ជាតិ
សមាគមមគ្គុទ្ទេសក៍ចិននៅសៀមរាប ចែកម៉ាសដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដើម្បីការពារពីកូរ៉ូណាវីរុស រូបភាព៖ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា
× សៀមរាប៖ ពិភពលោកកំពុងព្រួយបារម្ភជាខ្លាំងទៅនឹងការរីកត្បាតដ៏ខ្លាំងក្លានៃជំងឺកូរ៉ូណាវីរុស។ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា សហការជាមួយមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រកាសចុះចែកម៉ាស១ម៉ឺនដល់ភ្ញៀវទេសចរជនជាតិនិងអន្តរជាតិ ដែលមកទស្សនាក្នុងខេត្តទេសចរណ៍មួយនេះ។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា លោក ទៀ គីឡេង បានឱ្យដឹងនៅរសៀលថ្ងៃទី២៦ មករាថា លោកនឹងចាប់ផ្តើមចុះចែកម៉ាសចំនួន១ម៉ឺនម៉ាស ទៅតាមគោលដៅ៤សំខាន់ៗក្នុងរមណីយដ្ឋានអង្គរ ដែលមាននៅព្រលានយន្តហោះ អតីតកន្លែងពិនិត្យសំបុត្រចាស់នៅផ្លូវហ្សាលដឺហ្គោល កន្លែងពិនិត្យសំបុត្រនៅមុខប្រាសាទអង្គរវត្ត និងកន្លែងពិនិត្យសំបុត្រផ្លូវ៦០ម៉ែត្រផ្លូវកែងឆ្ពោះទៅប្រាសាទក្រវ៉ាន់។ តាមការបញ្ជាក់ពីប្រធានសមាគម ការចុះចែកម៉ាសដល់ទេសចរជាតិនិងអន្តរជាតិនឹងចាប់ផ្តើមពីរសៀលថ្ងៃទី២៦ រហូតដល់អស់ម៉ាស។
គោលបំណងសំខាន់នៃយុទ្ធនាការចុះចែកម៉ាសនេះ គឺដើម្បីរួមចំណែកទប់ស្កាត់ជំងឺកូរ៉ូណាវីរុស ជាជំងឺកាចសាហាវ និងបានរីកត្បាតយ៉ាងឆាប់រហ័ស។ នៅកម្ពុជាមិនទាន់មានអ្នកជំងឺនេះទេ តែប្រទេសអាស៊ាន៤ហើយដែលជំងឺនេះ មានថៃ ម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី។ លោក ទៀ គីឡេង ប្រាប់ថា សមាគមរបស់លោកជួយរាជរដ្ឋាភិបាលក្នុងការគិតគូរដល់សុខភាពប្រជាជនក៏ដូចជាភ្ញៀវទេសចរ។ ក្រៅពីចែកម៉ាសដល់ទេសចរនៅក្នុងស្រុកហើយនោះ សមាគមនេះក៏បានផ្តល់ម៉ាសចំនួន២ម៉ឺនទៅដល់ប្រជាជនចិនដែលកំពុងប្រឈមនឹងការផលិតម៉ាសមិនទាន់ពេលវេលាដល់ប្រជាជនខ្លួន។ នេះជាការបញ្ជាក់ពីលោក ទៀ គីឡេង។
នៅពេលមានករណីជំងឺកូរ៉ូណាវីរុសផ្ទុះឡើង និងរដ្ឋាភិបាលចិនហាមមិនឱ្យប្រជាជនចេញកម្សាន្តក្រៅប្រទេស លោក ទៀ គីឡេង ប្រាប់ថា ភ្ញៀវទេសចរចិនធ្លាក់ចុះជាគំហុក។ លោកប្រាប់ថា ជើងហោះហើរជាច្រើនបានផ្អាកការហោះហើរមកកាន់ខេត្តសៀមរាបក៏ដូចជាបណ្ដាប្រទេសផ្សេងៗ ជារួមនៅត្រឹមថ្ងៃទី២៦នេះ គឺជាជើងហោះហើរចុងក្រោយមកកាន់ខេត្តសៀមរាប។ ក្នុងអំឡុងពេលនេះ ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ចិន-កម្ពុជា ប្រាប់ថា ចង់មិនចង់វាបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន ហើយមិនទាន់ដឹងពេលណាទើបរដ្ឋាភិបាលចិនអនុញ្ញាតឱ្យទេសចរដើរក្រៅប្រទេសវិញ៕
Tag:
កូរ៉ូណាវីរុស
សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន
ចិន
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com