ពីនេះ ពីនោះ
រូបត្លុក
តើអភិបាលរាជធានីខេត្ត គួរមានលក្ខណៈសម្បត្តិអ្វីខ្លះ?
× បន្ទាប់ពីកុម្ម៉ង់ កាហ្វេទឹកដោះក្តៅម្នាក់មួយកែវហើយ ហើយអ្នកលក់ដើរផុតពីតុមិនបានប៉ុន្មានជំហានផង សំណាងនាំសុធីរនិយាយរឿងការដឹកនាំរាជធានីខេត្តតែម្តង។ សុធីរក៏ពេញចិត្តជជែករឿងហ្នឹងដែរ ព្រោះគាត់មានគំនិតមួយចំនួនដែលចង់និយាយពីលក្ខណៈសម្បត្តិនៃបេក្ខភាពអភិបាលខេត្តរាជធានី។
សំណាង៖ អាធីរ បើតាមអ្ហែងមើលឃើញ ខេត្តណាមានសមិទ្ធផល ហើយអភិវឌ្ឍន៍ច្រើនជាងគេ?
សុធីរ៖ សំណួរអ្ហែងពិបាកឆ្លើយណាស់អ្ហា! អញឯណាដើររាប់សមិទ្ធផលរបស់គេនៅតាមខេត្តអស់នោះ។ ប៉ុន្តែអញចង់និយាយអីចេះវិញ។ តិច ឬច្រើន អភិបាលខេត្តរាជធានីទាំងអស់ ពួកគេបានធ្វើការងាររបស់ពួកគេហើយដូចជា សាងសង់សមិទ្ធផល និងបង្កើនប្រសិទ្ធភាពនៃសេវាបម្រើរាស្ត្រ។ ប៉ុន្តែអញចង់និយាយជារួមវិញថា មើលទៅ ថ្នាក់ខេត្ត-រាជធានី ដូចនៅពឹងតែថ្នាក់ជាតិច្រើនពេក។
សំណាង៖ យីអានេះ ថ្នាក់ក្រោមជាតិ មិនឱ្យពឹងថ្នាក់ជាតិ អ្ហែងចង់យ៉ាងម៉េច?
សុធីរ៖ នយោបាយ គឺដឹងតែស្របថ្នាក់ជាតិហើយ ប៉ុន្តែគំនិតអភិវឌ្ឍន៍មូលដ្ឋាន កៀងគរវិនិយោគិន ពង្រីកសេដ្ឋកិច្ចតាមខេត្តរាជធានីខ្លួនឯង ថ្នាក់ជាតិគេមិនទោមនស្សអីទេ។ ធ្វើកាន់តែច្រើន ផ្តល់ប្រយោជន៍ឱ្យប្រជាជនច្រើនកាលណា ថ្នាក់ជាតិអបអរច្រើនតាមហ្នុង។
សំណាង៖ ដូចមិនមែនស្រួល ដូចមាត់អ្ហែងនិយាយទេដឹង?
សុធីរ៖ តែក៏ដូចជាមិនពិបាកដូចមាត់អញនិយាយដែរ។ អ្នកដឹកនាំខេត្ត ពិសេសខេត្តធំៗ ត្រូវមានជំនាញផ្ទាល់ខ្លួនមួយចេញពីសាលាត្រឹមត្រូវ យល់ដឹងពីវិស័យច្បាប់ គ្រប់គ្រងធនធានមនុស្ស មានមនសិការជាតិឱ្យបានច្រើន មានគំនិតជំនួញ និងជាពិសេសមកដល់សម័យនេះហើយ ថ្នាក់ដឹកនាំខេត្តត្រូវចេះភាសាបរទេស។ អង់គ្លេសចាំបាច់បំផុត បន្ទាប់មកអាចបារាំង ចិន កូរ៉េ ថៃ ថែមទៀតក៏រឹតតែល្អ។ សម័យនេះហើយ គេនិយាយពីទំនាក់ទំនងអន្តរជាតិនៅគ្រប់កន្លែង ដូច្នេះភាសាសំខាន់ណាស់។ អញនិយាយឡើងវិញ ចេះភាសាអាចធ្វើទំនាក់ទំនងទាញប្រយោជន៍ពីវិនិយោគិនបរទេសបាន, មានគំនិតសេដ្ឋកិច្ច (ដើម្បីប្រយោជន៍ពលរដ្ឋ មិនមែនឆ្លៀតពេលកេងយកចំណេញផ្ទាល់ខ្លួនទេ), ស្រឡាញ់ប្រទេស ស្រឡាញ់ប្រជាជន។ ២០ឆ្នាំចុងក្រោយនេះ កម្ពុជាបណ្តុះបានធនធានច្រើន មិនតិចទេ។
សំណាង៖ អ្ហែងនិយាយ ដូចត្រូវម្យ៉ាងដែរ។ តាមពិត ខេត្តមួយៗ អាចចាប់ដៃគូជាមួយខេត្តនានារបស់បរទេស ធ្វើសហប្រតិបត្តិការផ្សេងៗដែលអាចនាំប្រយោជន៍មកប្រជាពលរដ្ឋបានដែរតើ។
© រក្សាសិទ្ធិដោយ thmeythmey.com