ភ្នំពេញ៖ ក្នុងមួយឆ្នាំ២០១៩ ចំណូលពីថ្លៃសួយសារព្រៃឈើមានសរុប ២៥ ៧២៩ ១៦៧ ៤៨៥រៀល និង ១៤៨ ២៨១ ដុល្លារ។ សរុបគិតជាប្រាក់ដុល្លារគឺ ៦,៥លានដុល្លារ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចេញផ្សាយនៅថ្ងៃទី២៣ខែមករា។ សង្គមស៊ីវិល និងសកម្មជនព្រៃឈើ មិនពេញចិត្តចំពោះចំណូលព្រៃឈើដែលទទួលបានត្រឹមជាង៦លានដុល្លារក្នុងមួយឆ្នាំនេះទេ និងការបណ្ដែតបណ្ដោយឲ្យមានការកាប់បំផ្លាញព្រៃឈើខ្មែរមកទល់សព្វថ្ងៃ។
សកម្មជនព្រៃឈើលោក ហេង ស្រស់ ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃនេះថា ចំណូលព្រៃឈើដែលទទួលបាននេះ គឺមិនស៊ីគ្នានឹងការបាត់បង់ឈើនោះឡើយ។ លោកបានលើកឡើងពីតំបន់ដែលមានការកាប់ឈើគគ្រឹកគគ្រេងចំនួន៤កន្លែង ដែលលោកបានចុះទៅអង្កេតផ្ទាល់។ លោកថាគ្រាន់តែ៤តំបន់នេះគឺការកាប់ព្រៃឈើមានតម្លៃរាប់រយលានដុល្លារឯណោះ។
លោក ហេង ស្រស់ និយាយយ៉ាងដូច្នេះថា៖«ខ្ញុំរកឃើញ៤តំបន់ដែលមានការបាត់បង់ព្រៃឈើ។ ទី១ខេត្តពោធិ៍សាត់ ដែលមានក្រុមហ៊ុនឧកញ៉ាទ្រីភាពដែលមានMDS1 និងMDS2 គ្រាន់តែពីរហ្នឹងតម្លៃឈើដែលបាត់បង់គឺមានជាង ១២០លានដុល្លារ។ ងាកមកតំបន់ព្រៃឡង់ គឺបាត់បង់ព្រៃទៅដល់ជាង៥០០លានដុល្លារ។ រីឯតំបន់ភ្នំព្រិចនៅមណ្ឌលគិរី មានដល់៧ក្រុមហ៊ុន ហើយត្រឹម១០ខែគេរកបានជាង១០០លានដុល្លារ ដែលលុយទាំងអស់ហ្នឹង មិនបានចូលរដ្ឋទាល់តែសោះ គឺសុទ្ធតែកាប់បំផ្លាញព្រៃឈើឆៅៗដឹកយកទៅលក់ប្រទេសវៀតណាមឆៅតែម្ដង។ ងាកមកខេត្តរតនគិរីវិញ គឺមានស្រុកអូរយ៉ាងដាង ដែលមានភូមិចំនួន៣ក្នុងនោះ ដែលរងការកាប់បំផ្លាញព្រៃឈើបែបលោតឆ័ត្រ អត់មានបង់ពន្ធបង់អីទាំងអស់ គឺចូលដល់៧២លានដុល្លារ។
លោកបន្តបែបទៀតថា៖«សរុបទាំងអស់ទៅទំហំនៃការបាត់បង់ព្រៃឈើក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ គឺមានចំនួនជាង៨០០លានដុល្លារ ដែលឈ្មួញទាំងអស់ហ្នឹងបានលក់យកលុយប្រើប្រាស់ផ្ទាល់ខ្លួន មិនបានបង់ចូលរដ្ឋ។ បើយើងមើលពីទំហំបាត់បង់ព្រៃឈើគឺច្រើនណាស់ ហេតុអីរដ្ឋប្រមូលបានតែ៦លាន វាអត់សម។ គ្រាន់តែក្រុមហ៊ុនស៊ីបាយអូតិចមួយ ក៏ត្រូវប្រមូលបានរាប់លានដុល្លារដើម្បីចូលរដ្ឋដែរ»។
តើគណនាឬអង្កេតបែបម៉េច បានលោកហ៊ានអះអាងថាការកាប់ឈើទាំងនោះមានតម្លៃដល់ ៨០០លានដុល្លារក្នុងឆ្នាំ២០១៩?
លោក ហេង ស្រស់ ឆ្លើយតបយ៉ាងដូច្នេះថា៖«យើងចុះទៅផ្ទាល់ យើងវាយតម្លៃដោយផ្ទាល់ យើងយកឯកតាហ្នឹងចេញពីក្រសួងកសិកម្មថែមទៅទៀត គឺយើងយកចេញពីក្រដាសប៉េសេ(លិខិតអនុញ្ញាតដឹកជញ្ជូនឈើ)។ ក្នុងមួយឡានក្រសួងចេញឲ្យ១៨ម៉ែត្រគូប តែជាក់ស្ដែងវាចូលទៅដល់ ៥០ទៅ៧០ម៉ែត្រគូបក្នុងមួយរថយន្តយីឌុប អ៊ីចឹងឈើទាំងអស់ហ្នឹងគឺសុទ្ធតែលើសពីចំនួនដែលក្រសួងចេញឲ្យ»។ លោកបន្ថែមថា៖«ហើយយើងមើលគេមួយអាទិត្យគេដឹកប៉ុន្មានឡាន ១ខែគេដឹកប៉ុន្មានឡាន។ ក្នុងតំបន់ភ្នំព្រិចមួយ យើងបានតាមដានក្នុងរយៈពេលមួយឆ្នាំ យើងបានគណនា គឺមាន៥២០០ឡានដែលដឹកចេញពីតំបន់នេះទៅលក់នៅវៀតណាម។ ហើយក្នុងមួយឡានហ្នឹងក្នុងមួយគូបយើងគិតត្រឹម៥០០ដុល្លារ ក្នុងមួយឡានមាន១៨ម៉ែត្រគូប យើងគុណទៅតើឃើញប៉ុន្មានលុយ?»។
លោក ហេង ស្រស់ អះអអាងថា បើរដ្ឋាភិបាលគ្រប់គ្រងបានត្រឹមត្រូវ គឺរកចំណូលបានច្រើនរយលានដុល្លារសម្រាប់យកទៅអភិវឌ្ឍន៍ជាតិ។ លោកថាគួរឲ្យសោកស្ដាយដែលវៀតណាម ជាប្រទេសទិញឈើដែលកាប់ពីដីកម្ពុជាសោះ តែកែច្នៃនាំចេញបានដល់ទៅដល់ ១១ពាន់លានដុល្លារក្នុងឆ្នាំ២០១៩។
លោកមានប្រសាសន៍ថា ដោយផ្អែកលើស្ថានភាពសព្វថ្ងៃ ដែលរដ្ឋមិនអាចគ្រប់គ្រងបានត្រឹមត្រូវក្នុងការទាញយកផលប្រយោជន៍យ៉ាងសន្ធឹកពីព្រៃឈើ ដូចនេះរដ្ឋាភិបាលគួរតែបិទអាជីវកម្មឈើនេះ ពិសេសមិនឲ្យមានការនាំចេញទៅប្រទេសជិតខាង ដើម្បីឲ្យព្រៃឈើនៅគង់វង្ស។ សកម្មជនព្រៃឈើរូបនេះបានផ្ដល់អនុសាសន៍ដូច្នេះថា៖«ដំណោះស្រាយយើងដាក់ជូនរដ្ឋាភិបាលក្នុងមួយឆ្នាំៗមិនតិចសន្លឹកទេ ប៉ុន្តែរដ្ឋាភិបាលមិនដែលគិតទេ។ ដំណោះស្រាយដែលយើងដាក់ឲ្យគឺទី១បិទរោងចក្រអារឈើក្នុងប្រទេសកម្ពុជាចោលទាំងអស់ ទី២ឈប់ចេញក្រដាសប៉េសេ ដែលជាក្រដាសសម្រួលពីឈើខុសច្បាប់ទៅជាឈើស្របច្បាប់ កុំឲ្យមានការដឹកជញ្ជូនឈើ កុំឲ្យមានការកាប់បំផ្លាញព្រៃឈើក្នុងប្រទេសកម្ពុជាទាំងអស់ ទី៣ ហាមដាច់ខាតការរត់ពន្ធឈើចេញពីកម្ពុជាយកទៅលក់នៅក្រៅប្រទេស»។
លោក សន ជន ប្រធានអង្គការសម្ព័ន្ធគណនេយ្យសង្គមកម្ពុជា លើកឡើងប្រហាក់ប្រហែលលោក ហេង ស្រស់ ដែរដែលចំណូលនេះមិនស័ក្ដិសមនឹងការបាត់បង់ព្រៃឈើ។ «៦លានដុល្លារនេះ បើប្រៀបធៀបនឹងអ្វីដែលបាត់បង់ទៅ ហើយអ្វីដែលជាសកម្មភាពតវ៉ាចង់អភិរក្សព្រៃឈើ ខ្ញុំឃើញវាជាចរន្តមួយដើរបញ្ច្រាសគ្នាយ៉ាងពេញទំហឹង។ នេះមិនទាន់គិតគូរអំពីផលប៉ះពាល់បរិស្ថានពីការកាប់ឈើនេះទៀតផង»។ លោកចង់ឃើញការគ្រប់គ្រងព្រៃឲ្យមាននិរន្តរភាព។
ជាមួយគ្នានេះ លោក សន ជ័យ ឲ្យមានការយកចិត្តទុកដាក់ ដែលអំពើកាប់ឈើខុសច្បាប់ បន្លំខ្លួនជាមួយនឹងការកាប់ស្របច្បាប់។ លោកគូសបញ្ជាក់បែបនេះថា៖«រឿងស្របច្បាប់ និងមិនស្របច្បាប់នេះ គឺវាសឹងតែដើរទន្ទឹមគ្នាទៅហើយ វាសុទ្ធតែជាឱកាសមួយ សម្រាប់ពួកខិលខូចនៅក្នុងការរួមគ្នាបំផ្លាញព្រៃឈើរបស់កម្ពុជា។ ការលួចបន្លំ នៅក្បែរឬស្របជាមួយនឹងការអនុញ្ញាតនេះ គឺស្ថិតក្នុងចំណុចមួយគួរឲ្យព្រួយបារម្ភ»។ លោកបន្ថែមថា បញ្ហានេះ បង្កផលលំបាកមួយសម្រាប់សកម្មជនព្រៃឈើ និងអ្នកអនុវត្តច្បាប់ ក្នុងការតាមដានការកាប់ឈើ ការដឹកជញ្ជូនឈើទាំងនោះ។
លោកដាក់ការសង្ស័យថា ដោយសារតែអ្នកអនុវត្តច្បាប់ និងអ្នកកាប់បំផ្លាញព្រៃឈើ មានទំនាក់ទំនងផលប្រយោជន៍នឹងគ្នា បានពិបាកដល់ការបង្ក្រាប។ «វានៅមានទំនាស់ផលប្រយោជន៍ធ្ងន់ធ្ងររវាងឈ្មួញ និងអ្នកអនុវត្តច្បាប់ ជាហេតុធ្វើឲ្យការបង្ក្រាបមានប្រសិទ្ធភាពតែរយៈពេលខ្លី»។
លោកយល់ស្របឲ្យបិទការនាំចេញឈើទៅប្រទេសជិតខាង និងមិនត្រូវឲ្យមានសម្បទានដីនៅជាប់ព្រំដែនដល់ក្រុមហ៊ុនបរទេសដែលមកពីប្រទេសជិតខាងនោះទេ ដែលអាចងាយបន្លំដឹកឈើចេញទៅក្រៅ។ លោកបញ្ជាក់បន្ថែមថា អំពើពុករលួយរបស់មន្ត្រីនៅព្រំដែន ក៏ជាឧបសគ្គក្នុងការអនុវត្តច្បាប់ ដើម្បីការពារព្រៃឈើផងដែរ៕