ជាតិ
អាជ្ញាធរ​ស្រុក​សេ​សាន ចង់​ឲ្យ​ព្រៃ​សហគមន៍ «​ភ្នំ​តា​គង់​» ក្លាយទៅជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​
28, Jan 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ អភិបាលស្រុក​សេសា​ន លោក សុវណ្ណ ពិ​សេដ្ឋ សហការ​ជាមួយ​អង្គការ និង​សហគមន៍ នឹង​រៀបចំ​ព្រៃ​សហគមន៍​ភ្នំ​តា​គង់ ឲ្យ​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ នៅក្នុង​ឆ្នាំនេះ​។ នេះ​បើតាម​ចុះផ្សាយ​របស់​គេហទំព័រ​ក្រសួង​ព័ត៌មាន​។

 
​កាលពី​ថ្ងៃទី ២៥ មករា លោក សុវណ្ណ ពិ​សេដ្ឋ អភិបាលស្រុក​សេសា​ន រួមទាំង​មន្ត្រី ព្រះសង្ឃ តំណាង​សហគមន៍ បាន​ចុះ​ល្បាត និង​សិក្សា​ពី​សក្ដានុពល​ទេសចរណ៍​ក្នុង​តំបន់​ព្រៃ​សហគមន៍ «​ភ្នំ​តា​គង់​»​។ ព្រៃ​សហគមន៍​ភ្នំ​តា​គង់ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ដែលមាន​ផ្ទៃដី​ជាង ៥០០​ហិកតា​។ 
 
​គេហទំព័រ​ក្រសួង​ព័ត៌មាន បាន​ដកស្រង់​សម្ដី​លោក សុវណ្ណ ពិ​សេដ្ឋ យ៉ាង​ដូច្នេះ​៖ «​ផ្ទៃដី​ជាង​៥០០​ហិកតា​របស់ព្រៃ​សហគមន៍​ភ្នំ​តា​គង់ មាន​សក្តានុពល​ទៅលើ​វិស័យ​ទេសចរណ៍  ហើយ​អាជ្ញាធរ​ស្រុក សហការ​ជាមួយ​អង្គការ​ភូមិ​ខ្ញុំ រៀបចំ​ជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ នៅក្នុង​ឆ្នាំនេះ​»​។ លោក​អភិបាលស្រុក បន្ថែមថា ការរៀប​ចំនេះ នឹងធ្វើ​ឲ្យ​មាន​ផ្លូវ​ជិះ​កង់ ឬ​ម៉ូតូ​សម្រាប់​ភ្ញៀវទេសចរ​ធ្វើដំណើរ​កម្សាន្ត​តាម​ព្រៃ​សហគមន៍ ដើម្បី​រកប្រាក់​ចំណូល​ដ​ល់​ប្រជា​សហគមន៍​ពី​វិស័យ​ទេសចរណ៍​។​
 
​តាមរយៈ​ការរៀបចំ​ទៅជា​រមណីយដ្ឋាន​នេះ នឹងចូលរួម​ថែរក្សា និង​អភិរក្ស​ធនធាន​ព្រៃឈើ​។ សូមបញ្ជាក់ថា ព្រៃ​សហគមន៍​ភ្នំ​តា​គង់​នេះ មាន​សមាជិក​ជាង ៣០០​គ្រួសារ កំពុង​សហការគ្នា​អភិរក្ស និង​ទទួលផល​ពី​ព្រៃឈើ ដូចជា ទឹកឃ្មុំ​ព្រៃ​, វល្លិ​, ផ្ដៅ​, បន្លែ​ធម្មជាតិ និង​ឱសថ​បុរាណ​មួយចំនួន​ផងដែរ​៕
 

Tag:
 សេ​សាន​
  ព្រៃ​
  ទេសចរណ៍​
  សហគមន៍​
© រក្សាសិទ្ធិដោយ thmeythmey.com