ជាតិ
នយោបាយជាតិ
កូរ៉ូណាវីរុស៖ អ្នកនាំពាក្យរដ្ឋាភិបាល ព្រមានថា អ្នកលក់ម៉ាស់នឹងមានទោស ប្រសិនជាដំឡើងថ្លៃម៉ាស់
× ភ្នំពេញ៖ ពីពិធីសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពក្រសួងបរិស្ថាន និងបច្ចុប្បន្នភាពនៃស្ថានភាព គុណភាពខ្យល់នៅកម្ពុជា» នៅព្រឹកថ្ងៃទី២៧ មករានេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានព្រមានផ្លូវច្បាប់ទៅលើអ្នកលក់ម៉ាស់(Mask) ដែលចង់កេងចំណេញឱកាសលក់ម៉ាស់ឡើងថ្លៃ ស្របពេលដែលជំងឺរលាកសួតប្រភេទកូរ៉ូណាវីរុស កំពុងផ្ទុះឡើងនៅប្រទេសចិន និងបណ្ដាប្រទេសជាង១០ទៀត។
លោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា ប្រសិនអ្នកលក់ម៉ាស់ដំឡើងថ្លៃខុសពីធម្មតានោះ ពួកគេនឹងជាប់ទោសវិច្ឆេតកម្ម។ លោក ផៃ ស៊ីផាន ក៏ស្នើឱ្យអ្នកលក់ម៉ាស់នៅកម្ពុជាទាំងអស់ កុំដំឡើងថ្លៃម៉ាស់ ដោយសារករណីជំងឺវីរុសថ្មីនេះ។
ជាមួយគ្នានេះក្រសួងសុខាភិបាល ក៏បានស្នើឱ្យលក់ម៉ាស់កុំឡើងថ្លៃ ដើម្បីទុកលទ្ធភាពឱ្យពលរដ្ឋទិញយកប្រើប្រាស់ ក្នុងការការពារនិងបង្ការជំងឺឆ្លងនានាផងដែរ។ ក្រសួងបានណែនាំថា ប្រសិនប្រើពលរដ្ឋគ្មានម៉ាស់ គឺអាចប្រើកន្សែង ឬក្រដាសជូតមាត់ សម្រាប់ទប់មាត់នៅពេលក្អកបាន ហើយត្រូវលាងដៃជាមួយសាប៊ូនិងទឹកស្អាត ភ្លាមក្រោយពេលក្អក។
គិតត្រឹមថ្ងៃទី២៧ ខែមករា កូរ៉ូណាវីរុសនេះ បានឆ្លងលើមនុស្សប្រមាណ២៨០០នាក់ ហើយអ្នកស្លាប់កើនដល់៨០នាក់នៅប្រទេសចិន។ ក្រៅពីចិន ប្រទេស និងតំបន់ផ្សេងទៀត ដែលមានករណីរាលដាលរួមមាន ថៃ ហុងកុង ម៉ាកាវ តៃវ៉ាន់ សិង្ហបុរី ម៉ាឡេស៊ី អាមេរិក ជប៉ុន វៀតណាម កូរ៉េខាងត្បូង អូស្ត្រាលី បារាំង ណេប៉ាល់ និងកាណាដា៕
Tag:
ផៃ ស៊ីផាន
កូរ៉ូណាវីរុស
សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com