ជាតិ
២៥ខេត្ត/រាជធានី
ក្រុមអ្នកនាំភ្ញៀវឡើងភ្នំឱរ៉ាល់ ធ្វើជណ្តើរនិងដាក់ខ្សែពួត្រង់ចំណុចចោតខ្លាំង សម្រួលដល់អ្នកឡើងភ្នំ
× ភ្នំពេញ៖ កាលពីថ្ងៃទី២៥ មករា ម្សិលមិញ ប្រជាសហគមន៍ភ្នំឱរាល់ចំនួន២០នាក់ នាំគ្នាធ្វើកាំជណ្តើរដោយជីករណ្ដៅដាំបង្គោលក្រាក់សម្រាប់ចងខ្សែពួ និងយកដើមឬស្សីធ្វើជាបង្កាន់ដៃឡើងភ្នំឱរ៉ាល់ត្រង់ចំណុចចោតខ្លាំង ដែលនៅហួសដំណាក់ទី១ ប្រមាណ២០ម៉ែត្រប៉ុណ្ណោះ។ លោក ឈឺន ឈីម បានប្រាប់សារព័ត៌មានថ្មីៗថា ការធ្វើកាំជណ្តើរនេះ តែកន្លែងចោតខ្លាំងជាងគេប៉ុណ្ណោះ ដែលមានប្រវែង១៥០ម៉ែត្រ ក្នុងចម្ងាយប្រមាណ២០គីឡូម៉ែត្រ ដោយគិតពីជើងភ្នំរហូតដល់កំពូលភ្នំ។
ប្រធានសហគមន៍ភ្នំឱរ៉ាល់ និងជាប្រធានក្រុមមគ្គុទ្ទេសក៏ទេសចរនាំភ្ញៀវឡើងភ្នំឱរ៉ាល់ លោក ឈឺន ឈីម បានឲ្យដឹងថា កន្លងមកមិនថា ភ្ញៀវទេសចរ អ្នកនាំភ្ញៀវឡើងភ្នំ ឬរូបលោកទេ តែងតែរអិលដួលនៅត្រង់ចំណុចចោតខ្លាំងនេះ បើទោះជាបានប្រុងប្រយ័ត្នណាស់ក៏ដោយ។ កន្លងមកភ្ញៀវទេសចរដែលបានឡើងភ្នំដ៏ខ្ពស់ជាងគេនៅកម្ពុជា ដែលមានកម្ពស់រហូតដល់ទៅ១,៨១៣ម៉ែត្រនោះ តែងតែស្នើដល់ក្រុមអ្នកនាំភ្ញៀវឡើងភ្នំ ឲ្យជួយធ្វើបង្កាន់ដៃ ឬដាក់ខ្សែពួត្រង់ចំណុចចោតខ្លាំងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរឡើងភ្នំ។
គំនិតផ្តួចផ្តើមធ្វើជណ្តើរ និងដាក់ខ្សែពួឡើងភ្នំត្រង់ចំណុចចោតខ្លាំងនេះ កើតឡើងក្រោយពេលរដ្ឋបាលខេត្តកំពង់ស្ពឺនាំគ្នាឡើងភ្នំឱរ៉ាល់កាលពីថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២០ ដែលដឹកនាំដោយអភិបាលរងខេត្ត លោក សុខ ភា គឺទទួលបានថវិកាឧបត្ថម្ភចំនួន២លាន់រៀល សម្រាប់ការសាងសង់និងចំណាយផ្សេងៗ ពីអភិបាលស្រុកឱរ៉ាល់ គឺលោក មួង ធី ។ នេះជាការបញ្ជាក់របស់មគ្គុទ្ទេសក៏ទេសចរនាំភ្ញៀវឡើងភ្នំឱរ៉ាល់ ឈឺន ឈីម ។
ភ្នំឱរ៉ាល់ បានក្លាយជាកន្លែងទេសចរណ៍បែបផ្សងព្រេងដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោក ឈីម បញ្ជាក់ពីកំណើតភ្ញៀវទេសចរ ថា ក្នុងឆ្នាំ២០១៩កន្លងទៅ ភ្នំឱរ៉ាល់ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន ៤,៥១៥នាក់ កើនជាង១៥ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ដែលមានទេសចរប្រមាណ ៣,៨០០នាក់។
«ភ្នំឱរ៉ាល់» ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ស្ពឺ។ ដើម្បីទៅដល់ភ្នំឱរ៉ាល់ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមគោយន្តពីភូមិស្រែកិន៣ ទៅដល់ជើងភ្នំប្រមាណ ១២គីឡូម៉ែត្រ និងធ្វើដំណើរថ្មើរជើងឡើងចុះភ្នំតូចធំជាច្រើន ដែលមានចម្ងាយសរុបប្រមាណ២០គីឡូម៉ែត្រ ទើបដល់កំពូលភ្នំដែលខ្ពស់ជាងគេមានកម្ពស់រហូតដល់ទៅ១,៨១៣ម៉ែត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com