ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ស្រ៊ិ​ន សុខ​មាន ចងក្រង​ឯកសារ​«​អគារ​បេតិកភណ្ឌ​»​ជា​ភាសាជាតិ ដើម្បី​បន្ថយ​ការពឹង​ផ្អែកលើ​ឯកសារ​បរទេស​
26, Jan 2020 , 10:39 pm        
រូបភាព
លោក ស្រ៊ិន សុខមាន ជាអ្នកនិពន្ធ និងជាស្ថាបនិកគេហទំព័រ Amazing Cambodia
លោក ស្រ៊ិន សុខមាន ជាអ្នកនិពន្ធ និងជាស្ថាបនិកគេហទំព័រ Amazing Cambodia
​ភ្នំពេញ​៖ ជា​អ្នកនិពន្ធ និង​ជា​ស្ថាបនិក​គេហទំព័រ Amazing Cambodia លោក ស្រ៊ិ​ន សុខ​មាន បាន​បោះពុម្ព​សៀវភៅ​ស្ដីពី​អគារ​បេតិកភណ្ឌ​ដែលមាន​ចំណងជើង​ថា “​កម្ពុជា​កន្លះ​សតវត្សរ៍​មុន និង​ក្រោយ​” ភាគ​១ ជា​ខេមរភាសា​។ ចងក្រង​ឯកសារ​ស្រាវជ្រាវ​ជា​ភាសាជាតិ លោក ស្រ៊ិ​ន សុខ​មាន បញ្ជាក់ថា​ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​ទាំងស្រុង តែ​ទៅលើ​ឯកសារ​បទេស​។​



​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​ស្ដាប់​បទ​សម្ភាស​រវាង​ក​ញ្ញា ប៉ូ សា​គុន អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ស្រ៊ិ​ន សុខ​មាន ស្ថាបនិក​គេហទំព័រ Amazing Cambodia ខាងក្រោម​ដូចតទៅ​៖



 
“​កម្ពុជា​កន្លះ​សតវត្សរ៍​មុន និង​ក្រោយ​” ភាគ​១ បាន​លើកយក​អគារ​ចំនួន​៤៨ មក​បរិយាយ​អំពី​ការប្រែប្រួល​ឈ្មោះ​របស់​សំណង់​អគារ​ស្ថាបត្យកម្ម​នីមួយៗ ទៅតាម​សម័យកាល បរិយាយ​ពី​កាលបរិច្ឆេទ​សម្ភោ​ធន៍​អគារ ពី​តួនាទី​របស់​អគារ​កាល​សម័យមុន និង​ពី​បច្ចុប្បន្នភាព​របស់​អគារ ជាដើម​។ 
 
​ចំណាយពេល​ស្រាវជ្រាវ​អស់​រយៈពេល​ជិត​១០​ឆ្នាំ លោក ស្រ៊ិ​ន សុខ​មាន ដែលជា​ស្ថាបនិក​គេហទំព័រ Amazing Cambodia ទើបតែ​សម្រេចបាន​ជំហាន​ដំបូង នៃ​ការ​ចងក្រង​ឯកសារ អគារ​បេតិកភណ្ឌ​ដែលមាន​អាយុ​ចំណាស់​ជាងគេ ក្នុង​សតវត្សរ៍​ទី​១៤ និង​អាយុ​តិចជាងគេ​ក្នុងអំឡុង​ឆ្នាំ​១៩៧១-១៩៧២ ទៅជា​សៀវភៅ​ភាគ​១​ ដែលមានកម្រាស់១២០ទំព័រ។​

​បែង​ចែង​អគារ​ស្ថាបត្យកម្ម​ទាំង​៤៨​ជា​៥​ប្រភេទ សៀវភៅ “​កម្ពុជា​កន្លះ​សតវត្សរ៍​មុន និង​ក្រោយ​” ភាគ​១ ជ្រើសរើស​យកតែ​អគារ​នៅ​រាជធានី​ភ្នំពេញ​មក​បង្ហាញ​តែប៉ុណ្ណោះ ដែលមាន​ប្រភេទ​អគារ​បែប​ទេសចរណ៍ វត្ត​បុរាណ មន្ទីរពេទ្យ សាលារៀន សណ្ឋាគារ​និង​ភោជនីយដ្ឋាន​ល្បីៗ កាលពី​សម័យមុន ជា​ខេមរភាសា​។ 
 
​លោក សុខ​មាន ពន្យល់​បន្ថែម​៖«​ខ្ញុំ​សង្កេតឃើញថា​ខ្មែរ​យើង​ពីមួយ​សម័យកាល ទៅមួយ​សម័យកាល ច្រើនតែ​ពឹងផ្អែក​លើ​ឯកសារ​ស្រាវជ្រាវ​ជា​ភាសាបរទេស ដោយ​ជនបរទេស​។ ខ្មែរ​យើង​មួយចំនួន​នៅតែមាន​គំនិត​ថា ឯកសារ​របស់​បរទេស គួរឱ្យ​ទុកចិត្ត​ច្រើន​។ ក៏ប៉ុន្តែ​ហេតុអ្វី​បានជា​យើង​មិន​ខំ​ពង្រឹងគុណភាព​ស្នាដៃ​ជា​ភាសាជាតិ​? សៀវភៅ​នេះ​មាន​ប្រយោជន៍​ច្រើន សម្រាប់​និស្សិត​ស្ថាបត្យកម្ម ហើយ​មនុស្ស​គ្រប់គ្នា​ក៏​អាច​មើល​បាន​»​។ 
 
​សម្រាប់​គម្រោង​បន្ត​លោក ស្រ៊ិ​ន សុខ​មាន នឹង​បោះពុម្ព​សៀវភៅ “​កម្ពុជា​កន្លះ​សតវត្សរ៍​មុន និង​ក្រោយ​” ភាគ​២ និង​ភាគ​៣ ព្រមទាំង​សៀវភៅ​ស្ដីពី​រោងភាពយន្ត ដែល​សុទ្ធសឹងតែ​ជា​អគារ​បេតិកភណ្ឌ​សាងសង់​មុន​សម័យ​សង្គ្រាម​ខ្មែរក្រហម​៕
 
 

Tag:
 អគារ​
  បេតិកភណ្ឌ​
  ស្រាវជ្រាវ​
  ឯកសារ​
  បរទេស​
  ជាតិ​
  ស្រ៊ិ​ន សុខ​មាន​
© រក្សាសិទ្ធិដោយ thmeythmey.com