ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នក​បុរាណវិទ្យា​ធ្វើ​កំណាយ​នៅ​ទួល​ដូន​ប៉ុក ដើម្បី​ស្វែងយល់​ពី​ភូមិករ​ខ្មែរ​នា​សម័យអង្គរ​
26, Jan 2020 , 9:59 pm        
រូបភាព
ប្រភពរូបភាពៈ អាជ្ញាធរជាតិអប្សរា
ប្រភពរូបភាពៈ អាជ្ញាធរជាតិអប្សរា
​សៀមរាប​៖ ក្រុម​អ្នក​បុរាណវិទ្យា​នៃ​សាកលវិទ្យាល័យ​ហា​វៃ​សហរដ្ឋអាមេរិក សហការ​ជាមួយ​អ្នក​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ធ្វើ​កំណាយ​នៅ​ទួល​ដូន​ប៉ុក ស្ថិតនៅ​ខាងលិច​ប្រាសាទ​វត្ត​អ​ធ្ធា ឬ​ខាងត្បូង​នៃ​រាជធានី​អង្គរ​។ កំណាយ​នេះ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​ភូមិករ​របស់​មនុ​ស្សបុ​រាណ​ដែល​ស្ថិតនៅ​ប៉ែក​ខាងត្បូង​នៃ​រាជធានី​អង្គរ ថា​តើ​ការតាំង​ទី​នៅ​សម័យ​នោះ​មាន​សណ្ឋាន​ដូចម្ដេច​។

 
​ចង់​ជ្រាប​ច្បាស់​ពី​ខ្លឹមសារ​ទាំងស្រុង សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​




 
​ចាប់ពី​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ​២០១៩ មក ក្រុម​អ្នក​បុរាណវិទ្យា​នៃ​សកល​វិទ្យាល័យ​ហា​វៃ​សហរដ្ឋអាមេរិក និង​អ្នក​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានចាប់ផ្តើម​ធ្វើ​កំណាយ​នៅ​ទីតាំង​សំខាន់ៗ ដើម្បី​ដឹង​ពី​រចនាសម្ព័ន្ធ ការ​តាំងទី​របស់​មនុស្ស វត្ថុ​សក្ការបូជា ក៏ដូចជា​ភូមិករ​ខ្មែរ​នៅ​សម័យអង្គរ​។ ក្នុង​គម្រោង​ស្រាវជ្រាវ​ឈ្មោះថា គម្រោង​រក​ទីតាំង​មនុស្ស​រស់នៅ ទីសក្ការៈ​បូជា និង​សម្ភារ​ប្រើប្រាស់​ពី​បុរាណកាល បានកំណត់​ទីតាំង​សំខាន់ៗ​ច្រើន​កន្លែង លើ​ភូមិករ​ខាងត្បូង​នៃ​ក្រុង​អង្គរ​។ គម្រោង​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ មករា ឬ​ដើមខែ​កុម្ភៈ ឆ្នាំ​២០២០​។​
 
​លោក វិទូ ភិរម្យ បុរាណ​វិទូ​នៃ​មជ្ឈមណ្ឌល​អន្ដរជាតិ ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ លើកឡើងថា គោលបំណង​នៃ​ការធ្វើ​កំណាយ​ទីតាំង​នេះ ដើម្បី​សិក្សា​ពី​ភូមិករ ការរៀបចំ​ភូមិករ​ខាងត្បូង​ក្រុង​អង្គរ​។ គម្រោង​នេះ អ្នកស្រាវជ្រាវ​បានជ្រើសរើស​ទីតាំង​ច្រើន​កន្លែង ដើម្បី​ធ្វើ​កំណាយ ក្នុងនោះ​ក៏មាន​ទួល​ដូន​ប៉ុក​មួយ​ដែរ ដែលជា​តំបន់​ប្រជុំជន​សំខាន់​នា​សម័យ​នោះ​។ 
 

 
​ការជ្រើសរើស​តំបន់​ប្រាសាទ​សម្រាប់​ការធ្វើ​កំណាយ ត្រូវបាន​អ្នកជំនាញ​ពន្យល់ថា ជាទូទៅ​សហគមន៍​តែង​រស់នៅ​ជុំវិញ​ប្រាសាទ និង​មានការ​ប្រើប្រាស់​សម្ភារ​ប្រចាំថ្ងៃ​។ តាមរយៈ ភាជន៍​ដែល​ប្រើប្រាស់​នា​សម័យ​នោះ អាចឱ្យ​អ្នកស្រាវជ្រាវ​ដឹង​ពី​កា​រស់នៅ​របស់​ប្រជាជន​នៅពេលនោះ​។ នៅ​ទីតាំង​កំណាយ​នៅ​ទួល​ដូន​ប៉ុក អ្នក​បុរាណវិទ្យា​បាន​រកឃើញ​នៃ​បំណែក​ភាជន៍​២​ប្រភេទ មាន​ភាជន៍​ក្នុងស្រុក និង​ភាជន៍​នាំចូល​។ លោក ភិរម្យ ពន្យល់​ដូច្នេះ​ថា​៖«​នៅទីនេះ​យើ​រកឃើញ​ភាជន៍​២​ធំ មាន​ភាជន៍​ក្នុងស្រុក និង​ភាជន៍​នាំចូល ភាជន៍​នាំចូល​មាន​ពីរ​សម័យកាល សម័យ​ក្រោយ​អង្គរ​មាន​ក្នុង​រាជ្យ​វង្ស​ម៉ី​ង រា​ង្យ​វង្ស​ឈិ​ញ មាន​ភាជន៍​សេឡា​ដុន​ពណ៌​បៃតង​ពី​រាជ្យ​វង្ស​យួន​...​ដល់ពេល​ភាជន៍​ខ្មែរ​មានមក​ពី​ឡ សសី ឡ​នៅ​ម្ដុំ​បេង​មាលា ភាជន៍​ស្រទាប់​រលោង បៃតង ភាជន៍​មួយចំនួនទៀត​ជា​ប្រភេទ​ផុយស្រួយ​...»​។​
 
​យ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវ​មិនទាន់​បញ្ជាក់​បានទេ​ថា តើ​កុលាលភាជន៍​ទាំងនោះ​ប្រើប្រាស់​សម្រាប់​កិច្ច​ពិធី​បូជា​ឬ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​មនុស្ស​។ លោក ភិរម្យ ប្រាប់ថា ក្រុមការងារ​របស់លោក​ត្រូវការ​ពេល​បន្ថែម​ដើម្បី​ប្រមូល​ភាជន៍​ទាំងនោះ ឬ​បរិ​មាណនៅ​ទីតាំង​នីមួយៗ​ដែល​ប្រទះឃើញ​ជាមុនសិន ទើប​អាចធ្វើ​សេចក្ដីសន្និដ្ឋាន​មួយ​ឱ្យ​ជាក់លាក់​។ 
 
​លោក ហេង ពិភាល់ បណ្ឌិត​បុរាណវិទ្យា​នៃ​សាកលវិទ្យាល័យ​ហា​វៃ​សហរដ្ឋអាមេរិក ថ្លែងថា កន្លងមក​គេ​ស្គាល់​តែ​អង្គរ​ដែលជា​រាជធានី ហើយ​អ្នករស់នៅ​ទីនោះ​ក៏​សុទ្ធសឹង​មន្ត្រី​មាន​ឋានៈ​ខ្ពស់​។ ដូច្នេះ​ដើម្បី​ដឹងថា ក្រៅពី​រាជធានី តើ​តំបន់​ជុំវិញ​ពិសេស​តំបន់​ជិត​បឹង​ទន្លេសាប​ឬ​ក្នុង​ខេត្តសៀមរាប​សព្វថ្ងៃ​មាន​អ្នកណាខ្លះ​រស់នៅ និង​ប្រក​បរបរ​អ្វីខ្លះ ទើប​ក្រុមការងារ​លោក​មក​ធ្វើ​កំណាយ​នៅ​ទីតាំង​នេះ​។​


 
​ជា​ចំណុច​ដែល​គួរកត់សម្គាល់​ដែរនោះ តាម​ការបញ្ជាក់​ពី​លោក ពិភាល់ នៅ​ប្រាសាទ​វត្ត​អ​ធ្ធា នៅក្បែរ​ទួល​ដូន​ប៉ុក​ដែល​ពីមុន​ជា​ប្រាសាទ​មួយ​ដែរនោះ សង់​ឡើង​នៅ​អំឡុង​ស​.​វ​ទី​១២ គឺ​ក្រោយ​ទួល​ដូន​ប៉ុក​ដែល​សង់​នា​ស​.​វ​ទី​១០​។ ក្រោយ​មានការ​ដួលរលំ បាក់បែក ប្រាសាទ​ដូន​ប៉ុក​ដែល​សង់​ដំណាលគ្នា​នឹង​ប្រាសាទបន្ទាយស្រី និង​ប្រាសាទ​ព្រះឥន្ទ​កោ​សី​យ បានក្លាយ​ជាទី​ទួល​ធម្ម​តា ឬ​ទួល​អ្នកតា និង​លែង​ក្លាយជា​ទីសក្ការៈ​បូជា​រប​ស់​អ្នកស្រុក​តទៅទៀត​។ 
 
​ការធ្វើ​កំណាយ​នៅ​ទីតាំង​បុរាណ​នានា​ដូច​នៅពេលនេះ គឺ​ពិត​ជាមាន​សារសំខាន់​ណាស់ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បានដឹង និង​យល់​ពី​តម្លៃ​បេតិកភណ្ឌ​ទាំងនោះ​។ លោក វិទូ ភិរម្យ យល់ថា សង្គម​កាន់តែ​មានការ​អភិវឌ្ឍ ធ្វើឱ្យ​ការតាំង​ទី​កាន់តែ​ពង្រីក ដូច្នេះ​ការធ្វើ​កំណាយ​រក​ភូមិករ​មនុ​ស្ស​សម័យបុរាណ​នៅពេលនេះ អាចឱ្យ​ប្រជាពលរដ្ឋ​យល់​ពី​កិច្ច​ការដែល​អ្នកជំនាញ​កំពុង​ធ្វើ និង​កំណត់​ទីទួល​បុរាណ​ដ្ឋា​ន​ឱ្យបាន​ត្រឹមត្រូវ​សម្រាប់​កិច្ចការ​អភិរក្ស និង​ការពារ ដើម្បី​រក្សា​ទៅ​អនាគត​៕




 

Tag:
 កំណាយ​
  បុរាណវិទ្យា​
  ទួល​ដូន​ប៉ុក​
  ប្រាសាទ​វត្ត​អ​ធ្ធា​
© រក្សាសិទ្ធិដោយ thmeythmey.com