ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
សួន​បន្លែ​នៅតាម​សាលារៀន ធ្វើ​ឲ្យ​សិស្សយ​ល់ពី​បច្ចេកទេស​ដាំ​ដំណាំ និង​ស្រឡាញ់​ការធ្វើ​កសិកម្ម​
25, Jan 2020 , 2:59 pm        
រូបភាព
សួនជីវៈចម្រុះ​ដែល​មាន​នៅ​ក្នុងសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ
សួនជីវៈចម្រុះ​ដែល​មាន​នៅ​ក្នុងសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ
ដោយ:
​ភ្នំពេញ​៖ សួន​បន្លែ​ដែលមាន​នៅតាម​គ្រឹះស្ថានសិក្សា​នានា ជា​កន្លែង​ដ៏​សំខាន់ សម្រាប់​អប់រំ​ដល់​សិស្ស​ឲ្យ​ចេះ​ជំនាញ​ដាំ​ដំណាំ​ដោយ​ប្រើ​ជីធម្មជាតិ និង​យល់ដឹង​ពី​របៀប​ថែទាំ​ដំណាំ​ឲ្យ​ទទួលបាន​ផល​ល្អ​។ ជាពិសេស​ជាដើម​ទុន​ឲ្យ​សិស្ស​អាច​ចាប់យក​ជំនាញ​កសិកម្ម​នៅ​ថ្ងៃ​អនាគត ដើម្បី​អភិវឌ្ឍ​ផ្នែក​សិ​កម្ម​ឲ្យ​មាន​ប្រសិទ្ធភាព និង​គុណភាព​។


 
​បរិវេណ​ខាងក្រោយ​អគារសិក្សា​ថ្នាក់​ទី​៧​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ មាន​សួន​បន្លែ និង​សួន​ជីវចម្រុះ សិស្សានុសិស្ស​ប្រមាណ​៣០​នាក់ កំពុងតែ​មមាញឹក​ថែទាំ​បន្លែ និង​ដំណាំ​ដែល​ខ្លួន​បាន​ដាំ ជាមួយនឹង​លោកគ្រូ​ដែល​បង្រៀន​នៅ​ម៉ោង​កសិកម្ម​។ សិស្សានុសិស្ស​ទាំងនោះ មាន​អ្នកខ្លះ​កំពុងតែ​អង្គុយ​បោចស្មៅ អ្នកខ្លះ​ស្រោច​ទឹក​បន្លែ​ជាដើម​។ 
 
​លោក ឈន វឿន ជា​គ្រូ​ទទួលបន្ទុក​បង្រៀន​ផ្នែក​កសិកម្ម នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នេះ​។​លោក ទើប​ណែនាំ​កូនសិស្ស​ឲ្យ​បោចស្មៅ និង​ស្រោច​បន្លែ​រួច​។ នៅ​ឈរ​នៅក្នុង​បរិវេណ​រោងបន្លែ​នៅឡើយ លោក ឈន វឿន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​សិស្ស​ខ្លះ​មិនសូវ​ចូលចិត្ត​ផ្នែក​កសិកម្ម​ប៉ុន្មាន​ទេ ប៉ុន្តែ​យើង​ត្រូវធ្វើ​យ៉ាងណា បំ​ណិ​ន​ជីវិត​ពួកគេ ឲ្យ​ចេះ​គិតគូរ​ផ្នែក​កសិកម្ម ដោយ​យើង​ណែនាំ​ថា ផលដំណាំ​ទាំងអស់​នេះហើយ ដែល​យើង​មិនអាច​ជៀសផុត​បាន​។ ជាពិសេស ម៉ោង​កសិកម្ម​នេះ ក៏​ជាការ​រួមចំណែក​ទទួល​បាន​សុខ​ភាពល្អ​ផងដែរ ពោលគឺ​សិស្ស​ធ្វើ​ពលកម្ម​ច្រើន សុខភាព​ក៏​ល្អ​ច្រើន​»​។ 


សួន​បន្លែ​នៅ​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ
 
​ក្រសួង​អប់រំ យុវជន និង​កីឡា បានដាក់​ចេញ​គោលការណ៍​ណែនាំ​ឲ្យ​សាលារៀន​នីមួយៗ ដាំ​ដុះ​បន្លែ​នៅក្នុង​សាលា ដើម្បី​បង្កើត​អាហារូបត្ថម្ភ​ផង និង​ឲ្យ​សិស្ស​រៀនសូត្រ​ពី​ការងារ​កសិកម្ម​ផង​។ បើតាម លោក ឈន វឿន ថ្នាក់​ទី​៧​ឡើងទៅ នឹងមាន​ថ្នាក់​កសិកម្ម ដែល​អាចជួយ​បណ្តុះ​ស្មារតី និង​ជា​មេរៀន​តម្រង់ទិស​ឲ្យ​ពួកគេ ឲ្យ​ស្រឡាញ់​ការងារ​កសិកម្ម​។ ម៉ោង​កសិកម្ម ដែល​អនុញ្ញាត​ឲ្យ​សិស្ស​អាចអនុវត្ត​ដោយផ្ទាល់​ពី កាប់​ដី ភ្ជួ​សដី បច្ចេកទេស​ដាំ ថែទាំ និង​បច្ចេកទេស​ធ្វើ​ជី​កំ​ប៉ុ​ស្ត​។ លោកគ្រូ វឿន បន្ថែម​ដូច្នេះ​។ 
 
​បន្លែ​ដំណាំ​ដែល​កូនសិស្ស​បាន​ដាំ មានដូចជា​ឆៃថាវ​, ខាត់ណា​, ស្ពៃ​តឿ​,​ការ៉ុត​, ត្រកួន​, ស្លឹកគ្រៃ និង​ស្លឹក​ខ្លឹម​ជាដើម​។ បើតាម​លោកគ្រូ ឈន វឿន ប្រធាន​គ្រូ​ផ្នែក​កសិកម្ម​នៅក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បាន​បញ្ជាក់ថា បន្លែ​ទាំងនេះ ជា​ប្រភេទ​បន្លែ​ដែល​ផ្តល់​ផល​លឿន ងាយ​ដាំ និង​ស្រួល​ថែទាំ​។ លោក ឈន វឿន បន្ថែមថា បន្លែ​ដែល​កំពុង​លូតលាស់​នៅក្នុង​លំ​ហំ​ដី ទទឹង​ប្រវែង​៧​ម៉ែត្រ និង​បណ្តោយ​៥០​ម៉ែត្រ គឺ​ដាំ​ដោយ​ប្រើ​ជី​កំ​ប៉ុ​ស្ត​គោក ជី​កំ​ប៉ុ​ស្ត​ទឹក និង​ជី​អាចម៍គោ​។ សម្រាប់​ការថែទាំ​បន្លែ​វិញ មាន​លោកគ្រូ​ផ្នែក​កសិកម្ម និង​សិស្ស​នុ​សិស្ស​ប្រចាំការ​គ្នា​មើលថែ ជា​រៀងរាល់ថ្ងៃ ដោយ​ក្នុង​មួយថ្ងៃ​មានការ​ស្រោច​ទឹក​២​ដង គឺ​ពេលព្រឹក និង​ពេល​ល្ងាច​។​
 
​បន្លែ​ទាំងអស់ នឹង​អាច​ប្រមូល​ផល​នៅ​ខែកុម្ភៈ​ខាងមុខ ហើយ​លោកគ្រូ អ្នកគ្រូ និង​សិស្ស​នុ​សិស្ស អាច​ប្រមូល​ផង​ចែកគ្នា​បាន​។ លើសពីនេះ ពលរដ្ឋ ក៏​អាច​ទិញ​បន្លែ​ធម្មជាតិ​ទាំងនេះ ពី​សាលា​បានដែរ​។ នេះ​បើតាម​លោកគ្រូ ឈន វឿន ដែល​បន្ត​ដូច្នេះ​៖«​យើង​ចង់​ឲ្យ​សិស្ស និង​គ្រូៗ​យក​ហូប នៅសល់​ប៉ុន្មាន​ពលរដ្ឋ​ខ្លះ​សុំ​ទិញ ក៏​យើង​លក់​ឲ្យ​ទៅ ដើម្បី​ទុក​ទិញ​ពូជ យកមក​ដាំ​បន្តទៀត​។ ជួនកាល​មាន​គ្រូ​ខ្លះ​សុំ​ទិញ គាត់​ឲ្យ​ប៉ុន្មាន​ឲ្យ​មក បើ​គាត់​មិន​ឲ្យ​ទេ គាត់​ទុក​ទិញ​ជី ទិញ​ពូជ​មក​ឲ្យ​វិញ ព្រោះនេះ​ជា​ប្រយោជន៍​រួម​របស់​សាលា​»​។ 


សកម្មភាព​សិស្សដែលកំពុង​បោចស្មៅ ក្នុង​សួន​បន្លែ​ដែល​ស្ថិតនៅវិទ្យាល័យព្រះស៊ីសុវត្ថិ
 
​ក្រៅពី​បន្លែ​ចម្រុះ​ជិត​២០​រង ដែល​ត្រូវ​ដាំ​ដុះ​ក្នុង​ទំហំ​ដី​ប្រមាណ​៥០​ម៉ែត្រ កូនសិស្ស ក៏បាន​ដាំ​ស្លឹកគ្រៃ រមៀត រំដេង ដើម​ល្ហុង នៅ​សងខាង​រង​បន្លែ​ផង ហើយ​បានធ្វើ​ធ្នើរ ទុក​ដាំ​បន្លែ​ផ្សេងៗ​ទៀតផង​ដែរ​។  ក្រៅពីនេះ សាលា​ក៏​គ្រោង ដាំ​បន្លែ​ក្នុង​ធុង​ស្នោ និង​ដាំ​បន្លែ​នៅលើ​ទឹក នៅពេល​ខាងមុខ​ផងដែរ​។ លោក វឿន ប្រាប់​ដូច្នេះ​ថា​៖«​យើង​នៅមាន​គម្រោង​ច្រើនណាស់ យើង​នឹង​បន្ត​ដាំ​នៅលើ​ឡាំង​ស្នោ ព្រោះ​យើង​មាន​ដី​តូច យើង​អាច​បន្តោង​ទុយោ​ធំៗ ដែលមាន​ប្រព័ន្ធ​ទឹក ដើម្បី​ដាំ​បន្លែ​នៅលើ​ទឹក​។ យើង​ដឹង​ពី​វិធី​ធ្វើ​អស់ហើយ ប៉ុន្តែ​យើង​មិនទាន់​អនុវត្ត ដោយសារតែ​យើង​នៅមាន​ការខ្វះខាត​»​។   
 
​យុវ​សិស្ស យែ​ម យៀ​កលី សិស្ស​ថ្នាក់​ទី​៨ ដែល​កំពុងតែ​បោចស្មៅ​ជុំវិញ​សួន​បន្លែ ជាមួយ​មិត្ត​រួម​ថា្នក់​ប្រមាណ​២០​នាក់​ទៀត បាន​សារព័ត៌មាន​ថ្មីៗ​ថា រូបគេ​បាន​សិក្សា​អំពី​ការដាំ​បន្លែ ដោយ​មិន​ប្រើ​ថ្នាំ​គីមី តាំងពី​ថ្ងៃទី​៧​មក​។ តាមរយៈ​មុខវិជ្ជា​កសិកម្ម បាន​ជំរុញ​ឲ្យ​ចូលចិត្ត និង​ចាំ​កាប់​ដី​ដាំ​បន្លែ ធ្វើ​ធ្នើរ ធ្វើ​ជី​កំ​ប៉ុ​ស្ត និង​ស្រោច​ទឹក​បន្លែ​ជាដើម​។ យៀ​កលី ក៏​នឹង​អនុវត្ត​ដាំ​បន្លែ​ខ្លះៗ នៅផ្ទះ​របស់ខ្លួន​ផងដែរ​។​
 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា គ្រឹះស្ថានសិក្សា​មួយចំនួន បាន​អនុវត្ត​លើ​ការដាំ​បន្លែ​បានល្អ​ប្រសើរ​ហើយ​។ ប៉ុន្តែ​ក្រសួង​អប់រំ នៅតែ​ជំរុញ​ឲ្យ​គ្រឹះស្ថានសិក្សា​នីមួយៗ រៀបចំ​ជា​សួន​បន្លែ ដែល​គួបផ្សំ​នឹងមាន​ប្រភពទឹក​គ្រប់គ្រាន់ ដើម្បី​ផ្គត់ផ្គង់​ដល់​ការដាំ​បន្លែ ឲ្យ​មាន​ប្រសិទ្ធភាព សម្រាប់​ទ្រទ្រង់​ដល់​អាហារូបត្ថម្ភ នៅតាម​សាលារៀន​។​
 
​អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​បញ្ជាក់ថា ក្រសួង​អប់រំ កំពុងតែ​ស្វះស្វែង​សហការ ជាមួយ​ក្រសួងបរិស្ថាន និង​អង្គការ​ស្បៀងអាហារ​ពិភពលោក ដើម្បី​ឲ្យ​សាលា​នីមួយៗ​ឯកភាពគ្នា លើ​ការដាំ​បន្លែ ដាំ​ដើមឈើ និង​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក នៅ​គ្រប់​គ្រឹះស្ថានសិក្សា​នៅ​ទូទាំងប្រទេស​៕


រូបភាព​សកម្មភាព​សិស្សដែលកំពុង​បោចស្មៅ ក្នុង​សួន​បន្លែ​ដែល​ស្ថិតនៅវិទ្យាល័យព្រះស៊ីសុវត្ថិ 

Tag:
 កសិកម្ម​
 ​បន្លែ​
 ​សិស្ស​
 ​គ្រូ​
 ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​
© រក្សាសិទ្ធិដោយ thmeythmey.com