ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បណ្ឌិត ឈត ប៊ុនថង ថា សីលធម៌សង្គមខ្មែរ បានធ្លាក់ចុះក្នុងកម្រិតធ្ងន់ធ្ងរខ្លាំង
× ភ្នំពេញ៖ បច្ចុប្បន្ន សង្គមកម្ពុជា កំពុងជួបប្រទះបញ្ហាដ៏ធំមួយ នោះ គឺសីលធម៌របស់ពលរដ្ឋខ្មែរទូទៅ បានធ្លាក់ចុះខ្លាំងគួរឲ្យព្រួយបារម្ភ។ អំពើហិង្សា ការលួច ឆក់ប្លន់ ការចាប់រំលោភ ការជេរប្រទេចគ្នា និងអំពើអាក្រក់ជាច្រើនទៀត បាន និងកំពុងញាំញីសង្គមខ្មែរ និងរំខានដល់សុដុមរមនារបស់សង្គមទាំងមូល។ សាស្ត្រាចារ្យទស្សនាវិជ្ជា លោកបណ្ឌិត ឈត ប៊ុនថង អះអាងថា បច្ចុប្បន្ន ការធ្លាក់ចុះផ្នែកសីលធម៌ក្នុងសង្គមខ្មែរ បានឈានដល់កម្រិតធ្ងន់ធ្ងរ ដែលត្រូវតែមានវិធានការណ៍ដោះស្រាយជាបន្ទាន់ ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលា។
ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក រ៉ឹម ភារី អ្នកយកព័ត៌មាននៃគេហទំព័រថ្មីៗជាមួយលោកបណ្ឌិត ឈត ប៊ុនថង ដូចតទៅ៖
ទង្វើអសីលធម៌ បាននឹងកំពុងកើនឡើងកាន់តែច្រើននៅក្នុងសង្គមខ្មែរ ដែលឈានដល់កម្រិតគួរឲ្យព្រួយបារម្ភ។ នេះជាការលើកឡើងរបស់ លោក ឈត ប៊ុនថង សាស្ត្រាចារ្យទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា ដោយបន្ថែមថា អំពើអសីលធម៌ទាំងនោះ រួមមាន៖ ការវាយតប់គ្នា ការជេរប្រទេចគ្នា ការលួចឆក់ប្លន់ ការចាប់រំលោភ ការសេពគ្រឿងញៀនឬ គ្រឿងស្រវឹង ការប្រព្រឹត្តអំពើពុករលួយ និងអំពើផ្តេសផ្តាសជាច្រើនរាប់មិនអស់។
បណ្ឌិតទស្សនវិជ្ជារូបនេះ អះអាងថាយ៉ាងដូច្នេះថា៖ «ជាការប្រកាសអាសន្នមួយ ថា សីលធម៌សង្គមយើងធ្លាក់ចុះស្ទើរគ្រប់ជ្រុង។ ឯកជនក៏ធ្លាក់ចុះ ខាងរដ្ឋក៏ធ្លាក់ចុះ ហើយនៅក្នុងវិស័អប់រំក៏ធ្លាក់ចុះ ខាងអាជីវកម្មក៏ធ្លាក់ចុះ វិស័យនយោបាយក៏ធ្លាក់ចុះ។ ឥឡូវនេះ យើងមានបណ្តាញសង្គម អ្នកនយោបាយក៏មាន ជនសាមញ្ញក៏មាន ជេរបញ្ចោរគ្នា បោសប្រាស់គ្នាតាមបណ្តាញហ្នឹង។ មើលទៅគួរឲ្យព្រួយបារម្ភណាស់»។
បើតាមអ្នកស្រាវជ្រាវរូបនេះ មូលហេតុដែលបណ្តាលឲ្យមានអំពើអសីលធម៌ គឺមកពីការមិនយកចិត្តទុកដាក់របស់គ្រួសារ ភាពចន្លោះប្រហោងរបស់តួនាទីសាលារៀន ភាពព្រងើយកន្តើយរបស់អាជ្ញាធរ ព្រមទាំងការអនុវត្តន៍ច្បាប់នៅមានភាពទន់ខ្សោយ។ លោកកត់សម្គាល់ថា ទង្វើអសីលធម៌ជាច្រើន បាននឹងកំពុងហុចផលប៉ះពាល់ជាខ្លាំងចំពោះបុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល។
លោកថ្លែងយ៉ាងដូច្នេះថា៖ «កាលណាមានអំពើអសីលធម៌ នឹងមានផលពិបាកដល់សង្គម។ ឧបមាថា កាលណាមានអំពើហិង្សា ជនរងគ្រោះនៃការវាយប្រហារ លែងចង់ទៅរៀន ដែលធ្វើឲ្យការទទួលចំណេះដឹងត្រូវបានរំខាន។ មួយទៀត គាត់សេពគ្រឿងញៀន ឬគ្រឿងស្រវឹង ធ្វើឲ្យធនធានមនុស្សដែលយើងខំប្រឹងប្រែងបណ្តុះ ដើម្បីឲ្យគាត់យកចំណេះដឹងទៅស្រាវជ្រាវ ទៅរកស៊ី ទៅធ្វើការក្នុងវ័យពេញកម្លាំង តែគាត់ក្លាយទៅជាមនុស្សដែលញៀនស្រា ញៀនគ្រឿងញៀន វាធ្វើឲ្យប៉ះពាល់ដល់កម្លាំងពលកម្មរបស់យើង។ អ្នកខ្លះទៀត បន្ទាប់ពីញៀនហើយ ទៅចាប់រំលោភគេ ទៅលួច ប្លន់គេ ធ្វើឲ្យមានអសន្តិសុខក្នុងសង្គមបង្កភាពភ័យខ្លាចដល់ពលរដ្ឋ។ អំពើអសីលធម៌ខ្លះ បានធ្វើឲ្យមានអំពើពុករលួយនៅក្នុងវ័យអប់រំ អំពើពុករលួយក្នុងតុលាការ អំពើពុករលួយក្នុងការផ្តល់សេវា។ បើនិយាយពីអំពើអសីលធម៌ ប៉ះពាល់អីខ្លះដល់សង្គម វាមានច្រើនណាស់ រាប់មិនអស់ទេ»។
ទន្ទឹមនឹងការបារម្ភពីការធ្លាក់ចុះសីលធម៌សង្គម លោកបណ្ឌិត ឈត ប៊ុនថង បានផ្តល់ដំណោះស្រាយមួយចំនួន ដើម្បីកាត់បន្ថយអំពើអសីលធម៌សង្គមឲ្យមានប្រសិទ្ធភាព។ លោកពន្យល់ថា ឪពុកម្តាយមានតួនាទីយ៉ាងសំខាន់ក្នុងអប់រំ តម្រែតម្រង់ និងតាមដានកូន ខណៈសាលារៀន ក្រៅពីអប់រំផ្នែកសីលធម៌ ត្រូវជួយឃ្លាំងមើលសិស្សឲ្យបានដិតដល់។ លោកបន្តថា ក្រៅពីគ្រួសារ និងសាលារៀន គឺក្រសួងមហាផ្ទៃ ដែលជាអាណាព្យាបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវអប់រំ ផាកពិន័យ និងអនុវត្តន៍ច្បាប់ឲ្យបានម៉ត់ចត់។ រីឯ វត្តអារាម មានតួនាទីសំខាន់ណាស់ក្នុងការអប់រំផ្នែកសីលធម៌ដល់ពុទ្ធបរិស័ទ និងពលរដ្ឋទូទៅ។ លោកសង្កត់ធ្ងន់ថា ការធ្វើឲ្យសីលធម៌សង្គម ត្រូវបានលើកតម្កើងឡើងវិញ ទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទើបអាចសម្រេចទៅបាន ព្រោះការជំរុញឲ្យមនុស្សមានសីលធម៌ មិនមែនជាការងារងាយស្រួលឡើយ ពោល គឺត្រូវទាមទារនូវពេលវេលា និងការចូលរួមយ៉ាងសកម្មពីគ្រប់ផ្នែកនៃសង្គមទាំងមូល៕
Tag:
ឈត ប៊ុនថង
សីលធម៌
សាស្ត្រាចារ្យ
ទស្សនវិជ្ជា
© រក្សាសិទ្ធិដោយ thmeythmey.com