិសេស​ផ្នែក​អេកូ​ទេសចរណ៍​ប្រកបដោយ​ចីរភាព និង​កសិកម្ម តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ​របស់​ប្រជាជន​ក្នុង​សហគមន៍ ដូចជា​ការចិញ្ចឹម និង​គ្រប់គ្រង​សត្វ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​មូលដ្ឋាន​។​


 
​លោក លី សា​មិ សមាជិក​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី បាន​គូសបញ្ជាក់ថា ខេត្តមណ្ឌលគិរី មាន​សក្តានុពល​ខ្ពស់​សម្រាប់​អេកូ​ទេសចរណ៍ ជាពិសេស​ទេសចរណ៍​មើល​សត្វព្រៃ ព្រោះ​តំបន់​ធម្មជាតិ​ក្នុង​ខេត្ត​នេះ​ជាទី​ជម្រក​របស់​សត្វព្រៃ​សំខាន់ៗ និង​សត្វ​រងគ្រោះថ្នាក់​ជា​សាកល​ជាច្រើន​ប្រភេទ​ដូចជា សត្វ​ទន្សោង ខ្ទីង រមាំង ដំរី​អាស៊ី ខ្លារខិន ក្ងោក និង​ត្រ​យ៉ង​យក្ស​ជាដើម​។ 
 
​អង្គការ WWF-​កម្ពុជា សហការ​គាំទ្រ​ក្រសួងបរិស្ថាន អាជ្ញាធរ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ដៃគូ ក្នុងការ​រៀបចំ​បង្កើត និង​ផ្តល់​សិទ្ធិ​ជា​ម្ចាស់​គ្រប់គ្រង​ដល់​សហគមន៍​តំបន់ការពារធម្មជាតិ​ទាំងនេះ​ចាប់តាំងពី​ឆ្នាំ​២០០៦​មកម្ល៉េះ​។​
 
​បើតាម លោក សេង ទៀក នាយក​អង្គការ WWF-​កម្ពុជា សហគមន៍​អាចបង្កើត និង​អនុវត្ត​ផែនការ​សម្រាប់​ការគ្រប់គ្រង​ធនធានធម្មជាតិ ហើយ​ពួកគេ​ក៏​អាច​ប្រមូល និង​កែច្នៃ​ផល​អនុផល​ព្រៃឈើ (NTFPs) ប្រកបដោយ​និរន្តរភាព ក៏ដូចជា​ផ្តួច​ផ្តើមគំនិត​ក្នុងការ​បង្កើត​គម្រោង​ផ្សេងៗ​ដើម្បី​ទាក់ទាញ​ទេសចរ​។​
 
​លោក វិល ប៊ុន​ធា ប្រធាន​បណ្តាញ​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​ថ្នាក់​តំបន់​ភាគ​ខាងកើត​ទន្លេមេគង្គ បាន​រៀបរាប់​អំពី​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ ក្នុង​គម្រោង​លើកកម្ពស់​ការចិញ្ចឹម​ជីវិត ដោយ​ក្នុងនោះ​មាន​ទទួលបាន​នូវ​ការអប់រំ​ស្តីពី​បរិស្ថាន ការទទួលបាន​នូវ​ការបណ្តុះបណ្តាល​ជំនាញ​អនុវត្ត​បច្ចេកទេស​កសិកម្ម​ប្រកបដោយ​និរន្តរភាព​។​
 
​ក្រៅពី​ការអនុវត្ត​គម្រោង​លើកកម្ពស់​ជីវភាព សមាជិក​សហគមន៍​តំបន់ការពារធម្មជាតិ​នីមួយៗ ក៏​រួមចំណែក​ក្នុងការ​ដើរល្បាត​ព្រៃ​ជាប្រចាំ​ដោយ​សហការ​ជាមួយ​ក្រុមការងារ​អនុវត្ត​ច្បាប់​របស់​ក្រសួងបរិស្ថាន​និង​អាជ្ញាធរ​មូលដ្ឋាន​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ​របស់ខ្លួន​ផងដែរ​ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ដក​អន្ទាក់​ចេញពី​ព្រៃ​ក្នុង​តំបន់​ការពារ​។ 
 
​លោក ប្រោ​យ ខ្វើក ប្រធាន​សហគមន៍​តំបន់ការពារធម្មជាតិ​ត្រពាំង​ក្អើ​ម បាន​អះអាងថា​៖ «​ការដើរ​ល្បាត​ជាប្រចាំ​នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​មាន​សារសំខាន់​ណាស់​ព្រោះ​ធនធានធម្មជាតិ​គឺជា​ឆ្នាំងបាយ​របស់​សមាជិក​សហគមន៍​ទាំងអស់ ទាំង​ជំនាន់​បច្ចុប្បន្ន​និង​ជំនាន់​ក្រោយៗ​ទៀត​»​។​


 
​សម្រាប់ លោក ក្លេ​មេន បេ​ក​ឃឺ​ស៍ (Clemens Beckers) អនុព័ន្ធ​គ្រប់គ្រង​ផ្នែក​ធនធានធម្មជាតិ និង​ការប្រែប្រួល​អាកាសធាតុ  ប្រតិភូ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ប្រជាជន​សហគមន៍​ដើរតួនាទី​ជា​កម្លាំងចលករ​សំខាន់​មួយ​ក្នុងការ​ការពារ​ធនធាន​ព្រៃឈើ ព្រោះ​សហគមន៍​ជា​អ្នក​រស់នៅក្នុង និង​នៅក្បែរ​សហគមន៍​តំបន់​ការពារ និង​ជា​អ្នក​ដែល​ពឹង​អាស្រ័យ​ដោយផ្ទាល់​លើ​ធនធានធម្មជាតិ​សម្រាប់​ផ្គត់ផ្គង់​ការចិញ្ចឹម​ជីវិត​របស់​ពួកគេ​ក្នុង​រយៈពេល​យូរអង្វែង​។​
 
​នៅក្នុង​កិច្ច​សំណេះសំណាល​នោះ លោក សាយ សំ​អាល់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​រយៈពេល​៥​ឆ្នាំកន្លងមក ក្នុងការ​អនុវត្ត​គម្រោង​សហគមន៍​។ លោក​បាន​លើកទឹកចិត្ត​ដល់​អាជ្ញាធរខេត្ត​ទាំងអស់​ឱ្យ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងបរិស្ថាន បណ្តា​ដៃគូ​អភិវឌ្ឍ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​គាំទ្រ​ដល់​សមាជិក​សហគមន៍​មូលដ្ឋាន​ដើម្បី​ជួយ​ពួកគាត់​សម្រេចបាន​នូវ​គម្រោង​អភិវឌ្ឍន៍​សហគមន៍ ក៏ដូចជា​ការការពារ​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​នៅក្នុង​តំបន់​ព្រៃ​ទេសភាព​ភាគ​ខាងកើត​ផងដែរ​៕





Tag:
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com