ជាតិ
សង្គមជាតិ
បញ្ហាមេរោគកូរ៉ូណា៖ អ្នកនាំពាក្យ ប្រាប់និស្សិតខ្មែរនៅចិន ថា ស្ថានទូត ចាំជួយជានិច្ច
27, Jan 2020 , 1:33 pm        
រូបភាព
លោក កុយ គួង អ្នកនាំពាក្យការបរទេស (រូបពីគណនីហ្វេសប៊ុក Kuong Koy)
លោក កុយ គួង អ្នកនាំពាក្យការបរទេស (រូបពីគណនីហ្វេសប៊ុក Kuong Koy)
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ផ្ញើសារជូននិស្សិតខ្មែរ នៅប្រទេសចិន ជាពិសេនៅទីក្រុងអ៊ូហាន ខេត្តហឺបី ថា ស្ថានទូតនិងស្ថានអគ្គកុងស៊ុលកម្ពុជានៅទីនោះ បានត្រៀមលក្ខណរួចហើយ ដើម្បីជួយពួកគេ បើពួកគេមានបញ្ហាណាមួយពាក់ព័ន្ធនឹងការឆ្លងជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី។ លោក ប្រាប់និស្សិតទាំងនោះ ឲ្យទាក់ទងទៅស្ថានទូតឬស្ថានអគ្គកុងស៊ុលកម្ពុជា បើត្រូវការជំនួយឬកិច្ចអន្តរាគមន៍។



ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លោក កុយ គួង បញ្ជាក់ដូច្នេះថា៖«ស្ថានទូតនិងស្ថានអគ្គកុងស៊ុលយើងនៅទីនោះ រង់ចាំតែជួយពួកគាត់ជានិច្ច ឲ្យតែពួកគាត់ទាក់ទងទៅ។ សំខាន់ គឺអាស្រ័យលើពួកគាត់។ យើង នឹងប្រឹងប្រែងជួយពួកគាត់ ឲ្យអស់លទ្ធភាព»។

តាមរយៈសារព័ត៌មាននានា និស្សិតខ្មែរមួយចំនួននៅទីក្រុងអ៊ូហាន បានបង្ហាញក្តីប្រារម្ភ ខណៈកូរ៉ូណាវីរុស កាន់តែរីករាលដាល។ ពួកគេ ចង់បានកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលកម្ពុជា។

លោក កុយ គួង ក៏បានឃើញការចុះផ្សាយពីព័ត៌មាននេះដែរ តែលោក អះអាងថា មិនទាន់ឃើញមាននិស្សិតខ្មែរណាម្នាក់ ស្នើសុំកិច្ចអន្តរាគមន៍ទៅក្រសួងការបរទេស ឬស្ថានទូត ឬមួយស្ថានអគ្គកុងស៊ុលដោយផ្ទាល់នោះទេ។

បើតាមអ្នកនាំពាក្យដដែល កម្ពុជា មិនទាន់មានគម្រោងជម្លៀសនិស្សិតនិងប្រជាពលរដ្ឋខ្មែរ ចេញពីទីក្រុងអ៊ូហាន ដែលជាប្រភពដើមនៃការកកើតកូរ៉ូណាវីរុសនោះទេ។  តែអ្នកនាំពាក្យ ប្រាប់ថា រដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថានទូតនិងស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសចិន បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពនៃការរីករាលដាលកូរ៉ូណាវីរុសនេះ។

ជាមួយគ្នានេះ លោក ស្នើឲ្យនិស្សិតខ្មែរនៅនោះ ក្តាប់សភាពការណ៍អំពីជំងឺនេះឲ្យបាន ហើយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនចំពោះវិធានការការពារ ដែលអាជ្ញាធរចិន ណែនាំ។

អាមេរិក និង ជប៉ុន ជាដើម បានប្រកាសពីគម្រោងជម្លៀសប្រជាពលរដ្ឋរបស់ខ្លួន ចេញពីទីក្រុងអ៊ូហាន។

ដោយខ្លាចសិស្ស-និស្សិតឆ្លងកូរ៉ូណាវីរុស រដ្ឋាភិបាលចិន បានបិទសាលាមួយរយៈនៅទូទាំងប្រទេស។ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានឲ្យដឹងថា មាននិស្សិតខ្មែរជាង២០នាក់ ដែលកំពុងសិក្សានៅទីក្រុងអ៊ូហាន។ សមាគមនេះ លើកទឹកចិត្តឲ្យនិស្សិតខ្មែរនៅអ៊ូហាន រក្សាស្មារតីឲ្យបានរឹងមាំ ហើយបានឧបត្ថម្ភថវិកាមួយចំនួនដល់ពួកគេ ដើម្បីជួយសម្រួលដល់ការរស់នៅក្នុងកាលៈទេសៈនេះ។

ថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានផ្ញើសារជួននិស្សិតខ្មែរនៅចិនផងដែរ ដោយណែនាំពួកគេ ឲ្យថែសុខភាពនិងប្រញាប់ទាក់ទងទៅស្ថានទូតឬស្ថានអគ្គកុងស៊ុលកម្ពុជា បើមានបញ្ហាអ្វីកើតឡើង។

មកដល់ថ្ងៃទី២៧ ខែមករានេះ ជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុស បានសម្លាប់មនុស្សមនុស្សប្រមាណ៨០នាក់ហើយ នៅប្រទេសចិន និងមានមនុស្សប្រមាណ២,៧ពាន់នាក់នៅប្រទេសចិន កំពុងផ្ទុកមេរោគនេះ។ វា ក៏បានឆ្លងទៅដល់បណ្តាប្រទេសមួយចំនួនផងដែរ ដូចជា វៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង អាមេរិក អូស្ត្រាលី បារាំង ណេប៉ាល់ និង កាណាដា ជាដើម។ យ៉ាងណា ក្រៅពីប្រទេសចិន មិនទាន់មានពលរដ្ឋណាម្នាក់ នៅតាមបណ្តាប្រទេសដទៃ បាត់បង់ជីវិត ដោយសារមេរោគប្រភេទថ្មីនេះទេ។

ចំណែក កម្ពុជា នៅមិនទាន់មានមេរោគប្រភេទថ្មីក៏គួរឲ្យខ្លាចនេះទេ។ រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល បានចេញវិធានការផ្សេងៗ ដើម្បីទប់ស្កាត់ កុំឲ្យវាឆ្លងមកដល់កម្ពុជា៕

Tag:
 និស្សិតខ្មែរនៅចិន
  កូរ៉ូណា
  កុយ គួង
© រក្សាសិទ្ធិដោយ thmeythmey.com