អន្តរជាតិ
ស្ត្រី​ម្នាក់​ស្លាប់​ពេល​ប្រកួត​បរិភោគ​នំ «Lamington» នៅ​អូស្ត្រាលី​
28, Jan 2020 , 9:29 am        
រូបភាព
ដោយ: ធីតា
​ស្ត្រី​ដែល​បេ​ក្ខ​នារី​ម្នាក់ បាន​ស្លាប់​ក្នុងការ​ប្រកួត​បរិភោគ​នំ​ប៊ី​ស្គី​ន «Lamington» នា​ទិវា Australia Day កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែមករា​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ BBC​។​

 
​ស្ត្រី​វ័យ​៦០​ឆ្នាំ​រូបនោះ បាន​ប្រកួតប្រជែង​ក្នុង​កម្មវិធី Lamington-Eating Contest ដែល​តម្រូវ​ឲ្យ​បេក្ខជន​បរិភោគ​នំ​ប៊ី​ស្គី​ន​អូស្ត្រាលី​នេះ ឲ្យ​បាន​ច្រើន​បំផុត​។ ពិធី​ត្រូវ​បានរៀបចំ​នៅ​សណ្ឋាគារ​មួយ​ក្នុង​រដ្ឋ Queensland​។ 
 
Lamington ជា​នំ​ប៊ី​ស្គី​ន​បែប​ប្រពៃណី​របស់​អូស្ត្រាលី ដែលមាន​រសជាតិ​ផ្អែម លាយ​ដោយ​សូកូឡា ដូង ស៊ុត និង​គ្រឿងផ្សំ​ផ្សេងទៀត​។ អ្នកគាំទ្រ​បេក្ខជន​ម្នាក់​នាំគ្នា​ទះដៃ​អបអរសាទរ និង​ឲ្យ​ទឹក​ផឹក​នំ​ពេល​បេក្ខជន​ញ៉ាំ​នំ​។​
 
​សាក្សី​បាន​អះអាង ស្ត្រី​រងគ្រោះ បាន​បង្ខំ​លេប​នំ​ជាច្រើន​ចូល​មាត់ រហូតដល់​ពិបាក​ទំពារ​ចូល​។ ក្រោយមក​ស្រាប់​តែមាន​អា​ការៈមិន​ស្រួល ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ក្រោយមក ត្រូវបាន​ប្រកាសថា គាត់​ទទួលមរណភាព​ទៅហើយ​។ ស្ត្រី​រូបនោះ មិន​ត្រូវបាន​បង្ហើប​អត្តសញ្ញាណ​នោះទេ​។ 
 
​ការប្រកួតប្រជែង​បរិភោគ មាន​ប្រជាប្រិយភាព​ខ្លាំងណាស់​នៅ​អូស្ត្រាលី ជាពិសេស​ក្នុង​ទិវា Australia Day ដូចជា​ការ​ញ៉ាំ​នំ​ខេ​ក ហ​ត​ដក និង​ចំណី​ផ្សេងទៀត​៕

© រក្សាសិទ្ធិដោយ thmeythmey.com