ជាតិ
សេដ្ឋកិច្ច
ក្រសួង​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក ខណៈ​ភ្ញៀវ​អន្តរជាតិ​ប្រឈម​ថមថយ​ដោយ​មេរោគ​កូ​រ៉ូ​ណា​
27, Jan 2020 , 6:01 pm        
រូបភាព
រូបពីក្រសួងទេសចរណ៍
រូបពីក្រសួងទេសចរណ៍
ដោយ:
​ភ្នំពេញ​៖ ការ​រាតត្បាត​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី ដែល​កើត​ពី​មេរោគ​កូ​រ៉ូ​ណា ត្រូវបាន​គេ​មើលឃើញថា​នឹង​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នៅលើ​ពិភពលោក ហើយ​រឹតតែ​ធ្ងន់ធ្ងរ​ទៅ​បើ​មេរោគ​នេះ​រាលដាល​កាន់តែ​ទូលំទូលាយ និង​រយៈពេល​យូរ​។ ផលប៉ះពាល់​វិស័យ​ទេសចរណ៍ ក៏​ព្រោះ​ការ​ថមថយ​ចលនា​ភ្ញៀវ​ទេសចរណ៍​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ ពិសេស​គឺ​ភ្ញៀវ​ចិន​តែម្ដង ដែលជា​អ្នក​ចេញទៅ​ក្រៅប្រទេស​ច្រើន​បំផុល​លើ​ពិភពលោក តែ​សព្វថ្ងៃនេះ​កំពុង​កើតមាន​ជំងឺ​ថ្មី​នេះ​ខ្លាំងជាងគេ​។​


 
​ចំពោះ​វិស័យ​ទេសចរណ៍​កម្ពុជា ក្រសួង​ទេសណ៍​ក៏​កំពុង​ខ្វាយខ្វល់​រឿងនេះ​ផងដែរ​។ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ត្រូវបាន​ស្រង់​សំដី​នៅលើ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង នៅ​ថ្ងៃទី​២៧​ខែមករា​នេះ​ថា ចំនួន​ភ្ញៀវទេសចរ​ថយចុះ​ជាង​ប៉ុន្មាន​ថ្ងៃមុន​ដែល​មិនទាន់​ផ្ទុះ​ជំងឺ​នេះ​នៅ​ប្រទេស​ចិន​។ ក្រសួងទេសចរណ៍​បាន​អះអាង​ដូច្នេះ​ថា​៖«​ប្រសិនបើ​ជំងឺ​នៅតែ​រីក​រាលដាល ភ្ញៀវទេសចរ​អន្តរជាតិ​នឹង​កាត់បន្ថយ​ការចេញ​ទស្សនា​ក្រៅប្រទេស​របស់ខ្លួន​»​។​
 
​រដ្ឋមន្ត្រី​ទេសចរណ៍​រូបនេះ បាន​បញ្ជា​ឱ្យ​អង្គភាព​ក្រោម​ឱវាទ​កោះប្រជុំ​គ្រប់ផ្នែក​ពាក់ព័ន្ធ រួមទាំង​ផ្នែក​ឯកជន​ជាបន្ទាន់ ដើម្បី​បន្ត​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក និង​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្នែក​អាជីវកម្ម និង​ឧស្សាហកម្ម​ទេសចរណ៍ ដូចដែល​កម្ពុជា​ធ្លាប់​ជួបប្រទះ​នៅពេល​មានការ​ផ្ទុះឡើង​នូវ​ជំងឺ SARS ក្នុង​ពិភពលោក​កាលពី​ឆ្នាំ​២០០៣​។ លោក ថោង ខុន អះអាងថា ការជំរុញ​ចលនា​ទេសចរណ៍​ក្នុងប្រទេស​នេះ គឺជា​វិធានការ​មួយ​ដ៏​សំខាន់​ដែល​អង្គការ​ទេសចរណ៍​ពិភពលោក​ទទួលស្គាល់ ក្នុងពេលដែល​វិស័យ​ទេសចរណ៍​ត្រូវ​ទទួលរង​នូវ​ផល​ប៉​ពាល់​ពី​ជំងឺឆ្លង ឬ​វិបត្តិ​សេដ្ឋកិច្ច​សកល​។​
 
​អ្នកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​(CATA) ក៏​បង្ហាញ​ក្ដីបារម្ភ​ចំពោះ​បញ្ហា​នៃ​ជំ​ងឹ​ឆ្លង នៅ​ចំពោះមុខ​នេះដែរ​។ អ្នកស្រី​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​យើង​កំពុងមាន​ក្ដីបារម្ភ​ពីថ្ងៃ​នេះ ទៅ​ពេលខាងមុខ​ទៀត ថា​តើ​មេរោគ​ហ្នឹង នឹង​ទៅជា​យ៉ាងម៉េច​ទៀត​»​។ អ្នកស្រី​ឲ្យ​ដូច្នេះ​ផងដែរ​ថា​៖«​មាន​រង​(​ប៉ះពាល់​)​ជា​បណ្ដើរៗ​ហើយ​តាម​សណ្ឋាគារ គឺមាន​ការលុបចោល​ខ្លះៗ ហើយ​ជាពិសេស​ភ្ញៀវ​ក្នុងស្រុក​របស់​យើង ពេលដែល​គាត់​កក់​ហើយ​ពេលទៅដល់​ឃើញ​ភ្ញៀវ​ចិន​ច្រើនពេក គាត់​លុបចោល​ភ្លាមៗ​តែម្ដង ដើម្បី​ទៅរក​សណ្ឋាគារ​ណា​ដែល​រៀង​ដាច់​ឆ្ងាយ​ពី​គេ អត់​សូវ​មាន​ភ្ញៀវ​ចិន​»​។ ជាមួយគ្នានេះ អ្នកស្រី​គាំទ្រ​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ទេសចរណ៍ ក្នុងការ​ជំរុញ​ចលនា​ដើរ​កម្សាន្ត​របស់​ពលរ​ដ្ឋ​ក្នុងស្រុក​៕

Tag:
 កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com