ជាតិ
«​បុណ្យ​ពូជ​»​នៅ​ភ្នំ​គូលែន ជំរុញ​ឲ្យ​កសិករ​ប្រើ​ឧបករណ៍​និង​ពូជ​ដំណាំ​បុរាណ​ឡើងវិញ​
26, Jan 2020 , 4:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រជា​សហគមន៍​ស្រុក​បន្ទាយស្រី នឹង​សហការ​ជាមួយ​បណ្តា​កសិករ​ទូទាំងប្រទេស រៀបចំ​ពិធីបុណ្យ​ពូជ​ដំណាំ​បុរាណ​ខ្មែរ ក្រោម​ប្រធានបទ​«​ពូជ​បុរាណ​ខ្មែរ ជា​កេរ្តិ៍មរតក​ជាតិ​» នៅ​ថ្ងៃទី​២៧-២៨ មករា​។ បើតាម​អ្នកស្រី កែវ សុ​ភី តំណាង​សហគមន៍​រៀបចំ​ពិធីបុណ្យ​នេះ មាន​គោលបំណង​ឱ្យ​កសិករ ប្រើប្រាស់​ឧបករណ៍ និង​ពូជ​ដំណាំ​បុរាណ​ឡើងវិញ ដើម្បី​កាត់បន្ថយ​ការប្រើ​ជីគីមី​ដែល​ទិញ​ពី​បរទេស​, រក្សា​គុណភាព​ដី​, សុខភាព និង​បង្កើន​សាមគ្គីភាព​។​

 
​អ្នកស្រី កែវ សុ​ភី បាន​បញ្ជាក់ថា​កម្មវិធី​នេះ នឹង​ផ្តល់​សារៈសំខាន់​ដល់​កសិករ​ដែល​កំពុង​ជូ​ប​ប្រទះ​បញ្ហា​លើ​ការងារ​កសិកម្ម​។ អ្នកស្រី​បាន​ពន្យល់​យ៉ាង​ដូច្នេះ​៖ «​បច្ចុប្បន្ន កសិករ​បាន​បោះបង់​ពូជស្រូវ​ខ្មែរ​រាប់រយ​មុខ ហើយ​ទទួលយក​ពូជស្រូវ ថ្នាំ និង​ជីគីមី​ពី​ប្រទេសជិតខាង ដែល​ត្រូវ​ចំណាយលុយ​ច្រើន​ជា​រៀងរាល់ឆ្នាំ​។ សកម្មភាព​នេះ​បានធ្វើឱ្យ ប៉ះពាល់​ដី ជីវៈចម្រុះ និង​សុខភាព​កសិករ ហើយ​ធ្វើឱ្យមាន​គម្លាត​សាមគ្គីភាព ព្រមទាំង​បាត់​វប្បធម៌​ខ្មែរ និង​ជំពាក់​បំណុល​គេ​»​។​
 
​អ្នកស្រី សុ​ភី បាន​រៀបរាប់​បន្តថា ផល​លំបាក​ចំពោះមុខ​បែបនេះ ទើប​សហគមន៍​ជាច្រើន រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​ផ្សព្វផ្សាយ​ដល់​កសិករ ឲ្យ​ពិចារណា​កាត់បន្ថយ​ការចំណាយ​ទិញ​ពូជ​ពី​ក្រៅប្រទេស ថែរក្សា​ឧបករណ៍​បុរាណ និង​គ្រាប់ពូជ​។ 
 
​កម្មវិធី​បុណ្យ​ពូជ​ដំណាំ​បុរាណ​ខ្មែរ ក្រោម​ប្រធានបទ​«​ពូជ​បុរាណ​ខ្មែរ ជា​កេរ្តិ៍មរតក​ជាតិ​» ដែល​រៀបចំ​នៅ​រង្វង់​មូល​ភ្នំ​គូលែន ស្រុក​បន្ទាយស្រី ខេត្តសៀមរាប នេះ មាន​ប្រជាកសិករ​ចូលរួម​ប្រមាណ​១​ពាន់​នាក់​។ រយពេល​ពីរ​ថ្ងៃ​នៃ​កម្មវិធី ដែល​ត្រូវ​នឹង​ថ្ងៃទី​២៧-២៨ មករា ឆ្នាំ​២០២០ នេះ មានដូចជា ការសម្តែង​ធម្មទេសនា​អំពី​កសិកម្ម​តាមបែប​ធម្មជាតិ​, ការតាំងពិព័រណ៍​, ចែក គ្រាប់ពូជ​បុរាណ​, បទពិសោធ​ផ្នែក​កសិកម្ម​, ការប្រគុំ​តន្ត្រី​សហគមន៍​ជាដើម​៕

Tag:
 កសិករ​
 ​បុណ្យ​ពូជ​បុរាណ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com