អន្តរជាតិ
តើ​ការពាក់​ម៉ាស់​ពិតជា​ជួយ​បង្ការ​ការឆ្លង​កូ​រ៉ូ​ណាវី​រុស​?
27, Jan 2020 , 9:39 pm        
រូបភាព
អ្នកធ្វើដំណើរពាក់ម៉ាស នៅស្ថានីយភ្លើងមួយកន្លែងក្នុទីក្រុង ប៉េកាំង ថ្ងៃ ២៤ មករា ឆ្នាំ២០២០ (AFP)
អ្នកធ្វើដំណើរពាក់ម៉ាស នៅស្ថានីយភ្លើងមួយកន្លែងក្នុទីក្រុង ប៉េកាំង ថ្ងៃ ២៤ មករា ឆ្នាំ២០២០ (AFP)
ដោយ:
​នៅ​ចំពោះ​មុខការ​ផ្ទុះឡើង​នៃ​កូ​រ៉ូ​ណាវី​រុស​ក្នុងប្រទេស​ចិន ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច ៨១​នាក់ (​គិត​ត្រឹម​ថ្ងៃ​ចន្ទ ២៧ មករា​) មន្ត្រី​ជំនាញ និង​អ្នកជំនាញ​សុខាភិបាល​ក្នុងប្រទេស​នានា បាន​ជំរុញ​ឲ្យ​សាធារណជន​ពាក់​ម៉ាស់ (surgical mask) ក្នុង​គោលដៅ​បញ្ចៀស​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​។ តម្រូវការ​ពី​សំណាក់​ប្រជាជន​សម្រាប់​ម៉ាស់​ប្រភេទ​នេះ មានការ​កើនឡើង​ខ្លាំង ដោយ​អ្នកលក់​ខ្លះ បាន​ដំឡើងថ្លៃ​ម៉ាស់​នេះ​ថែម​ទៀតផង​។ ក៏ប៉ុន្តែ គេ​ចោទ​ជា​សំណួរ​មួយ​ទៀតថា «​តើ​ការពាក់​ម៉ាស់​នេះ​ពិតជា​អាចជួយ​យើង​បង្ការ​ការឆ្លង​វីរុស​នេះ​មែនដែរ​ទេ​?»

 
​ប្រាប់​សារព័ត៌មាន BBC News កាលពី​សប្តាហ៍​មុន លោក​វេជ្ជបណ្ឌិត David Carrington នៃ​សាកលវិទ្យាល័យ​ក្រុង​ឡុង​ដ៍ បាន​លើកឡើងថា​៖«​ទម្លាប់​ពាក់​ម៉ាស់​របស់​សាធារណជន គឺ​ពុំមាន​ប្រសិទ្ធភាព​ក្នុងការ​បង្ការ​ប្រឆាំងនឹង​វីរុស ឬ​បាក់តេរី ដែលមាន​ក្នុង​ខ្យល់​ឡើយ​»​។ ត្រង់នេះ លោក ពន្យល់ថា ម៉ាស់​ទាំងនោះ រលុង​ពេក គ្មាន​តម្រង​ខ្យល់ (air filter) និង​ទុក​ឲ្យ​ភ្នែក​ទាំង​គូរ​នៅ​កណ្ដាលវាល​។ 
 
​ក៏ប៉ុន្តែ លោក​វេជ្ជបណ្ឌិត​ដដែល បន្តទៀតថា ម៉ាស់​ទាំងនេះ អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​វីរុស​ឆ្លងតាម​រយៈ​ការ​ឃ្លាតឆ្ងាយ​ពី​ការ​កណ្តាស់​ឬ​ក្អក ព្រមទាំង​ផ្តល់​ការការពារ​មួយចំនួន​ប្រឆាំងនឹង​ការឆ្លង​ពី​មាត់​ទៅ​មាត់ ជាដើម​។​
 
​លើកឡើង​ស្រដៀង​គ្នា​នឹង​លោក David Carrington លោក​វេជ្ជបណ្ឌិត William Schaffner ប្រធាន​វេជ្ជសាស្ត្រ​នៃ​មូលនិធិ​ជាតិ​សម្រាប់​ជំងឺឆ្លង​របស់​សហរដ្ឋ​អាមេរិក អះអាងថា​៖«​ម៉ាស់ នឹង​មិនអាច​បង្ការ​ជំងឺឆ្លង​ឡើយ​»​។ ប្រាប់​ទូរទស្សន៍​អាមេរិក Fox News លោក បាន​ពន្យល់ថា ម៉ាស់ (Surgical mask) ជាធម្មតា ត្រូវបាន​ប្រើ​ដោយ​គ្រូ​ពេទ្យវះកាត់​ដើម្បី​ការពារ​អ្នកជំងឺ​ពួកគេ​ពី​មេរោគ​ក្នុង​មាត់ (mouth-borne germs)​។ យ៉ាងណាមិញ លោក អះអាងថា​៖«​ម៉ាស់​ទាំងនោះ ពុំ​អាច​បង្ការ​ពី​ជំងឺ​ឆ្លងតាម​ការដកដង្ហើម​ឡើយ​»​។​


 
​ម៉ាស់​ប្រភេទ​នេះ ដែល​បិទបាំង​ច្រមុះ​និង​មាត់ ជាទូទៅ ត្រូវបាន​ផលិតឡើង​ដោយ​វត្ថុ​ធាតុ​ស្តើងៗ ហើយ​មិនត្រូវ​នឹង​ទំហំ​មុខ​មនុស្ស​។ និយាយ​បែប​ផ្សេង គេ​ឃើញ​មាន​ចន្លោះ​នៅ​ផ្នែក​ចង្កា និង​គែម​មាត់ ដែល​អាច​ងាយស្រួល​សម្រាប់​ខ្យល់​ចេញ​និង​ចូល​បាន​។ លោក​វេជ្ជបណ្ឌិត Schaffner បាន​និយាយ​បែបនេះ​៖«​នៅពេល​ក្អក​អ្នក​អាចមាន​អារម្មណ៍​ថា​មាន​ខ្យល់​ចេញពី​ម៉ាស់​»​។​
 
​ដោយឡែក ឧបករណ៍​ដកដង្ហើម N95 ត្រង​យក​ភាគល្អិត​ចេញពី​ខ្យល់​ដែល​នៅ​ជុំវិញ​នោះ ដែល​ការពារ​អ្នក​ពាក់​ពី​ការដកដង្ហើម​ភាគល្អិត​ចូលក្នុង​សួត​ដែលមាន​អង្កត់ផ្ចិត​ដល់ ០,៣ មី​លី​ម៉ែត្រ​។ ម៉ាស់​ប្រភេទ​នេះ ជាទូទៅ ត្រូវបាន​ពាក់​នៅពេល​គុណភាព​ខ្យល់​ធ្លាក់ចុះ​ខ្លាំង ដោយសារ​កត្តា​ភ្លើង​ឆេះ​ព្រៃ ឬ​បំពុល​ខ្យល់ ហើយ​ជា​ពិ​សេ​សេ ពួកវា​ត្រូវបាន​រចនា​ឡើង​ត្រូវ​ណែន​នឹង​មុខ​អ្នក​ពាក់​។ យ៉ាងណាមិញ កូ​រ៉ូ​ណា​វីរុស​នេះ មាន​អង្កត់ផ្ចិត​ត្រឹម​០,១២​មី​លី​ម៉ែត្រ​។ 
 
​សូមបញ្ជាក់ថា អនុសាសន៍​បទដ្ឋានរ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)  សម្រាប់​សាធារណជន​ទូទៅ​ក្នុងការ​កាត់បន្ថយ​ការប៉ះពាល់​និង​ការ​ចម្លងជំងឺ​មួយចំនួន គឺមាន​ដូចជា អនាម័យ​ដៃ​និង​ដំណក​ដង្ហើម ព្រមទាំង​ការអនុវត្ត​របប​អាហារ​មាន​សុវត្ថិភាព​ជាដើម​។ 
 
​ត្រង់នេះ WHO ផ្តល់​៦​ចំណុច ដូចខាងក្រោម​៖
 
១៖ លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ដោយ​ប្រើ​កន្សែង ឬ​សា​ប៉ូ ឬ​ទឹក ដែលមាន​ជាតិ​អា​គុល​
២៖ នៅពេល​ក្អក ឬ​កណ្ដាស់ សូម​បិទមាត់ និង​ច្រមុះ​អ្នក ជាមួយ​ក្រដាស​ជូន​មាត់ ហើយ​បោះចោល​ក្រដាស​នោះ​ភ្លាមៗ និង​សម្អាត​ដៃ​របស់​អ្នក​។​
៣៖ ចៀសវាង​ការ​ទៅជិត​អ្នក​ដែល​ក្តៅខ្លួន និង​ក្អក​
៤៖​ប្រ​សិ​ម​បើ​អ្នក​ក្តៅ​ខ្លួ​ល ក្អក និង​ពិបាក​ដកដង្ហើម សូម​ប្រញាប់​ទៅ​មន្ទីរពេទ្យបង្អែក ឬ​មណ្ឌល​សុខាភិបាល​ដែល​នៅ​ជិត​អ្នក​បំផុត ដើម្បី​ពិគ្រោះ​ជំងឺ និង​ទទួល​ថ្នាំ​ព្យាបាល 
៥៖ កុំ​ប៉ះពាល់​សត្វមានជីវិត​ដោយផ្ទាល់ នៅ​កន្លែង​ណា​ដែល​សង្ស័យថា មាន​កូ​រ៉ូ​ណាវី​រុស​
៦៖ បរិភោគ​តែ​សាច់​ឆ្អិន និង​មាន​សុវត្ថិភាព​៕

Tag:
 ចិន​
  ម៉ាស់​
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com