ជាតិ
អ្នកនាំពាក្យ​សុខាភិបាល លើក​ពី​មូលហេតុ ដែល​នាំ​ឲ្យ​សិស្ស​និង​កម្មករ ដួលសន្លប់​
28, Jan 2020 , 7:59 am        
រូបភាព
សិស្សនៃវិទ្យាល័យហ៊ុនសែនកែវសីមា សម្រាកនៅមន្ទីរពេទ្យ ក្រោយដួលសន្លប់។ (រូបពីស្នងការដ្ឋាននគលបាលខេត្តមណ្ឌគិរី)
សិស្សនៃវិទ្យាល័យហ៊ុនសែនកែវសីមា សម្រាកនៅមន្ទីរពេទ្យ ក្រោយដួលសន្លប់។ (រូបពីស្នងការដ្ឋាននគលបាលខេត្តមណ្ឌគិរី)
​ភ្នំពេញ​៖ នៅ​ដើមឆ្នាំ​២០២០​នេះ មាន​សិស្ស​និង​កម្មករ​រោងចក្រ សន្លប់​ជា​បន្តបន្ទាប់​នៅតាម​បណ្ដាល​ខេត្ត​មួយចំនួន ដូចជា ត្បូងឃ្មុំ តាកែវ សៀមរាប ស្វាយរៀង បន្ទាយមានជ័យ និង​មណ្ឌលគិរី ជាដើម​។


 
​តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តា​ទូរស័ព្ទ នៅ​ថ្ងៃទី​២៧ មករា ឆ្នាំ​២០២០ លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លើក​ពី​មូលហេតុ​ខ្លះ​ថា ការដែល​សិស្ស​និង​កម្មករ​រោងចក្រ ដួលសន្លប់​ជា​បន្ត គឺអាច​បណ្ដាលមកពី​បញ្ហា​សុខភាព​របស់​ពួកគាត់​ខ្សោយ ការផឹក​ភេ​ជ្ជៈ​ប៉ូវ​កម្លាំង​ឬ​ជាតិ​ផ្អែម​លើស​កម្រិត បរិយាកាស​ខ្វះ​អុកស៊ីសែន រួមទាំង​បញ្ហា​សុខភាព​ផ្លូវចិត្ត​ផងដែរ​។ 
 
​លោក បញ្ជាក់ថា​៖«​ការ​សន្លប់​នៅតាម​សាលា គឺ​ភាគច្រើន​ដោយសារ​សិស្ស​ផឹក​ភេ​ជ្ជៈ​ប៉ូវ​កម្លាំង​លើស​កម្រិត ហើយ​អាកាសធាតុ​ក្តៅ​ខ្លាំង ទើប​បណ្ដាល​ឲ្យ​សិស្ស​ខ្លះ​សន្លប់​។ ហើយ​នៅតាម​សាលា​និង​កន្លែង​រោងចក្រ​ខ្លះ គឺ​សុខភាព​ខ្សោយ បូករួម​នឹង​បរិយាកាស​នៅ​សាលា​ហប់​និង​កន្លែងធ្វើការ មិនសូវមាន​អ៊ុក​ស៊ី​សែន ទើប​បណ្ដាល​ឲ្យ​សន្លប់​»​។ លោក បាន​បន្ថែមថា បញ្ហា​សុខភាព​ផ្លូវចិត្ត​ភិតភ័យ ក៏​ជា​មូលហេតុ​នាំ​ឲ្យ​ពួកគាត់​សន្លប់​ផងដែរ​។  
 
​ទន្ទឹមនឹងនេះ លោក​វេជ្ជបណ្ឌិត អំពាវនាវ​ឲ្យ​លោកគ្រូ​-​អ្នកគ្រូ​តាម​សាលា ត្រូវតែ​ណែនាំ​ដល់​សិស្ស​ពី​ការផឹក​ភេ​ជ្ជៈ​ប៉ូវ​កម្លាំង​និង​ជាតិ​ផ្អែម និង​រៀបចំ​បរិយាកាស​ឲ្យ​មាន​ខ្យល់​ចេញចូល​បានល្អ​។ ករណី​សង្កេតឃើញ​មាន​នរណាម្នាក់ មាន​បញ្ហា​សុខភាព​ខ្សោយ ត្រូវ​នាំទៅ​កាន់​មន្ទីរពេទ្យ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​មានការ​ភិតភ័យ​ដល់​អ្នក​ជំវិញ​។ 
 
​នៅ​ថ្ងៃទី​២៧ ខែមករា​នេះ មាន​ករណី​សិស្សសាលា​សន្លប់​១៤​នាក់ នៅ​វិទ្យាល័យ​ហ៊ុនសែន​កែវ​សីមា ខេត្តមណ្ឌលគិរី ដោយ​បញ្ហា​បរិយាកាស​ហប់ និង​សុខភាព​សិស្ស​ខ្សោយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អធិការរង​ស្រុក​កែវ​សីមា​លោក វ៉ាន ដា​នី​ន​។ ហើយ​កាលពី​ថ្ងៃទី​២៣ ខែមករា មាន​សិស្ស​១០​សន្លប់​។ 
 
​ចំណែក​នៅ​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៥ ខែមករា សិស្ស​វិទ្យាល័យ​បន្ទាយឆ្មារ​៣៥​នាក់ បាន​ដួលសន្លប់​។ ក្រៅពីនេះ មាន​សិស្សសាលា​នៅ​សៀម​រាបបាន​ដួលសន្លប់​ជាង​៥០​នាក់ ខេត្ត​ត្បូងឃ្មុំ​ជាង​៥០​នាក់ ស្វាយរៀង​ជាង​១០​នាក់ និង​កម្មករ​រោងចក្រ​នៅ​ខេត្តតាកែវ​បាន​សន្លប់​ជាង​៤០​នាក់​៕ 

Tag:
 សន្លប់​
© រក្សាសិទ្ធិដោយ thmeythmey.com