រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសុខាភិបាលជាសេនាធិការ បានដាក់ម៉ាស៊ីនស្កែនស្ទើរគ្រប់ច្រកចេញចូល មិនថាតាមព្រលានយន្តហោះ ឬតាមទ្វារព្រំដែននោះទេ ដើម្បីដឹងជាមុន បើមានអ្នកដំណើរណាម្នាក់ មានជំងឺរលាកសួត ដែលបង្កដោយមេរោគប្រភេទថ្មីម្យ៉ាង ហៅថា កូរ៉ូណាវីរុស (Coronavirus)។
លោក ម៉ន ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លើកឡើងថា ព្រលានយន្តហោះភ្នំពេញ សៀមរាប និង កំពង់សោម សុទ្ធតែមានដាក់ម៉ាស៊ីនស្កែននេះ ហើយតាមច្រកព្រំដែននានា ដូចជា ប៉ោយប៉ែត ស្វាយរៀង និង កំពត ជាដើម ក៏មានដែរ។ លោក សង្កត់ធ្ងន់ថា៖«សំខាន់បំផុត យើង យកចិត្តទុកដាក់លើអាកាសយានដ្ឋាន ដែលមានជើងហោះហើរចេញពីប្រទេសចិន»។
លើសពីនេះ ទីតាំងទាំងនោះ ក៏មានរថយន្តសង្គ្រោះបន្ទាន់ដែរ ដើម្បីត្រៀមដឹកយកទៅពិនិត្យភ្លាមៗ បើសង្ស័យថា អ្នកដំណើរណាម្នាក់ ផ្ទុកកូរ៉ូណាវីរុសនេះ។
នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង បានចុះទៅពិនិត្យម៉ាស៊ីនស្កែន នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ លោក ថ្លែងថា«...ផ្នែកពាក់ព័ន្ធទាំងអស់ ទាំងអាជ្ញាធរអាកាសចរណ៍ ទាំងអាជ្ញាធរដែនដី រួមកម្លាំងគ្នាទប់ស្កាត់»។
តើអង្គការសុខភាពពិភពលោក (WHO) នឹងគាំទ្រកម្ពុជាទេ បើកូរ៉ូណាវីរុស កើតឡើងនៅកម្ពុជា? លោករដ្ឋមន្ត្រី ឆ្លើយនឹងអ្នកកាសែតថា៖«យើង ធ្វើការជាមួយអង្គការសុខភាពពិភពលោកហើយ តែខ្លួនយើង យើងខិតខំប្រឹងប្រែងឲ្យមែនទែន ឲ្យអស់ពីដៃពីជើង។ គេនៅជាមួយយើងហើយ តែសំខាន់បំផុត ខ្លួនយើងខិតខំប្រឹងប្រែង»។
ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានអំពាវនាវឲ្យគ្រប់ស្ថាប័នសារព័ត៌មាន ចូលរួមផ្សព្វផ្សាយព័ត៌មានពិត អំពីកូរ៉ូណាវីរុស ហើយបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ។ ដើម្បីឲ្យប្រជាពលរដ្ឋ ទទួលបានព័ត៌មានកាន់តែច្រើន និងមានការយល់ដឹងកាន់តែច្បាស់ពីកូរ៉ូណាវីរុស លោករដ្ឋមន្ត្រី អះអាងថា លោក នឹងធ្វើខិត្តប័ណ្ណផ្សេងៗ យកទៅបិទតាមរថយន្តក្រុង។
លោក បញ្ជាក់ថា៖«បើគាត់ យល់ដឹងកាន់តែច្រើន គាត់ខ្លួនឯង នឹងទទួលព័ត៌មានពិតប្រាកដកាន់តែច្រើន គេផ្សាយកុហក ក៏គាត់មិនសូវជឿ ហើយគាត់មានវិធានការត្រឹមត្រូវ ក្នុងការប្រតិបត្តិ»។
លើសពីនេះ លោករដ្ឋមន្ត្រី បានរម្លឹកជាថ្មីឲ្យប្រជាពលរដ្ឋ ពិសាម្ហូបអាហារឆ្អិនជានិច្ច ឧស្សាហ៍លាងដៃនឹងសាបូ ពាក់ម៉ាស់ឬប្រើក្រមា និង កុំនៅជិតអ្នកក្អក ជាដើម។ លោក រម្លឹកទៀតថា បើសង្ស័យថា ឆ្លងកូរ៉ូណាវីរុស ដោយមានអាការដូចជា ផ្តាសាយ ហៀរសំបោរ ក្អក និង ក្តៅខ្លួនជាដើម ប្រជាពលរដ្ឋ ត្រូវប្រញាប់ហៅទូរស័ព្ទទៅកាន់លេខ១១៥ ដើម្បីសួរព័ត៌មានឲ្យច្បាស់និងរកដំណោះស្រាយ។
ប្រជាពរដ្ឋកម្ពុជា ហាក់មានក្តីបារម្ភខ្លាំង ដោយម្នាក់ៗ នាំគ្នា ទិញម៉ាស់ពាក់ការពារ ដោយខ្លាចឆ្លងកូរ៉ូណាវីរុសនេះ។
នៅតាមសាលាមួយចំនួន សិស្សានុសិស្ស បានពាក់ម៉ាស់ និង លាងដៃមុនចូលរៀន។ ក្នុងពិធីរៀបចំបាឋកថាស្តីពីកំណែទម្រង់កម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន នាព្រឹកថ្ងៃទី២៧ ខែមករា លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានអំពានាវឲ្យលោកគ្រូ-អ្នកគ្រូ ជួយផ្សព្វផ្សាយពីវិធានការការពារកូរ៉ូណាវីរុសទៅដល់សិស្ស។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ញើសារជូនប្រជាពលរដ្ឋផងដែរ ដោយណែនាំឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះកូរ៉ូណាវីរុស ជាពិសេសពេលធ្វើដំណើរទៅកាន់បណ្តាប្រទេស ឬកំពុងស្ថិតនៅក្នុងប្រទេស ដែលមានកូរ៉ូណាវីរុស។ ប្រមុខរដ្ឋាភិបាល ថែមទាំងអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់កូរ៉ូណាវីរុស ដោយត្រូវអនុវត្តវិធានការនានា ដែលក្រសួសុខាភិបាល បានដាក់ចេញ។
មកដល់ថ្ងៃទី២៧ ខែមករានេះ កូរ៉ូណាវីរុស បានសម្លាប់មនុស្ស៨១នាក់ហើយ នៅប្រទេសចិន និងមានមនុស្សប្រមាណជិត៣ពាន់ នៅប្រទេសចិន កំពុងផ្ទុកមេរោគនេះ។ កូរ៉ូណាវីរុស ដែលមានប្រភពដើមពីទីក្រុងអ៊ូហាន ខេត្តហឺប៉ី ប្រទេសចិន បានឆ្លងទៅដល់បណ្តាប្រទេសមួយចំនួនហើយ ដូចជា វៀតណាម ថៃ កម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង អាមេរិក អូស្ត្រាលី បារាំង ណេប៉ាល់ និង កាណាដា ជាដើម។
យ៉ាងណា ក្រៅពីប្រទេសចិន មិនទាន់មានពលរដ្ឋណាម្នាក់ នៅតាមបណ្តាប្រទេសដទៃ បាត់បង់ជីវិត ដោយសារមេរោគប្រភេទថ្មីនេះទេ៕