ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើ​ភ្ញៀវទេសចរ​និយាយ​អ្វីខ្លះ​ពី​តំបន់​អង្គរ​?
25, Jan 2020 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅពេល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​មកដល់​តំបន់​អង្គរ​ខេត្តសៀមរាប ពួកគេ​បានបង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល ព្រោះ​វា​ហាក់ដូចជា​ពួកគេ​កំពុងស្ថិត​នៅក្នុង​ពិភព​មួយ​ផ្សេង​។ សំណង់​ប្រាសាទបុរាណ​ដ៏​ល្អឥតខ្ចោះ ទិដ្ឋភាព​ដើមឈើ​ធំៗ និង​ផ្ទាំង​ថ្ម ដែលមាន​ឆ្លាក់​នូវ​រឿងរ៉ាវ​អតីតកាល​រាប់មិនអស់ បានធ្វើ​ឲ្យ​អ្នកទេសចរ​រំភើប​ជាខ្លាំង ដូចជា​ពួកគេ​បាន​ត្រឡប់​ទៅកាន់​អតីតកាល​ជាង​១​ពាន់​ឆ្នាំមុន​ដូច្នេះ​ដែរ​។ ចង់ដឹងថា​តើ​ភ្ញៀវទេសចរ​បាន​និយាយ​អ្វីខ្លះ​ពី​តំបន់​អង្គរ​ដ៏​អស្ចារ្យ​មួយ​នេះ​?

 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី ដូចតទៅ​៖ 



 
​ខេត្តសៀមរាប គឺជា​ខេត្ត​ទេសចរណ៍​សំខាន់​ជាងគេ​នៅ​កម្ពុជា ព្រោះ​មាន​ប្រាង្គ​ប្រាសាទ​ជាច្រើន​ស្ថិតនៅ​ទីនោះ ជាពិសេស ប្រាសាទអង្គរវត្ត ដែលជា​អច្ឆរិយៈវត្ថុ​ដ៏​អស្ចារ្យ​របស់​ពិភពលោក​។ ប្រាសាទអង្គរវត្ត ដែល​ចាប់ផ្តើម​សាងសង់​ក្នុង​សតវត្សរ៍​ទី​១២​នៃ​គ្រឹ​ស្ត​សករាជ​ដោយ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ បាន​ក្លាយជា​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្អ​ឯក​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​។ បច្ចុប្បន្ន បេតិកភណ្ឌ​របស់​ពិភពលោក​ដ៏​ពិសិដ្ឋ​នេះ បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ទី​១​របស់​ភ្ញៀវទេសចរ​បរទេស ដែល​បាន​ឆ្លងដែន​មកដល់​ទឹកដី​នៃ​ប្រទេស​កម្ពុជា​។
 
​លោក STUART BLAIR ជា​ភ្ញៀវទេសចរ​ជនជាតិ​អូស្ត្រាលី​ម្នាក់ ដែល​កំពុង​ដើរ​ទស្សនា​រូបចម្លាក់​នៅ​ជញ្ជាំង​ប្រាសាទអង្គរវត្ត​ជាមួយ​ភរិយា​របស់ខ្លួន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​បាន​ស្គាល់​ប្រាសាទអង្គរវត្ត​តាមរយៈ​ទង់ជាតិ​ខ្មែរ​។ ហើយ​នៅពេល​លោក​បានមក​ទស្សនា​ផ្ទាល់ លោក​បានបង្ហាញ​អារម្មណ៍​រំភើប និង​បាន​ស្ងើចសរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​ដូនតា​ខ្មែរ ដែល​បាន​សាងសង់​សំណង់​ដ៏​មហិមា​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​។  
 
​មាន​មាឌ​ធាត់ និង​រាង​ខ្ពស់ ព្រមទាំង​មាន​សក់​ស្គូ​វ​ផង លោក Stuart Blair ដែល​បានមក​ទស្សនា​ប្រាសាទអង្គរវត្ត​ជា​លើកទីមួយ បាន​រៀប​រាប់ទាំង​ទឹកមុខ​សប្បាយរីករាយ​ថា​៖ «​វា​ពិត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់​។ ខ្ញុំ​បានឃើញ​សំណង់​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ ដែល​ពិភពលោក​ពុំដែល​មាន​ទេ​។ វា​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​។ ក្រៅពី​ប្រាសាទ នៅ​សៀមរាប គឺជា​ក្រុង​មួយ​ដ៏​ធំ និង​មាន​តំបន់​ទេសចរណ៍​ជាច្រើន​ផ្សេងទៀត​។ សៀមរាប​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​គួរសម ខណៈដែល​ការ​ទុកដាក់​សំរាម ក៏​គ្រាន់បើ​ដែរ​ដែល​វា​ខុសពី​ក្រុងព្រះសីហនុ​»​។​
 
 
 
​កំពុង​ដើរ​ទស្សនា​ប្រាសាទ​ជាមួយ​ក្រុមការងារ​រប​ស់​ខ្លួន លោក Jean Picrre Maninguy ភ្ញៀវ​ទេសចរណ៍​ជនជាតិ​បារាំង​ម្នាក់ បាន​ឲ្យ​ដឹងថា លោក​បានមក​ទស្សនា​ប្រាសាទអង្គរវត្ត​៥​ដង​មកហើយ ព្រោះ​លោក​ចង់​រៀនសូត្រ​បន្ថែម​ពី​សំណង់​ប្រាសាទអង្គរវត្ត និង​វប្បធម៌​ខ្មែរ​ដ៏​រស់​រវើក​នៅក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប​។​
 
​ក្នុង​វ័យ​៧២​ឆ្នាំ Jean Picrre Maninguy ដែលមាន​សម្បុរ​ស សក់ស ភ្នែក​ពណ៌​លឿង និង​រាង​ខ្ពស់ស្រឡះ រៀបរាប់​ទាំង​ទឹកមុខ​រីករាយ​ថា​៖ «​ខ្ញុំ​ស្រឡាញ់​អង្គរវត្ត​។ ពេល​ខ្ញុំ​បាន​ឈាន​ជើង​ចូលមក​ប្រាសាទអង្គរវត្ត ហាក់ដូចជា​ខ្ញុំ​បានមក​កាន់​ឋានសួគ៌​។ ខ្ញុំ​ហាក់ដូចជា​បាន​ដើរ​ឆ្លងស្ពាន ហើយ​បាន​ចូលមក​អង្គរវត្ត​ដូច​ដើរ​ឆ្លងកាត់​បណ្ណាល័យ​មួយ​។ ខ្ញុំ​មក​ទីនេះ ពីព្រោះ ខ្ញុំ​អាច​រៀន​អ្វី​បាន​ថ្មីៗ​ពី​វប្បធម៌​ខ្មែរ និង​រូបចម្លាក់ រៀនសូត្រ​ពី​គំនិត​បុព្វបុរស​ខ្មែរ​។ វា​មេរៀន​ដ៏​ល្អ​សម្រាប់​ជីវិត​របស់ខ្ញុំ​ដែលជា​អ្នក​ចូលនិវត្តន៍​»​។  
 
​បើតាម​អ្នកទេសចរ​ជនជាតិ​បារាំង​ដដែល លោក​តែងតែ​ស្នាក់នៅ​ខេត្តសៀមរាប​ប្រហែល​២​សប្តាហ៍ ដើម្បី​ដើរ​ទស្សនា​តំបន់​អង្គរ​ឲ្យ​បាន​ច្រើន​កន្លែង ដែល​នេះ​ជាការ​រៀនសូត្រ​ដ៏​មាន​អត្ថន័យ​សម្រាប់​ជីវិត​របស់លោក​។  
 
 
 
​នៅ​ខេត្តសៀមរាប មាន​ប្រាង្គ​ប្រាសាទ​រាប់រយ ហើយ​នៅតាម​ប្រាសាទ​នីមួយៗ គេ​តែងតែ​សង្កេតឃើញថា មាន​ភ្ញៀវទេសចរ​បរទេស ស្ទើរតែ​ច្រើនជាង​ជនជាតិខ្មែរ​ទៅទៀត​។ បើតាម​របាយការណ៍រ​បស់​ក្រសួងទេសចរណ៍ នៅ​១០​ខែ​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ ភ្ញៀវទេសចរ​បរទេស​បាន​ចូលមក​កម្ពុជា​ចំនួន​ជាង​៥​លាន​២០​ម៉ឺន​នាក់ និង​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​ជាង​២​លាន​២០​ម៉ឺន​នាក់​។ 
 
​ក្រៅពី​សំណង់​ប្រាសាទ តំបន់​សៀមរាប ត្រូវបាន​ពលរដ្ឋ​ចាត់ទុកថា ជាទី​សក្ការៈ​ដ៏​ស័​ក្ដ​សិទ្ធិ និង​ជា​កន្លែង​ដ៏​គួរ​ឲ្យ​គយគន់​មិនចេះ​ជិនណាយ​។ ដើមឈើ​ធំៗ ព្រៃព្រឹក្សា​នៅ​អម​ប្រាសាទបុរាណ​យ៉ាង​សម្បើម បាន​បង្កើត​នូវ​ផ្ទាំងទស្សនីយភាព​ដ៏​ល្អឥតខ្ចោះ ដែល​នាំ​ឲ្យ​អ្នក​ស្រឡាញ់​ធម្មជាតិ បរិស្ថាន និង​អ្នកស្រាវជ្រាវ​នានា តែងតែ​កំណត់​យក​តំបន់​អង្គរ ធ្វើជា​គោលដៅ​នៃ​ដំណើរ​កម្សាន្ត ឬ​កម្មសិក្សា​របស់​ពួកគេ​។  
 
​កញ្ញា នរ ប​តី និស្សិត​ឆ្នាំ​ទី​២​មកពី​ទីក្រុង​ភ្នំពេញ ដែល​មក​ចុះ​កម្មសិក្សា​នៅ​តំបន់​អង្គរ​ខេត្តសៀមរាប បាន​និយាយថា ខេត្តសៀមរាប មាន​ភាពស្រស់ស្អាត និង​មាន​បរិស្ថាន​ស្អាត បើ​ធៀប​ជាមួយ​ក្រុងភ្នំពេញ​។ និស្សិត​វ័យ​១៨​រូបនេះ បន្តថា ក្រុម​ខ្លួន​បានដាក់​គោលដៅ​នៃ​កម្មសិក្សា​នៅ​ប្រាសាទបុរាណ​ក្នុង​តំបន់​អង្គរ ដ្បិត​ទីនេះ​មាន​សំណង់​ប្រាសាទ​ប្រវត្តិសាស្ត្រ​ជាច្រើន សម្រាប់​ទស្សនា និង​សិក្សា​រៀនសូត្រ​។     
 
​អង្គុយ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​ជាមួយ​មិត្តភក្តិ​ជាច្រើន នរ ប​តី ដែលមាន​រាង​ខ្ពស់ ស្លៀកសំពត់​វែង​ពណ៌​ក្រហម និង​ពាក់អាវ​ក្រណាត់​ដៃ​វែង បាន​រៀបរាប់​ទាំងមុខ​ញញឹម​ថា​៖ «​ចំពោះ​ខ្ញុំ តំបន់​អង្គរវត្ត និង​ប្រាសាទ​នានា គឺជា​មោទកភាព​ចំពោះ​ខ្មែរ​យើង​។ បុព្វបុរស​មុនៗ មាន​ស្នាដៃ​ល្អ ព្រោះ​ពួកគេ​បាន​សាងសង់​ប្រាសាទ​នីមួយៗ​មិនមែន​ងាយស្រួល​ឯណា យើង​លើក​ថ្ម លី​ថ្ម​…»​។   
 
​តាមពិតទៅ នរ ប​តី មិនមែន​ទើបតែ​មក​ប្រាសាទអង្គរវត្ត​ជា​លើកទីមួយ​ទេ​។ នាង​បានមក​ទស្សនា​តំបន់​អង្គរ​ចំនួន​៥​ដង​រួចមកហើយ​។ បើតាម នរ ប​តី បើទោះបី​នាង​បានមក​តំបន់​អង្គរ​ញឹកញាប់​មែន តែ​អ្នក​ភ្នំពេញ​រូបនេះ នៅតែ​មិនទាន់បាន​ទស្សនា​ប្រាសាទ​នៅ​តំបន់​អង្គរ​អស់​នៅឡើយ​ទេ​។​
 
​យើង​បញ្ចប់​ការសាកសួរ​ភ្ញៀវទេសចរ​នៅ​ប្រាសាទអង្គរវត្ត ដោយ​ងាក​មក​សាកសួរ​អ្នកទេសចរ​នៅ​ប្រាសាទបន្ទាយស្រី​វិញ​ម្តង​។ ប្រាសាទបន្ទាយស្រី មាន​ចម្ងាយ​ប្រហែល​ជាង​៣០​គីឡូម៉ែត្រ​ភាគ​ខាងជើង​ខេត្តសៀមរាប​។ កញ្ញា សំ លក្ខិណា អាយុ​១៧​ឆ្នាំ ជា​អ្នក​ខេត្តកំពង់ស្ពឺ ដែល​ធ្វើដំណើរ​មក​ខេត្តសៀមរាប​ជាមួយ​ក្រុមគ្រួសារ​ជា​លើកដំបូង​។  ជា​សិស្ស​ថ្នាក់​ទី​១២ លក្ខិណា កំពុង​សម្លឹងមើល​ចម្លាក់​ថ្ម​ដ៏​ល្អ​គ្មាន​គូរ​ប្រៀប​នៃ​ប្រាសាទបន្ទាយស្រី ហើយ​បាន​ស្រដី​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា នាង​មាន​អារម្មណ៍​ហាក់ដូចជា​កំពុង​ស្ថិតនៅក្នុង​ប្រវត្តិសាស្ត្រ​សម័យអង្គរ ដែល​នាង​ធ្លាប់បាន​អាន​សៀវភៅ​កន្លងមក​។ 


កញ្ញា សំ លក្ខិណា(ស្តាំ) និងគ្រួសារនៅពេលទស្សនាប្រាសាទបន្ទាយស្រី
 
​មាន​សម្បុរ​ស និង​ស្រស់​សោភា លក្ខិណា បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​មុន​មក​សៀមរាប មួយអាទិត្យ​មុន ខ្ញុំ​បាន​មើល​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ឃើញថា អង្គរ​មាន​៣​សម័យកាល មានព្រះអង្គ​សាងសង់​អង្គរ មាន​សង្គ្រាម …​ដល់ពេល​មក​ឃើញ​អង្គរ មាន​អារម្មណ៍​ថា ដូច​ខ្លួនឯង​ស្ថិតនៅ​ក្នុងសម័យ​កាលនោះ​ដូច្នេះ​ដែរ​»​។​
 
​ក្រៅពី​រីករាយ​ជាមួយ​ការដើរ​ទស្សនា​ប្រាសាទបុរាណ​ជាច្រើន​មក យុវតី​ដែល​ចូលចិត្ត​ថតរូប​ម្នាក់នេះ ក៏​ប៉ង​ចង់​រស់នៅ​ខេត្តសៀមរាប ដ្បិតតែ​ទីនេះ មាន​សម្បូរ​ប្រាសាទបុរាណ មាន​ទេសភាព​ស្អាត ដោយមាន​ដើមឈើ​ធំៗ បង្កើតជា​ម្លប់​ត្រឈឹងត្រឈៃ និង​មាន​សភាព​ស្ងប់ស្ងាត់​៕         
 

 

Tag:
 អង្គរវត្ត​
 ​អ្នកទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com