ជាតិ
តាសក់ផ្អែមអ្នកបន្ទាយស្រី នៅតែមានទីផ្សារល្អ
× សៀមរាប៖ ក្រៅពីស្ករត្នោត តាសក់ផ្អែម ក៏ជាផ្លែឈើអត្ថសញ្ញាណមួយដែរសម្រាប់ស្រុកបន្ទាយស្រី។ នារដូវប្រាំងឆ្នាំនេះ ផ្លែតាសក់ផ្អែមស្រុកបន្ទាយស្រី មានតម្លៃទីផ្សារសមរម្យ ដែលធ្វើឱ្យកសិកររីករាយក្នុងរបរកសិកម្មមួយនេះ។
ភ្ញៀវទេសចរដែលបានទៅដល់ស្រុកបន្ទាយស្រី តែងតែទិញផ្លែតាសក់ផ្អែមយកទៅពិសា ឬផ្ញើក្រុមគ្រួសារ។ កញ្ញា ជា ស្រីធំ អ្នកដាំតាសក់ផ្អែមនៅស្រុកបន្ទាយស្រីមួយរូប បាននិយាយថា តម្លៃលក់ជាទូទៅសម្រាប់រដូវកាលនេះ គឺចន្លោះពី៤ពាន់ ទៅ៦ពាន់រៀល ក្នុងមួយគីឡូក្រាម។ កញ្ញាបន្តថា គ្រួសារខ្លួនបានមករស់នៅ និងដាំតាសក់នៅទីនេះជិត១០ឆ្នាំមកហើយ ដែលក្នុងមួយរដូវៗ ដាំពី៥ទៅ៦ពាន់កូន។ ស្រីធំបន្តថា តាសក់ផ្អែមជាដំណាំមិនត្រូវការទឹកច្រើនពេកទេ ល្មម និងមានហានិភ័យខ្ពស់ ទាមទារការថែទាំខ្លាំង។ «ពិបាកបន្ដិច ពេលវាធ្លាក់ផ្លែហើយ តែមានភ្លៀងមួយមេឬឆ្លងមេរោគពីណាមកនោះ អស់តែម្ដង(ងាប់) ងាយនឹងខាតណាស់»។ នេះជាការបញ្ជាក់ពី ស្រីធំ។
ដំណាំតាសក់ផ្អែមរបស់គ្រួសារ ស្រីធំ ជាដំណាំមានសុវត្ថិភាព គឺគោរពតាមគោលការណ៍ដែលមានអង្គការ អាហ្គ្រីស៊ូត ជាអ្នកប្រឹក្សាយោបល់។ ក្នុងន័យនេះ គឺការប្រើប្រាស់ជី ឬថ្នាំថែទាំ ត្រូវបានកំណត់ការប្រើប្រាស់ ដើម្បីធានាថា មិនប៉ះពាល់សុខភាពដល់អ្នកបរិភោគ។ ទំនងដូច្នេះហើយ ទើបតាសក់ផ្អែមរបស់គ្រួសារនេះ មានអតិថិជនច្រើន ទាំងជិតទាំងឆ្ងាយ។ ស្រីធំបន្តថា ខ្លួនមិនអាចប៉ាន់ស្មានបរិមាណផលតាសក់ផ្អែម ដែលគ្រួសារបានដាំដុះក្នុងមួយរដូវកាល២ខែម្ដងនេះបានប៉ុន្មាននោះទេ តែកញ្ញាប្រាប់ថា អាចចំណេញពី១ពាន់ដុល្លារទៅ២ពាន់ដុល្លារដែរ។
យ៉ាងណាក៏ដោយ ដ្បិតតម្លៃតាសក់ផ្អែមរបស់អ្នកស្រុកបន្ទាយស្រីហាក់ល្អប្រសើរ តែបច្ចុប្បន្នទីផ្សារហាក់រួមបន្ដិច ដោយសារកសិករនៅតំបន់មួយចំនួនជាប់ខេត្តសៀមរាប ងាកមកដាំដែរ ដែលធ្វើឱ្យតម្លៃមានការប្រែប្រួល ឬធ្លាក់ចុះខ្លាំង ពេលប្រមូលផលត្រូវគ្នាម្ដងៗ។ នេះបើតាមការឱ្យពីកញ្ញា ស្រីធំ៕
Tag:
តាសក់ផ្អែម
បន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com