រាល់ការដឹកជញ្ជូនទ្រង់ទ្រាយតែងតែមានការប្រើប្រាស់ទូរកុងតឺន័រ ទោះជាតាមរថយន្តធំៗ ឬនៅតាមនាវាឡើយ។ ទូរកុងតឺន័រមានតួនាទីផ្ទុកទំនិញរាប់រយប្រភេទដែលត្រូវបានគេដឹកមកពីផែនានាជុំវិញពិភពលោក។ តាមពិតទៅឧបករណ៍នេះជាការច្នៃប្រឌិតមួយដ៏អស្ចារ្យរបស់បុរសម្នាក់ក្នុងការផ្លាស់ប្តូរទម្លាប់នៃវិស័យដឹកជញ្ជូន។
គេហទំព័រ Discover Containers បានធ្វើការបកស្រាយថា អស់ពេលរាប់សតវត្សមកហើយ មនុស្សបានដឹកជញ្ជូនទំនិញរបស់ខ្លួនទៅវិញទៅមក ដោយឆ្លងកាត់តាមទន្លេ និងមហាសមុទ្រដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រ។
ប៉ុន្តែការដឹកជញ្ជូនទាំងនោះតែងប្រព្រឹត្តទៅជាមួយការលំបាក និងចំណាយរយៈពេលយូរ ក៏ដូចជាត្រូវចំណាយថវិកាច្រើន។ នេះក៏ព្រោះថា ការវិចខ្ចប់តាមស្តង់ដារមួយមិនត្រូវទាន់បានគេបង្កើតឡើង។ ក្នុងពេលនោះ ទំនិញត្រូវបានគេស្តុកទុកនៅតាមឃ្លាំងទំនិញ មានទីតាំងនៅក្បែរកំពង់ផែ ចាំនាវា ឬកប៉ាល់ទឹកទំនិញមកដល់។
ជាធម្មតា គេច្រកទំនិញនានានៅក្នុងធុង ពាងឈើ ស្បោង បាវ ដែលបង្កលក្ខណៈលំបាក ថែមទាំងចំណាយកម្លាំងមនុស្សជាច្រើននាក់។ លំនាំនៃការផ្ទេរទំនិញនេះត្រូវបានគេហៅថា «Break Bulk Cargo» ហើយជាធម្មតា ក្នុងនាវាមួយគ្រឿងអាចមានទំនិញរហូតទៅដល់២សែនទំនិញ។ នៅដើមឆ្នាំ១៩០០ ការផ្ទេរទំនិញបែបនេះ ជួបប្រទះជាមួយនឹងភាពយឺតយ៉ាវ។
នៅក្នុងសម័យកាលនោះ ការដឹងជញ្ជូនតាមរថភ្លើងក៏កំពុងតែមានប្រជាប្រិយភាពផងដែរ ហើយការផ្ទេរទំនិញពី
រថភ្លើងទៅកាន់កប៉ាល់ម្តងៗពិតជាចំណាយធនធានច្រើន ដែលធ្វើឲ្យទំនិញដែលចេញទៅក្នុងទីផ្សារមានតម្លៃថ្លៃជាងធម្មតា។ ពេលខ្លះ កប៉ាល់មួយអាចត្រូវការរយៈពេលដល់ទី៦សប្តាហ៍ក្នុងការលើកទំនិញចេញចូល។
ក្រោយមក បុរសជនជាតិអាមេរិកម្នាក់លោក Malcom McLean បានកែប្រែរបៀបនៃការដឹកជញ្ជូននេះ។ លោក Malcom កើតនៅក្នុងរដ្ឋ ខារ៉ូលីណាខាងជើង ក្នុងឆ្នាំ១៩១៤។ នៅក្នុងឆ្នាំ១៩៣១ លោកបានបញ្ចប់ការសិក្សា រួចបានបង្កើតអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំ១៩៣៤។ ថ្ងៃមួយ លោកបានពិនិត្យកន្លែងផ្ទេរទំនិញ រួចបានប្រទះឃើញភាពយឺតយ៉ាវរបស់កម្មករក្នុងការលើកដាក់ទំនិញតាមបែបបុរាណមួយនេះ។
លោកបានរិះរកវិធីសាស្ត្រក្នុងការផលិតឧបករណ៍មួយប្រភេទគឺ «ទូរកុងតឺន័រ» ដែលអាចប្រើប្រាស់បាននៅគ្រប់ទីកន្លែង គ្រប់រថយន្តដឹក និងកប៉ាល់ ដែលមានលក្ខណៈស្តង់ដារ មិនមានទំហំផ្សេងគ្នា។ លោកបានសហការជាមួយនឹងវិស្វករម្នាក់ឈ្មោះ Keith Tantlinger ក្នុងការរចនាទូរកុងតឺន័រមួយដែលមានលក្ខណៈសាមញ្ញ មាំ ងាយស្រួលរំកិល និងសុវត្ថិភាព។
លោក Malcom បានកែប្រែរថយន្តដឹកទំនិញ និងកប៉ាល់របស់លោកឲ្យមានលក្ខណៈពិសេសក្នុងការដឹកទូរកុងតឺន័រទាំងនេះ។ ការលើកដាក់ទំនិញត្រូវបានគេប្រើប្រាស់ពេលវេលាកាន់តែខ្លីទៅៗ និងចំណេញកន្លែងស្តុកទៀតផង។ ដោយសារតែភាពងាយស្រួលនេះ ទើបក្រុមហ៊ុនជាច្រើនដទៃទៀតបានចាប់ផ្តើមយកតម្រាប់តាមជាមួយនឹងបច្ចេកវិទ្យាថ្មីមួយនេះ។
សព្វថ្ងៃ ទូរកុងតឺន័រស្តង់ដារពីរប្រភេទដែលគេប្រើប្រាស់គឺ ប្រភេទទំហំ ២០ហ្វ៊ូត និង ៤០ហ្វ៊ូត។ ការកែប្រែនេះត្រូវបានគេដាក់ឈ្មោះថា «Containerization»។ គេអាចនិយាយបានថា ទំនិញដែលធ្វើដំណើរមកដល់ដៃរបស់គ្រប់គ្នាក្នុងតម្លៃមួយធូរថ្លៃ និងរហ័យនេះគឺជាសមិទ្ធផលនៃការរកឃើញរបស់បុរសម្នាក់ក្នុងរយៈពេលតែជាង៦០ឆ្នាំមុនប៉ុណ្ណោះ៕