កីឡាជាតិ
ជាតិ
កីឡដ្ឋាន​តម្លៃ​ជាង​១៥០​លាន​ដុល្លារ ដែលជា​ជំនួយ​របស់​ចិន សាងសង់​បាន​៨០​ភាគរយ​ហើយ​
25, Jan 2020 , 5:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងរូបប្លង់គំរូនៃកីឡដ្ឋានមរតកតេជោ
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងរូបប្លង់គំរូនៃកីឡដ្ឋានមរតកតេជោ
ដោយ:
​កីឡដ្ឋាន​លំដាប់​អន្តរជាតិ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០២០​។ ថ្នាក់ដឹកនាំ​កីឡា​កម្ពុជា​ចាត់ទុក​សមិទ្ធផល​នេះ គឺជា​មរតក​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ដែល​បង្ហាញ​ពី​ចំណងមិត្តភាព​ដែកថែប​ដ៏​រឹងមាំ និង​ស្អិតល្មួត​រវាង​កម្ពុជា​-​ចិន​។ កីឡដ្ឋាន​នេះ សាងសង់​លើ​ផ្ទៃដី​ទំហំ​ជាង​១៦​ហិកតា ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន​ប្រមាណ​៦​ម៉ឺន​នាក់​។

 
​កីឡដ្ឋាន​បាល់ទាត់​លំដាប់​អន្តរជាតិ ដែលជា​សមិទ្ធផល​ទី​២​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹង​បញ្ចប់​ការសាងសង់​ដូច​គ្រោងទុក​នៅ​ចុងឆ្នាំ​២០២០ ខណៈ​បច្ចុប្បន្ន​ស្ថាបនា​បាន​ប្រមាណ​៧០​ទៅ​៨០​ភាគរយ​ហើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​ចាត់ទុក​សមិទ្ធផល​នេះ​ជាម​រតក​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​របស់​រដ្ឋា​បាល​ចិន​មកលើ​កម្ពុជា​។  
 
«​ការ​ព​ន្លឿ​ន​ក្នុង​ការសាងសង់ (​កីឡដ្ឋាន​បាល់ទាត់​មរតក​តេ​ជោ​) ទទួលបាន​លទ្ធផល​វិជ្ជមាន​ដូច​ការកំណត់ គឺ​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ នឹង​ចប់សព្វគ្រប់​។ បច្ចុប្បន្ន​ការសាងសង់​សម្រេចបាន​៧០​ទៅ​៨០​ភាគរយ​ហើយ នៅតែ​កា​រព​ន្លឿ​ន​បន្តិចទៀត​ទេ នឹង​ចប់សព្វគ្រប់​ទាំង​គ្រោង ការតុបតែង និង​បំពាក់​សម្ភារ​ផ្សេងៗ ដូច្នេះ​ការសាងសង់​នឹង​បញ្ចប់​ដូច​ការគ្រោងទុក​»​។ លោក វ៉ា​ត់ ចំរើន លើកឡើង​ដូច្នេះ​ពេល​ផ្តល់​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន Thmey Thmey កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០​។ 
 
​កីឡដ្ឋាន​លំដាប់​អន្តរជាតិ​ដែលជា​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ចិន សាងសង់​លើ​ផ្ទៃដី​ជាង​១៦​ហិកតា ដោយ​គ្រោង​ចំណាយ​ថវិកា​១៥៨​លាន​ដុល្លារ ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​។ កីឡដ្ឋាន​នេះ​អាច​ផ្ទុក​អ្នកទស្សនា​បាន​ប្រមាណ​៦​ម៉ឺន​នាក់ និង​អាច​ជ​ម្លៀ​ង​ទស្សនិកជន​ត្រឹម​រយៈពេល​៧​នាទី​ក្នុងករណី​មាន​ហេតុការណ៍​មិន​ប្រក្រតី​កើតឡើង​។ នេះ​បើតាម​ការអះអាង​របស់​លោក វ៉ា​ត់ ចំរើន​។    
 
​នា​ពិធី​សម្ពោធ​ដំឡើង​បង្គំ​កៅអីអង្គុយ​កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ វិស្វករ​ចិន​ដែលជា​អ្នកទទួលបន្ទុក​សាងសង់​កីឡដ្ឋាន​នេះ​បាន​លើកឡើងថា ការដំឡើង​បង្គំ​កៅអី​នីមួយៗ​មាន​ភាពលម្អៀង​បូក ឬ​ដក​ពីរ​សង់ទីម៉ែត្រ​តែប៉ុណ្ណោះ​។ បង្គំ​កៅអី​នេះ មាន​សភាព​រលោង រចនា​ឡើងជា​មួយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​របស់​ចិន និង​មាន​បំពាក់ QR កូដ ដើម្បី​ត្រួតពិនិត្យ​គុណភាព​ទៀតផង​។​
 
​លោក វ៉ា​ត់ ចំរើន បាន​ប្រដូច​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន​ទៅនឹង​ដែក​ថែម ដែល​គ្មាន​អ្នកណា​អាច​បំបែកបំបាក់​បាន​។ ការលើកឡើង​បែបនេះ ដោយសារ​កម្ពុ​ជាមាន​ទំនាក់ទំនង​ផ្នែក​កីឡា​ជាមួយ​ចិន​តាំង​ជំនាន់​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ មក​ម្លេះ តាមរយៈ​ការជួយ​កសាង​បុរី​កីឡា និង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ហ្គា​ណេ​ហ្វូ (Ganefo)​នៅ​ឆ្នាំ​១៩៦៦​។ 
 
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ធ្លាប់មាន​ប្រសាសន៍​កន្លង​មក​ថា ការជួយ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​គឺ​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​ចិន ក្នុងការ​រួមចំណែក​ជួយ​អភិវឌ្ឍ​នៅ​កម្ពុជា​។ កីឡដ្ឋាន​នេះ​សាងសង់​ក្រោម​រចនាបទ​ខ្មែរ​មាន​រាង​ដូច​សំពៅ ដែល​បង្ហាញ​ពី​សន្តិភាព មិត្តភាព​ដ៏​រឹងមាំ​និង​យូរអង្វែង​រវាង​កម្ពុជា​-​ចិន ទាំង​ផ្នែក​នយោបាយ​និង​ពាណិជ្ជកម្ម​។ 
 
​តាមរយៈ​កីឡដ្ឋាន​នេះ វា​បានផ្តល់​ការងារ និង​ជួយ​បណ្តុះបណ្តាល​ជំនាញ​វិស្វកម្ម​ដល់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ផងដែរ​។ ក្នុងចំណោម​វិស្វករ និង​កម្ម​ការសរុប​ចំនួន​៥៨០​នាក់​មាន​ជនជាតិ​កម្ពុជា​ចំនួន​២៤២​នាក់​។ ត្រង់ចំណុច​នេះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ខាងលើ​បាន​ថ្លែងអំណរគុណ​ដល់​ខាង​វិស្វករ​ចិន ដែល​បាន​ចែករំលែក​បទពិសោធ​ដល់​ប្រជាជន​កម្ពុជា​។ 
 
​កីឡដ្ឋាន​ដែលជា​សមិទ្ធផល​ធំជាងគេ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​៤ មេសា ឆ្នាំ​២០១៧ ក្រោម​វត្តមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​ដំណាក់កាល​ទី​១ ដែលមាន​ដូចជា​មជ្ឈមណ្ឌល​អាង​ហែល​ទឹក មជ្ឈមណ្ឌល​កីឡា​ក្នុង​សាល​, ទីលាន​បាល់បោះ​, និង​អគារ​ស្នាក់នៅ​របស់​អត្ត​ព​លិ​ក​។ កីឡដ្ឋាន​នេះ​សាងសង់ឡើង ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣៕ 
 

Tag:
 ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​
  វ៉ា​ត់ ចំរើន​
© រក្សាសិទ្ធិដោយ thmeythmey.com