ជាតិ
ពលរដ្ឋឃុំជាំក្រវៀន ខេត្តត្បូងឃ្មុំ ធ្វើពិធី«ចាប់ត្រី»របៀបបុរាណ នៅថ្ងៃទី ១៥ កុម្ភៈ ទិដ្ឋភាពនៅបឹងត្រពាំងក្រម រូបភាពពីលោក លី សំបូរ
× ភ្នំពេញ៖ ពលរដ្ឋក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីចាប់ត្រី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ទី ១៥ ខែកុម្ភៈ នៅបរិវេណបឹងត្រពាំងក្រម។ នេះបើតាមលោក អ៊ួច យឿន មេឃុំជាំក្រវៀន ដែលបានប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរសព្ទ។ លោកមេឃុំបន្តថា ពិធីចាប់ត្រី ជាប្រពៃណី ទំនៀមទម្លាប់របស់ពលរដ្ឋឃុំក្រវៀន បន្ទាប់ពីប្រមូលផលកសិកម្មរួចរាល់ និងជាកម្មវធីកម្សាន្តសប្បាយសម្រាប់ប្រជាពលរដ្ឋ។
ជារៀងរាល់ឆ្នាំ នៅក្នុងខែកុម្ភៈ ប្រជាពលរដ្ឋឃុំជាំក្រវៀន ស្រុកមេមត់ តែងតែប្រារព្ធពិធីចាប់ត្រី នៅរមីណយដ្ឋានបឹងត្រពាំងក្រម ដែលស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ «ពិធីចាប់ត្រី»នេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ។ លោកអ៊ួច យឿន មេឃុំជាំក្រវៀន ថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរសព្ទថា ថ្ងៃទី១៣ កុម្ភៈ ជាកម្មវិធីដើរលេងកម្សាន្ត ទស្សនាទេសភាពនៅជុំវិញតំបន់បឹងត្រពាំងក្រម។ រីឯនៅរាត្រី ថ្ងៃទី១៣ និង១៤ នឹងមានកម្មវិធីរាំលេងកម្សាន្តទល់ភ្លឺ។ នៅថ្ងៃទី ១៥ គឺជាថ្ងៃចាប់ត្រី។
ពលរដ្ឋ អាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជាអង្រុត ឈ្នាង និងត្រកជាដើម ដើម្បីចាប់ត្រី ក្នុងពិធីនេះ។ នេះបើតាមលោកមេឃុំជាំក្រវៀន ដោយលោកបន្តថា អាជ្ញាធរ មិនអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រីក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាវត្តមានត្រី ទុកសម្រាប់ពិធីចាប់ត្រី ជាងរៀងរាល់ឆ្នាំ។ សូមជម្រាបថា តំបន់បឹងក្រម មានផ្ទៃដីប្រមាណ៣០ហិកតា និងផ្ទៃបឹងទំហំ១ហិកតា៕
ទិដ្ឋភាពនៅបឹងត្រពាំងក្រម រូបភាពពីលោក លី សំបូរ
ទិដ្ឋភាពនៅបឹងត្រពាំងក្រម រូបភាពពីលោក លី សំបូរ
ទិដ្ឋភាពនៅបឹងត្រពាំងក្រម រូបភាពពីលោក លី សំបូរ
Tag:
ត្រី
ត្បូងឃ្មុំ
មេមត់
© រក្សាសិទ្ធិដោយ thmeythmey.com