ជាតិ
សង្គមជាតិ
​កូ​រ៉ូ​ណាវី​រុស​៖ រដ្ឋមន្ត្រី​អប់រំ​ប្រាប់​គ្រប់​សាលា​ឲ្យ​យកចិត្តទុកដាក់​ណែនាំ​សិស្ស​
27, Jan 2020 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នា​ការបើក​បាឋកថា​ស្តីពី «​កំណែទម្រង់​កម្មវិធីសិក្សា និង​វិធីសាស្ត្រ​បង្រៀន​»​នៅ​ថ្ងៃទី​២៧ ខែមករា លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​ឲ្យ​គ្រប់​គ្រឹះស្ថានសិក្សា​ទូទាំង​រាជធានី​ខេត្ត ត្រៀម​ការពារ​សិស្ស​ដោយ​ឲ្យ​សិស្ស​លាងដៃ និង​ពាក់​ម៉ាស់​ជាប្រចាំ ដើម្បី​ជៀសវាង​ការឆ្លង​កូ​រ៉ូ​ណាវី​រុស​។

 
​លោក ហង់ ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា ថ្វី​ដ្បិត​កម្ពុជា​មិនទាន់​ឆ្លង កូ​រ៉ូ​ណា​វីរុស​ក៏ដោយ ក៏​ក្រសួង​អប់រំ នៅតែ​ណែនាំ​ឲ្យ​សាលា​នីមួយ​ត្រូវ​ត្រៀមលក្ខណៈ​ទុកជាមុន ដើម្បី​ការពារ​កុំ​ឲ្យ​សិស្សានុសិស្ស​ឆ្លង​ជំងឺ​ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​។​

 
 
​រដ្ឋមន្ត្រីក្រសួង​អប់រំ​បានលើកឡើង​ដូច្នេះ​ថា​៖«​ខ្ញុំ​ស្នើសុំ​ឲ្យ​គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់ អប់រំ ផ្សព្វផ្សាយ បុគ្គលិក​អប់រំ​និង​សិស្សានុសិស្ស​ត្រៀមខ្លួន​ឲ្យ​បានល្អ ពី​ការពារ​ជំងឺឆ្លង​នេះ​»​។ 
 
​នា​ព្រឹក​ថ្ងៃទី​២៧ ខែមករា សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​បាននាំគ្នា​ពាក់​ម៉ាស់ និង​លាង​សម្អាត​ដៃ​មុន​ចូលរៀន ដើម្បី​ការពារ «​កូ​រ៉ូ​ណាវី​រុស​»​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៧ ខែមករា កូ​រ៉ូ​ណា​វីរុស​នេះ បាន​ឆ្លង​លើ​មនុស្ស​ប្រមាណ​២៨០០​នាក់ ហើយ​អ្នកស្លាប់​កើន​ដល់​៨១​នាក់​នៅ​ប្រទេស​ចិន​។ ក្រៅពី​ចិន ប្រទេស និង​តំបន់​ផ្សេងទៀត ដែលមាន​ករណី​រាលដាល​រួមមាន ថៃ ហុងកុង ម៉ា​កាវ តៃវ៉ាន់ សិង្ហ​បុរី ម៉ាឡេស៊ី អាមេរិក ជប៉ុន វៀតណាម កូរ៉េខាងត្បូង អូស្ត្រាលី បារាំង ណេ​ប៉ាល់ និង​កាណាដា​៕

Tag:
 សិស្ស​
 ​គ្រឹះស្ថានសិក្សា​
 ​អប់រំ​
 ​សុខភាព​
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com