អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ អាមេរិក​រៀបចំ​ជម្លៀស​ប្រជាជន​ខ្លួន​ពី Wuhan ខណៈ​អ្នកស្លាប់​កើន​ដល់ ៥៦ នាក់​
26, Jan 2020 , 11:38 am        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​អាមេរិក​ថ្ងៃអាទិត្យ​នេះ កំពុង​រៀបចំ​ជម្លៀស​ប្រជាជន​ខ្លួន​ពី​ទីក្រុង Wuhan ភាគ​កណ្តាល​ប្រទេស​ចិន​ដែលជា​ទីកន្លែង​ដែល​ជំងឺ​រលាក​សួត​កាច​សាហាវ បង្កដោយ​កូ​រ៉ូ​ណាវី​រុស បាន​ផ្ទុះឡើង​និង​បន្ត​រាតត្បាត​។​

 
​ក្រសួងការបរទេស​អា​មេ​រិ​កបាន​ផ្តល់ដំណឹង​ថា ខ្លួន​កំពុង​រៀបចំ​យន្តហោះ​ដើម្បី​ដឹកជញ្ជូន​ប្រជាជន និង​មន្ត្រី​ខ្លួន​ដែល​កំពុងមាន​វត្តមាន​នៅក្នុង​ទីក្រុង Wuhan នៃ​ខេត្ត Hubei ភាគ​កណ្តាល​ប្រទេស​ចិន ខណៈ មនុស្ស​៥៦​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត បង្កដោយ​កូ​រ៉ូ​ណាវី​រុស​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ដកស្រង់​សម្តី​ក្រសួងការបរទេស​អាមេរិក យន្តហោះ​ដឹក​ប្រជាជន​អាមេរិក​នឹង​ចាក​ចេញពី​ក្រុង Wuhan នៅ​ថ្ងៃ​អង្គារ និង​ឆ្ពោះទៅកាន់​ក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​។​
 
 យ៉ាងណាក៏ដោយ តាមរយៈ​សារ​ដែល​ផ្ញើជូន​ប្រជាជន​ខ្លួន​នៅ​ក្រុង Wuhan​ក្រសួងការបរទេស បាន​សង្កត់ធ្ងន់ថា ការដឹកជញ្ជូន​តាម​យន្តហោះ​នេះ​មានកំណត់​សម្រាប់​ប្រជាជន​ធម្មតា​។  
 
«​លទ្ធភាព​ដែល​យើង​ផ្តល់​ឲ្យ​គឺ​ពិត​ជាមាន​កម្រិត​។ ក្នុងករណី​ដែល​ការដឹកជញ្ជូន​មិន​ល្មម​គ្រប់​សម្រាប់​អ្នកមាន​បំណង​ចង់​ចាកចេញ អាទិភាព​នឹងត្រូវ​ផ្តល់​ឲ្យ​ប្រជាជន​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ឆ្លង​ជំងឺ​សូត​នេះ​»​។ ក្រសួងការបរទេស​បាន​បញ្ជាក់​ដូច្នេះ​។   
 
​ក្រៅពី​សហរដ្ឋអាមេរិក បារាំង​ក៏​កំពុង​រៀបចំ​ជម្លៀស​ប្រជាជន​ខ្លួន​ចេញពី​ទីក្រុង​ដែលមាន​ប្រជាជន​ប្រហែល ១១​លាន​នាក់​នេះដែរ​។​
 
​បច្ចុប្បន្ន​ប្រជាជន​នៅក្នុង​ទីក្រុង​នេះ​ត្រូវបាន​អាជ្ញាធរ​ដាក់​ឲ្យ​ស្ថិតនៅ​ដោយឡែក​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ ហើយ​បម្រាម​ធ្វើដំណើរ​តាមផ្លូវ​ក៏​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃអាទិត្យ​នេះ​ដូចគ្នា​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៦ ខែមករា ចំនួន​អ្នក​ឆ្លង​កូ​រ៉ូ​ណាវី​រុស កើនឡើង​ជិត ២០០០ នាក់​ហើយ ដោយ​ភាគច្រើនបំផុត​នៅ​ប្រទេស​ចិន​។ កូ​រ៉ូ​ណា​វីរុស​នេះ​ត្រូវបាន​គេ​សន្និដ្ឋានថា ឆ្លង​ចេញពី​គ្រឿង​សមុទ្រ និង​សត្វមានជីវិត​ដែល​ត្រូវបាន​គេ​ជួញដូរ​នៅក្នុង​ផ្សារ​នាទី​ក្រុង Wuhan ដែរ​។​
 
​ក្នុងចំណោម​អ្នក​ឆ្លង មនុស្ស ៥៦​នាក់​រួចទៅហើយ​បាន​ស្លាប់​នៅ​ចិន ។ ក្រៅពី​ចិន ប្រទេស និង​តំបន់​មួយចំនួន​ក៏មាន​ករណី​រាលដាល​នៃ​ជំងឺ​នេះដែ​ក្នុងនោះ​រួមមាន ថៃ ហុងកុង ម៉ា​កាវ តៃវ៉ាន់ សិង្ហ​បុរី ម៉ាឡេស៊ី វៀតណាម ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក អូស្ត្រាលី បារាំង ណេ​ប៉ាល់ និង​កាណាដា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com