ជាតិ
សុខភាព
ក្រសួងសុខាភិបាល​៖ កុំ​ដំឡើងថ្លៃ​ម៉ាស់ ទុក​លទ្ធភាព​ឲ្យ​ពលរដ្ឋ​គ្រប់គ្នា​ទិញ​ប្រើ​បាន​ផង​!
27, Jan 2020 , 10:20 am        
រូបភាព
ពលរដ្ឋនៅប្រទេសជាច្រើនពាក់ម៉ាស់ដើម្បីទប់ស្កាត់ការឆ្លងកូរ៉ូណាវីរុស។ រូបថត AFP
ពលរដ្ឋនៅប្រទេសជាច្រើនពាក់ម៉ាស់ដើម្បីទប់ស្កាត់ការឆ្លងកូរ៉ូណាវីរុស។ រូបថត AFP
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​អំពាវនាវ​ឲ្យ​អ្នកលក់ដូរ មិនត្រូវ​ដំឡើង​តម្លៃ​ម៉ាស់ ស្រប​ពេលដែល​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា (2019-nCoV) បន្ត​រាលដាល​នៅ​ប្រទេស​ចិន និង​បណ្តា​ប្រទេស​មួយចំនួនទៀត​។​

 
«​សុំ​កុំ​ដំឡើងថ្លៃ​ម៉ាស់ ទុក​លទ្ធភាព​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់គ្នា ដែលមាន​តម្រូវការ​ប្រើប្រាស់​អាច​ទិញ​ប្រើ​បាន​ផង ដើម្បី​ជាការ​ចូលរួម​ការពារ​សុខភាព​ផ្ទាល់ខ្លួន​លើ​ការ​ចម្លងជំងឺ​នេះ និង​ជាការ​ធ្វើបុណ្យ​កុសល​សម្រាប់​លោកអ្នក​ជា​អ្នកលក់​ម៉ាស់​នេះ​ផង​»​។  នេះ​ជាការ​អំពាវនាវ​របស់​ក្រសួងសុខាភិបាល​។​
 
​ជាមួយគ្នានេះ​ក្រសួង​បាន​ណែនាំ​ថា ប្រសិន​ប្រើ​ពលរដ្ឋ​គ្មាន​ម៉ាស់ គឺអាច​ប្រើ​កន្សែង ឬ​ក្រដាស​ជូត​មាត់ សម្រាប់​ទប់មាត់​នៅពេល​ក្អក​បាន  ហើយ​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹកស្អាត ភ្លាម​ក្រោយពេល​ក្អក​។​
 

​គិត​ត្រឹម​ថ្ងៃទី​២៧ ខែមករា កូ​រ៉ូ​ណា​វីរុស​នេះ បាន​ឆ្លង​លើ​មនុស្ស​ប្រមាណ​២៨០០​នាក់ ហើយ​អ្នកស្លាប់​កើន​ដល់​៨០​នាក់​នៅ​ប្រទេស​ចិន​។ ក្រៅពី​ចិន ប្រទេស និង​តំបន់​ផ្សេងទៀត ដែលមាន​ករណី​រាលដាល​រួមមាន ថៃ ហុងកុង ម៉ា​កាវ តៃវ៉ាន់ សិង្ហ​បុរី ម៉ាឡេស៊ី អាមេរិក ជប៉ុន វៀតណាម កូរ៉េខាងត្បូង អូស្ត្រាលី បារាំង ណេ​ប៉ាល់ និង​កាណាដា​៕
 

Tag:
 សុខភាព​
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com