សុខភាព
អន្តរជាតិ
អ្នកឆ្លងកូរ៉ូណាវីរុសនៅថៃកើនដល់៧នាក់ ខណៈអាជ្ញាធរថៃសុំកិច្ចសហការបន្ថែមពីភាគីចិន អ្នកដំណើរដែលមកពីវូហាន និង Ghangzhou ត្រូវឆ្លងកាត់ការត្រួតពិនិត្យនៅអាកាសយានដ្ឋានសុវណ្ណភូមិ។ បច្ចុប្បន្នជើងហោះហើរវូហាន-បាងកក ត្រូវបានលុបចោល។ រូបថត AFP
× ថៃមានអ្នកឆ្លងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ឡើងដល់៧ករណីហើយ ដោយគិតត្រឹមល្ងាចថ្ងៃទី២៥ ខែមករា នេះ។ បើតាមការផ្សាយរបស់ Reuters អាជ្ញាធរថៃសុំកិច្ចសហការផ្តល់ព័ត៌មានបន្ថែមពីភាគីចិនទាក់ទងអ្នកដំណើរ មុនពេលពួកគេបំពាក់បន្ថែមនៅម៉ាស៊ីនស្កែនតាមអាកាសយានដ្ឋាន។
អាកាសយានដ្ឋានសុវណ្ណភូមិ បានបំពាក់ម៉ាស៊ីនស្កែនកំដៅលើអ្នកដំណើរពីក្រុង Guangzhou និងវូហាន ប៉ុន្តែមិនមែនគ្រប់ទីក្រុងទាំងអស់របស់ចិននោះឡើយ។ ករណីនេះ ថៃចង់បានកិច្ចសហការផ្តល់ព័ត៌មានច្បាស់ការពីចិនទាក់ទងអ្នកដំណើរ មុនពេលសម្រេចបំពាក់ម៉ាស៊ីនស្កែនបន្ថែមទៀត។
តាម Reuters លោក Suthirawat Suwannawat អគ្គនាយកអាកាសយានដ្ឋានសុវណ្ណភូមិ បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងនឹងបំពាក់ម៉ាស៊ីនស្កែនវីរុស ប្រសិនបើរដ្ឋាភិបាលចិន ប្រកាសឲ្យយើងប្រុងប្រយ័ត្នអ្នកដំណើរពីក្រុងផ្សេងទៀត ក្រៅពីវូហាន និង Guangzhou»។
កាសែត The Guardian បានឲ្យដឹងថា ចំនួនអ្នកឆ្លងកូរ៉ូណាវីរុស ឡើងដល់ខ្ទង់១៤០០នាក់ ដោយភាគច្រើនបំផុតនៅប្រទេសចិន។ មនុស្ស៤១នាក់ បានស្លាប់នៅចិន បើគិតត្រឹមម៉ោង១១យប់ថ្ងៃទី២៥ ខែមករា នេះ។ ក្រៅពីចិន និងថៃ ប្រទេស និងតំបន់ផ្សេងទៀត ដែលមានករណីរាលដាលរួមមាន ហុងកុង ម៉ាកាវ តៃវ៉ាន់ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក អូស្ត្រាលី បារាំង និងណេប៉ាល់៕
© រក្សាសិទ្ធិដោយ thmeythmey.com