ភ្នំពេញ៖ និស្សិតឆ្នាំទី៤ ផ្នែកស្ថាបត្យកម្មនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស៊ុយ លីនប៉ាវ បានចាប់យកការតែងនិពន្ធជាការងាររួមចំណែកបង្កើនការអាននៅកម្ពុជា។ ជានិស្សិតផ្នែកវិទ្យាសាស្ត្រក៏ពិតមែន តែ លីនប៉ាវ ស្រឡាញ់ការតែងនិពន្ធសៀវភៅដោយចង់បង្ហាញគំនិតអប់រំដល់អ្នកអាន តាមរយៈស្នាដៃនិពន្ធសៀវភៅ។ ជាកវីនិពន្ធវ័យ២១ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តកំពង់ធំ លីនប៉ាវ និពន្ធសៀវភៅបានចំនួន៧ក្បាលក្នុងរយៈពេល១ឆ្នាំកន្លះ ដោយទទួលបានការចាប់អារម្មណ៍ពីប្រិយមិត្តអ្នកអានជាច្រើន។ លីនប៉ាវ បញ្ជាក់យ៉ាងដូច្នេះថា៖«បើសង្គមមួយសម្បូរអ្នកអាន សង្គមមួយនោះសម្បូរដោយបញ្ញវន្ត»។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន ThmeyThmey និងលោក ស៊ុយ លីនប៉ាវ អ្នកនិពន្ធរឿងប្រលោមលោក ដូចតទៅ៖
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កវីនិពន្ធ ស៊ុយ លីនប៉ាវ បានអះអាងថា ថ្វីបើខ្លួនមានបទពិសោធក្មេងខ្ចីក្នុងវិស័យតែងនិពន្ធនេះក្ដី ប៉ុន្តែ យុវជនវ័យ២១ឆ្នាំ រូបនេះ យល់ថាស្នាដៃនិពន្ធរបស់ខ្លួន ក៏ជាផ្នែកមួយក្នុងការរួមចំណែកជំរុញការអាននៅកម្ពុជាដែរ។
«ខ្ញុំចង់ឃើញសង្គមកម្ពុជាមានមនុស្សភាគច្រើន បកមកកាន់សៀវភៅអាន ព្រោះមានតែការអានទេ ទើបធ្វើឲ្យមនុស្សអាចអភិវឌ្ឍន៍គំនិតនិងសមត្ថភាព»។ នេះជាការពន្យល់របស់អ្នកនិពន្ធវ័យក្មេង ស៊ុយ លីនប៉ាវ ដែលកាន់តែជំរុញទឹកចិត្តឲ្យខ្លួនស្វះស្វែងរកគំនិតបន្តការតែងនិពន្ធអស់ពីចិត្ត បានបន្តរៀបរាប់យ៉ាងដូច្នេះថា៖«នៅពេលខ្ញុំសរសេរឲ្យគេអាន ទោះមិនមានលទ្ធផលធំដុំដោយការអភិវឌ្ឍនៅកម្ពុជា ដោយរូបខ្ញុំក៏ដោយ ប៉ុន្តែ ខ្ញុំឃើញការផ្លាស់ប្ដូរពីមនុស្សជុំវិញខ្លួនខ្ញុំ, ខ្ញុំឃើញមិត្តភក្ភិខ្ញុំអាន ជាពិសេសគ្រួសាររបស់ខ្ញុំអាន គឺវាផ្ដើមចេញពីរលកតូចទៅ។ «បើសង្គមមួយសម្បូរអ្នកអាន សង្គមមួយនោះនឹងសម្បូរដោយបញ្ញវន្ត»។
លីនប៉ាវ បានផ្តើមការងារតែងនិពន្ធអស់រយៈពេល១ឆ្នាំកន្លះមកហើយ។ «បឹងអតីត»ជាសៀវភៅប្រលោមលោកបោះពុម្ពដំបូង ដែលជាស្នាដៃនិពន្ធរួមគ្នារបស់កវីនិពន្ធ ស៊ុយ លីនប៉ាវ និងកវីនិពន្ធ នូ ពៅ។ តាមរយៈស្នាដៃនិពន្ធរួមគ្នាយ៉ាងប៉ិនប្រសព្វរបស់កវីនិពន្ធទាំងពីរ ដែលមាននៅក្នុងសាច់រឿងនេះ បានទាក់ចិត្តអ្នកអានជាច្រើន ជាពិសេសយុវវ័យ។ ក្រៅពីស្នាដៃនិពន្ធរួមគ្នា យុវជន លីនប៉ាវ ក៏មានស្នាដៃនិពន្ធរឿងសម្រាប់កុមារ និងរឿងប្រលោមលោក ច្រើនទៀតដូចជា កូនអ្នករើសសំរាម, សារិកាតូច, បណ្ដឹងគីង្គក់, មានលុយបាត់ម៉ែ, ចរិយាយក្សកំណាច, កូនស្វាតូចនិងហ្មដំរី។
អ្វីដែលធ្វើឲ្យយុវជន ស៊ុន លីនប៉ាវ ក្លាយជាអ្នកនិពន្ធវ័យក្មេងនេះ គឺផ្តើមចេញពីការអានសៀវភៅមួយក្បាលរបស់អ្នកនិពន្ធ សុខ ចាន់ផល ក្រោមចំណងជើងថា«ខែរងា»។ លីនប៉ាវ ស្ញើបស្ញែងនឹងស្នាដៃកវីនិពន្ធដ៏ល្បី រូបនេះ ផ្គួបផ្សំនឹងការស្រឡាញ់ និងចង់ជំរុញឲ្យការអាននៅកម្ពុជាកាន់តែទូលំទៅលាយ លីនប៉ាវ ក៏សាកល្បងរៀននិពន្ធដោយខ្លួនឯង និងរៀនសូត្រពីរៀមច្បងជាហូរហែ រហូតក្លាយជាកវីនិពន្ធវ័យក្មេងមួយរូបនៅកម្ពុជា។
នៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ និស្សិតស្ថាបត្យកម្មនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំទី៤ ស៊ុយ លីនប៉ាវ នឹងត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់ខ្លួន ដែលមុខជំនាញនេះត្រូវរៀនរយៈពេល៥ឆ្នាំ។ លីនប៉ាវ អះអាងថា ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រខ្លួននឹងចាប់ផ្តើមការងារជាវិស្វករនៃជំនាញស្ថាបត្យកម្ម និងបន្តបញ្ចេញស្នាដៃតែងនិពន្ធរបស់ខ្លួនដើម្បីបន្តលើកកម្ពស់ការអាននៅកម្ពុជាឲ្យកាន់តែរីកចម្រើន៕