ជាតិ
សង្គមជាតិ
សុខភាព
វិទ្យាល័យព្រះស៊ីសុវត្ថិ រៀបចំទឹកអាកុល ឲ្យសិស្សសំអាតដៃ និងណែនាំឲ្យពាក់ម៉ាស់ ដើម្បីការពារវីរុសកូរ៉ូណា សកម្មភាពសិស្សសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិកំពុងលាងដៃជាមួយនឹងទឹកអាកុល នាព្រឹកថ្ងៃទី២៧ ខែមករា
× ភ្នំពេញ៖ វិទ្យាល័យព្រះស៊ីសុវត្ថិ បានណែនាំឲ្យសិស្សគ្រប់រូប អនុវត្តលាងសំអាតដៃជាមួយនឹងសាប៊ូ និងទឹកអាកុល មុននឹងពិសាចំណីអាហារ និងពាក់ម៉ាស់ជាប្រចាំ ដើម្បីជៀសវាងការឆ្លងជំងឺរលាកសួតដែលបង្កឡើងដោយវីរុសកូរ៉ូណា ដែលកំពុងតែកើតមាននៅប្រទេសចិន និងរាលដាលដល់ប្រទេសដទៃទៀតផងដែរ។ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ វិទ្យាល័យស៊ីសុវត្ថិ ចាប់ផ្តើមឲ្យសិស្សានុស្ស អនុវត្តវិធានការនេះជាលើកដំបូង។
នៅវេលាម៉ោង៧ព្រឹក ដែលជាពេលសិស្សានុសិស្សគោរពទង់ជាតិ លោកគ្រូអ្នកគ្រូនៅវិទ្យាល័យព្រះស៊ីសុវត្ថិបានរៀបចំទឹកអាកុលសម្រាប់ឲ្យសិស្សលាងដៃ មុននឹងចូលថ្នាក់រៀន។ ជាពិសេសណែនាំឲ្យសិស្សលាងដៃជាមួយនឹងសាប៊ូមុននឹងចាប់កាន់ចំណីអាហារ និងពាក់ម៉ាស់ជាប្រចាំដើម្បីការពារកុំឲ្យឆ្លងជំងឺរលាកសួតដែលបង្កឡើងពីវីរុសកូរ៉ូណា។
អ្នកគ្រូ ទ្រី រ៉ិច នាយិកានៃសាលាជំនាន់ថ្មី ស្ថិតក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ បាននិយាយប្រាប់អ្នកសារព័ត៌មានថ្មីៗថា ការអនុវត្តឲ្យសិស្សចេះអនាម័យដៃនេះ គឺខាងសាលាបានណែនាំជារៀងរាល់ថ្ងៃមកហើយ គ្រាន់តែសិស្សគ្រប់រូបមិនទាន់អនុវត្តឲ្យបានខ្ជាប់ខ្ជួននៅឡើយ។ ប៉ុន្តែបន្ទាប់ពីមានសារណែនាំដោយក្រសួងសុខាភិបាល ពីការទប់ស្កាត់វីរុសកូរ៉ូណាមក ខាងសាលាបានយកចិត្តទុកដាក់លើការណែនាំសិស្សឲ្យចេះលាងដៃ និងពាក់ម៉ាស់។
បើតាមអ្នកគ្រូ ទ្រី រ៉ិច វិទ្យាល័យព្រះស៊ីសុវត្ថិ បានរៀបចំកន្លែងសម្រាប់លាងសំអាតដៃជាច្រើនកន្លែងដែលមាននៅចំហៀងអាគារថ្នាក់រៀននីមួយៗ ដើម្បីទុកឲ្យសិស្សសំអាតដៃមុនពេលកាន់ចំណីផ្សេងៗ។ អ្នកគ្រូ ទ្រី រ៉ិច បានបញ្ជាក់ថា វិទ្យាល័យក៏មានជាបន្ទប់សង្គ្រោះបន្ទាន់ ដែលមានគ្រូពេទ្យនៅយាមជាប្រចាំ សម្រាប់ព្យាបាលសិស្សណាដែលមានជំងឺផ្សេងៗ។
នាយិការូបនេះ បញ្ជាក់ទៀតថា ដើម្បីជៀសវាង និងទប់ស្កាត់ជំងឺឆ្លងផ្សេងៗ សាលាបានប្រាប់ដល់លោកគ្រូ-អ្នកគ្រូទទួលបន្ទុកតាមថ្នាក់នីមួយៗ បន្តពង្រឹងការណែនាំដល់សិស្សានុសិស្សឲ្យចេះសំអាតដៃ និងពាក់ម៉ាស់ជាប្រចាំទាំងនៅក្នុងសាលារៀន និងនៅទីសាធារណៈ ព្រមទាំងបានណែនាំដល់អាណាព្យាបាលសិស្ស ឲ្យយកចិត្តទុកដាក់មើលថែកូនឲ្យបានល្អ។
គិតត្រឹមថ្ងៃទី២៧ ខែមករា កូរ៉ូណាវីរុសនេះ បានឆ្លងលើមនុស្សប្រមាណ២៨០០នាក់ ហើយអ្នកស្លាប់កើនដល់៨០នាក់នៅប្រទេសចិន។ ក្រៅពីចិន ប្រទេស និងតំបន់ផ្សេងទៀត ដែលមានករណីរាលដាល រួមមាន ថៃ ហុងកុង ម៉ាកាវ តៃវ៉ាន់ សិង្ហបុរី ម៉ាឡេស៊ី អាមេរិក ជប៉ុន វៀតណាម កូរ៉េខាងត្បូង អូស្ត្រាលី បារាំង ណេប៉ាល់ និង កាណាដា ជាដើម តែពុំមានអ្នកស្លាប់ឡើយ៕
រូបភាពពីវិទ្យាល័យព្រះស៊ីសុវត្ថិ សកម្មភាពសិស្សសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិកំពុងលាងដៃជាមួយនឹងទឹកអាកុល នាព្រឹកថ្ងៃទី២៧ ខែមករា
Tag:
វិទ្យាល័យព្រះស៊ីសុវត្ថិ
សិស្ស
អប់រំ
សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com