ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ផ្តើម​ពី​សរសេរ​អត្ថបទ​ខ្លី​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ជំរុញ​ឲ្យ​និស្សិត​ស្ថាបត្យកម្ម លីន​ប៉ាវ ក្លាយជា​អ្នកនិពន្ធ​សៀវភៅ​
25, Jan 2020 , 4:59 pm        
រូបភាព
​ភ្នំពេញ​៖ ផ្តើម​ពី​ការសរសេរ​អត្ថបទ​រឿង​ខ្លីៗ និង​រឿង​«​ដំបូលផ្ទះ​ស្រី​» ដែល​អត្ថបទ​ប្រលោមលោក​ដំបូង​របស់​យុវជន ស៊ុយ លីន​ប៉ាវ សម្រាប់​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក និង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​អ្នកអាន​។ ផ្តើម​ពី​ការនិពន្ធ​រឿង​ខ្លីៗ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នេះហើយ ធ្វើ​ឲ្យ​និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​ស្ថាបត្យកម្ម ស៊ុយ លីន​ប៉ាវ ក្លាយជា​អ្នកនិពន្ធ​សៀវភៅ​វ័យក្មេង​មួយរូប​។ ក្នុង​រយៈពេល​មួយឆ្នាំ​កន្លះ យុវ​ជ​វ័យ​២១​ឆ្នាំ​រូបនេះ បាន​ឆ្លៀត​ពី​ការសិក្សា និពន្ធ​សៀវភៅ​អប់រំ​បែប​កុមារ និង​ប្រលោមលោក​បាន​រហូតដល់​ទៅ​៧​ក្បាល​។ ជា​និស្សិត​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​មែនពិត តែ​យ៉ាងណា លីន​ប៉ាវ នៅតែ​បន្ត​និពន្ធ​សៀវភៅ​សម្រាប់​បោះ​ពុ​ម្ភ និង​សរសេរ​រឿង​ខ្លីៗ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ជាការ​កម្សាន្ត និង​ចែករំលែក​ដល់​អ្នកអាន​។​


 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក ស៊ុយ លីន​ប៉ាវ អ្នកនិពន្ធ​រឿង​ប្រលោមលោក ដូចតទៅ​៖ 
 
 

​ជា​និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​ស្ថាបត្យកម្ម នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា តែ លីន​ប៉ាវ ស្រឡាញ់​ចូលចិត្ត​វិស័យ​តែង​និពន្ធ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក លីន​ប៉ាវ បាន​បញ្ជាក់ថា ថ្វីបើ​ការនិពន្ធ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក មិនអាច​ធ្វើ​ឲ្យ​រូបលោក​ទទួលបាន​កម្រៃ ដូច​ការនិពន្ធ​សៀវភៅ​ក្ដី តែ​ការគាំទ្រ​ពី​អ្នកអាន​តាម​ហ្វេ​ស​ប៊ុ​ក​នេះហើយ ដែល​ធ្វើ​ឲ្យ​រូបលោក​បាន​ក្លាយជា​អ្នកនិពន្ធ​ដូច​សព្វថ្ងៃ​។ លោក​បាន​រៀបរាប់​យ៉ាងដូច​ច្នេះ​៖«​បានជា​ខ្ញុំ​ស្រលាញ់​ការ​បង្ហោះ​រឿង​ក្នុង​ហ្វេ​ស​ប៊ុ​ក ព្រោះ​វា​ជា​កម្លាំងចិត្ត​មួយ​យ៉ាង​ធំ​ឲ្យ​ខ្ញុំ​ឈាន​ជើង​ចូលក្នុង​វិស័យ​តែង​និពន្ធ​។ នៅពេលដែល​ខ្ញុំ​បង្ហោះ​រឿង​នៅក្នុង​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត​ជាង​ពេលចេញ​ជា​សៀវភៅ​។ ទម្រាំ​ចេញ​ជា​សៀវភៅ​មួយ​ក្បាលៗ គឺ​តានតឹង​មែនទែន តែ​ពេល​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ និង​មាន​កម្លាំងចិត្ត​នឹងធ្វើ​វា​»​។​
 
​រឿង​ប្រលោមលោក​ដែល លីន​ប៉ាវ បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ភាគច្រើន​ជា​រឿង​បែប​កំប្លែង ដែល​ឲ្យ​អ្នកអាន​ហើយ​សប្បាយចិត្ត​កាត់​បន្ថែ​ម​អារម្មណ៍​ស្មុគស្មាញ​ពី​ការសិក្សា​និង​ការធ្វើការងារ​។ អ្នកនិពន្ធ​សម្បុរ​ស រូបនេះ​បាន​អះអាងថា ខ្លួន​ចង់ឃើញ​ស្នាមញញឹម​របស់​អ្នកអាន​តាមរយៈ​ការអាន​រឿង​ប្រលោមលោក​របស់ខ្លួន​។ ទោះបី​មមាញឹក​ក្នុងការ​សិក្សា និង​និពន្ធ​សៀវភៅ​យ៉ាងណាក៏ដោយ តែ​អ្នកនិពន្ធ រូបនេះ គ្មាន​បំណង​បោះបង់​ការនិពន្ធ​ប្រលោមលោក​តាម​ហ្វេ​ស​ប៊ុ​ក​ឡើយ​។​
 
​កា​រស​សេរ​រឿង​ខ្លីៗ និង​ប្រលោមលោក​តាម​ហ្វេ​ក​ប៊ុ​ក បានធ្វើ​ឲ្យ​យុវជន​វ័យ​២១​ឆ្នាំ ស៊ុយ លីន​ប៉ាវ វិវត្តន៍​ខ្លួន​រហូត​ក្លាយជា​អ្នកនិពន្ធ​វ័យក្មេង​មួយរូប​។ បច្ចុប្បន្ននេះ លីន​ប៉ាវ មាន​ស្នាដៃ​សៀវភៅ​ប្រលោមលោក និង​រឿង​បែប​កុមារ​ចំនួន​៧​ស្នាដៃ ដូចជា រឿង​បឹង​អតីត កូន​អ្នក​រើស​សំរាម សារិកា​តូច បណ្ដឹង​គីង្គក់ មាន​លុយ​បាត់​ម៉ែ ចរិយា​យក្ស​កំណាច និង​កូន​ស្វា​តូច​និង​ហ្មដំរី​៕
 

Tag:
 ហ្វេ​ស​ប៊ុ​ក​
  និពន្ធ​
  ស៊ុយ លីន​ប៉ាវ​
© រក្សាសិទ្ធិដោយ thmeythmey.com