ជាតិ
សង្គមជាតិ
សម្តេចនាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋ ឲ្យប្រយ័ត្ន និងចូលរួមទប់ស្កាត់កូរ៉ូណាវីរុស
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារជូនប្រជាពលរដ្ឋ អំពីគ្រោះថ្នាក់នៃជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី ដែលមានប្រភពដើមពីទីក្រុងអ៊ូហាន ខេត្តហឺប៉ី ប្រទេសចិន។
តាមរយៈសារដែលបង្ហោះលើទំព័រហ្វេសប៊ុក នៅម៉ោងជិត២រសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី ប្រាប់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសពេលធ្វើដំណើរទៅក្រៅប្រទេស ឬកំពុងស្ថិតក្នុងបណ្តាប្រទេស ដែលមានកូរ៉ូណាវីរុសនេះ។ សម្តេច បង្ហាញថា អាការនៃកូរ៉ូណាវីរុស មានដូចជា ផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បាល និង ក្តៅខ្លួនខុសប្លែកពីធម្មតា។
ទន្ទឹមនេះ សម្តេច អំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់មេរោគប្រភេទថ្មីនេះ។ សម្តេច ណែនាំថា៖«បងប្អូន អាចប្រើម៉ាសពាក់ការពារច្រមុះ និងលាងដៃសម្អាតជាមួយសាប៊ូ ឬអាល់កុលសម្លាប់មេរោគឲ្យបានញឹកញាប់។ កុំនៅក្បែរអ្នកដែលមានអាការរោគខាងលើ និងកុំនៅជិតសត្វពាហានៈ ឬកសិដ្ឋានចិញ្ចឹមសត្វ។ ត្រូវញ៉ាំម្ហូបអាហារដែលចម្អិនឆ្អិនគ្រប់ពេលវេលា»។
ប្រមុខរដ្ឋាភិបាល រម្លឹកប្រជាពលរដ្ឋ ឲ្យទាក់ទងទៅគ្រូពេទ្យ ឬទៅកាន់មន្ទីរពេទ្យផ្ទាល់ ឬមួយ ហៅទៅកាន់លេខ១១៥ ជាបន្ទាន់ បើសង្ស័យថា ឆ្លងមេរោគប្រភេទថ្មីនេះ។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល ដាស់តឿន ក្រសួង មន្ទីរ និង ស្ថាប័នពាក់ព័ន្ឋ ឲ្យយកចិត្តទុកដាក់ឲ្យបានខ្ពស់ ហើយលេខទូរស័ព្ទ ដែលបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈ ត្រូវមានអ្នកប្រចាំការទទួល ពេលមានការហៅចូល។
ក្រសួងសុខាភិបាល បញ្ជាក់ជាថ្មីថា គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ កូរ៉ូណាវីរុស ដែលមានប្រភពដើមពីទីក្រុងអ៊ូហាន ខេត្តហឺប៉ី ប្រទេសចិន មិនទាន់រីករាលដាលមកដល់កម្ពុជានោះទេ។
មកដល់ពេលនេះ មានមនុស្សប្រមាណ១,៧ពាន់នាក់ហើយ ដែលបានឆ្លងកូរ៉ូណាវីរុស ខណៈអ្នកស្លាប់ កើតឡើងជាង៥០នាក់ នៅប្រទេសចិន។ ក្រៅពីប្រទេសចិន មិនទាន់ប្រជាពលរដ្ឋណាម្នាក់ នៅតាមបណ្តាប្រទេសផ្សេងៗ បាត់បង់ជីវិត ដោយសារមេរោគប្រភេទថ្មីនេះទេ។
មេរោគប្រភេទថ្មីនេះ ដែលទើបនឹងកើតឡើងនៅដើមខែមករា ឆ្នាំ២០២០ ក៏បានរីករាលទៅដល់ ហុងកុង ម៉ាកាវ និង តៃវ៉ាន់ ផងដែរ រួមទាំង បណ្តាប្រទេសមួយចំនួនទៀត ដូចជា វៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង អាមេរិក អូស្ត្រាលី បារាំង ណេប៉ាល់ និង កាណាដា ជាដើម៕
Tag:
ហ៊ុន សែន
កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com