អន្តរជាតិ
នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង ទៅ​ត្រួតពិនិត្យ​ក្រុង​វូ​ហាន​ដែល​កំពុង​ផ្ទុះ​កូ​រ៉ូ​ណាវី​រុស
27, Jan 2020 , 11:32 am        
រូបភាព
នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង ទៅត្រួតពិនិត្យក្រុងវូហានដែលកំពុងផ្ទុះកូរ៉ូណាវីរុស។ រូបភាព People
នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង ទៅត្រួតពិនិត្យក្រុងវូហានដែលកំពុងផ្ទុះកូរ៉ូណាវីរុស។ រូបភាព People's Daily
​នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង នៅ​ថ្ងៃទី​២៧ ខែមករា បាន​ទៅដល់​ទៅ​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៊ី មេរោគ​ថ្មី​បង្កដោយ​កូ​រ៉ូ​ណា​វីរុស​កំពុង​រាតត្បាត​យ៉ាងខ្លាំង និង​បង្ក​ការព្រួយបារម្ភ​ពេញ​ពិភពលោក​។ លោក លី ជា​មន្ត្រីជាន់ខ្ពស់​ចិន​ដំបូង​គេ​ដែល​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​តំបន់​នៅ​កណ្ដាល​រាតត្បាត​នេះ ខណៈ​ចំនួន​អ្នកស្លាប់​កើន​ដល់​៨០​នាក់ និង​ជិត​បី​ពាន់​នាក់​ទៀត ត្រូវបាន​បញ្ជាក់ថា បាន​ឆ្លង​មេរោគ​ដែល​គ្មាន​ថ្នាំ​ព្យាបាល​មួយ​នេះ​។​

 
​ពាក់​ម៉ាស់ និង​សម្លៀកបំពាក់​ការពារ​យ៉ាង​ត្រឹមត្រូវ លោក លី ខឹ​ឈាំ​ង នាយករដ្ឋមន្ត្រី​ចិន បាន​ចុះ​ត្រួតពិនិត្យ​ប្រតិបត្តិ​ការគ្រប់គ្រង និង​បង្ការ​ការ​សាយភាយ​កូ​រ៉ូ​ណា​វីរុស​នៅ​ទីក្រុង​វូ​ហាន​ក្នុង​ខេត្ត​ភាគ​កណ្ដាល​ហ៊ូ​ប៉ី​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​រដ្ឋ​ចិន People’s Daily ដែល​បន្តថា ប្រធានាធិបតី ស៊ី ជិន​ភីង ជា​អ្នក​ប្រគល់​ភារកិច្ច​នេះ​ឲ្យ​លោក លី ផ្ទាល់​។​
 
​អំឡុងពេល​ចុះ​ត្រួតពិនិត្យ​ការងារ​ទប់ស្កាត់​ការ​រាលដាល​មេរោគ​នៅ​វូ​ហាន លោក លី បាន​សួរសុខទុក្ខ​អ្នកជំងឺ និង​បុគ្គលិក​សុខាភិបាល​ជាច្រើន​នាក់​។ ខេត្ត​ហ៊ូ​ប៊ី ដែលជា​កន្លែង​ផ្ទុះ​មេរោគ​នេះ មាន​ករណី​អ្នកស្លាប់​ច្រើនជាងគេ គឺ​ដល់​ទៅ​៧៦​នាក់​ក្នុងចំណោម​ជនរងគ្រោះ​ទាំងអស់​៨០​នាក់​។ ខណៈ​អ្នក​ឆ្លង​មេរោគ​កើន​ដល់​ជាង​២៨០០​នាក់​ហើយ​នោះ ករណី​ឆ្លង​ជំងឺ​នេះ​នៅ​ចិន​ទាំងមូល​មាន​ចំនួន​២៧៦១​នាក់ ព្យាបាល​សះស្បើយ​ចំនួន​៥១​នាក់ និង​ករណី​សង្ស័យ​ជិត​៥៨០០​។​
 
​វិធានការ​ជាច្រើន ត្រូវបាន​ដាក់ចេញ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល និង​ការព្យាបាល​។ បច្ចុប្បន្ន អាជ្ញាធរ​ចិន កំពុង​សម្រុក​សាងសង់​មន្ទីរពេទ្យ​ចំនួន​ពីរ​ដ​ដើម្បី​ទទួល​ព្យាបាល​អ្នកជំងឺ​។ សម្ភារ និង​គ្រឿង​បរិក្ខារ​ទាំង​ឡាន ត្រូវបាន​បញ្ជូនទៅ​កាន់​វូ​ហាន​ដើម្បី​ព​ន្លឿ​ន​ការសាងសង់​មន្ទីរពេទ្យ​។ 
 
​ជាមួយគ្នានេះ ចិន​ក៏​បន្ត​បញ្ជូន​បុគ្គលិក​ពេទ្យ​រាប់រយ​នាក់​ទៀត ព្រមទាំង​សម្ភារ​ចាំបាច់​ទៅ​ទីក្រុង​វូ​ហាន​ដើម្បី​ជួយ​ក្នុង​ប្រតិបត្តិការ​គ្រប់គ្រង​មេរោគ​ផងដែរ​៕ 

Tag:
 ចិន​
  លី ខឹ​ឈាំ​ង​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com